ភ្នំពេញៈ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយនៅប្រទេសកម្ពុជា ទទួលបានកម្ចីចំនួន ១៥០ លានដុល្លារពីធនាគារ ខេប៊ី គូកមីន (Kookmin Bank) ដែលជាម្ចាស់ភាគទុនិកថ្មីរបស់ខ្លួន ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ និងពង្រីកការផ្ដល់កម្ចី ទោះបីជាប្រទេសនេះកំពុងប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ។
យោងតាមសេចក្ដីប្រកាសព័ត៌មានដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីថ្ងៃព្រហស្បតិ៍ឲ្យដឹងថា កម្ចីបានពីធនាគារ ខេប៊ី គូកមីន ត្រូវចែកជា ២ គឺអនុបំណុលក្នុងទឹកប្រាក់ ៥០ លានដុល្លារសម្រាប់រយៈពេល ៧ ឆ្នាំ និងកិច្ចសន្យាផ្តល់ទុនក្នុងទឹកប្រាក់ ១០០ លានដុល្លារសម្រាប់រយៈពេល ៣ ឆ្នាំ។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិប្រាសាក់បានបញ្ជាក់ថា ការផ្ដល់ហិរញ្ញប្បទាននេះនឹងជួយឲ្យប្រាសាក់ពង្រឹងមូលធនកម្មឲ្យកាន់តែរឹងមាំ និងបង្កើនសន្ទនីយភាពដើម្បីបំពេញតាមតម្រូវការអាជីវកម្មរបស់ប្រាសាក់ ក៏ដូចជាការផ្ដល់លទ្ធភាពច្រើនបន្ថែមទៀតដល់ប្រាសាក់លើការពង្រីកការផ្ដល់កម្ចីដល់អាជីវកម្មធុនតូចបំផុត តូច និងមធ្យមដែលភាគច្រើនមានម្ចាស់ជាស្ដ្រី ដើម្បីរក្សានិរន្តរភាពប្រតិបត្តិការអាជីវកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់។
លោកបានថ្លែងថា៖ «ទោះបីស្ថិតក្នុងពេលវេលានៃភាពមិនច្បាស់លាស់នេះក៏ដោយ ប្រាសាក់នៅតែអាចទទួលបានការជឿជាក់ពីធនាគារ ខេប៊ី គូកមីន តាមរយៈការផ្ដល់ឥណទាននេះ។ នេះជាការបង្ហាញពីទំនុកចិត្តដ៏រឹងមាំមិនរង្គោះរង្គើមកលើប្រាសាក់ និងមកលើវិស័យហិរញ្ញវត្ថុទាំងមូលរបស់កម្ពុជា ព្រមទាំងទស្សនវិស័យវែងឆ្ងាយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់កម្ពុជា»។
លោក Chang-Su Choi នាយកនៃសម្ព័ន្ធក្រុមហ៊ុនធុរកិច្ចសកលនៃធនាគារ ខេប៊ី គូកមីន បានថ្លែងថា កម្ចីនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ធនាគារលោក ដើម្បីជំរុញដល់សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSME) សម្រាប់ការរួមចំណែកដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីការរីករាលដាលជំងឺកូវីដ១៩។
លោកលើកឡើងថា៖ «យើងរីករាយក្នុងការផ្ដល់ឥណទាន ដើម្បីឲ្យប្រាសាក់អាចផ្ដល់ឥណទាននេះបន្តដល់សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ សកម្មភាពនេះនឹងចូលរួមចំណែកស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតការងារក្នុងស្ថានភាពប្រឈមដែលមិនធ្លាប់ជួបប្រទះពីមុន»។
កាលពីពាក់កណ្ដាលខែមេសា KB Kookmin Bank(KB) ដែលមានការិយាល័យកណ្ដាលនៅទីក្រុងសេអ៊ូលបានចំណាយប្រាក់ ៦០៣,៤ លានដុល្លារសម្រាប់ភាគហ៊ុន ៧០ ភាគរយនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ ធនាគារនេះគ្រោងនឹងទិញភាគហ៊ុននៅសល់ ៣០ ភាគរយក្នុងប្រាសាក់រយៈពេល ២ ឆ្នាំបន្ទាប់ពីប្រតិបត្តិការ និងបញ្ចប់ការទិញភាគហ៊ុន។
ត្រឹមចុងខែមិថុនា ឆ្នាំ ២០២០ ប្រតិបត្តិការដ៏រឹងមាំរបស់ប្រាសាក់ត្រូវបានបង្ហាញតាមរយៈកំណើនឥណទានដុលដែលបានកើនឡើងដល់ ២ ៦៥៩ លានដុល្លារ និងសមតុល្យប្រាក់បញ្ញើពីអតិថិជនចំនួន ១៩២៨ លានដុល្លារ។ ទ្រព្យសកម្មសរុបរបស់ប្រាសាក់បានកើនឡើងច្រើនជាង ៣ ៣៩០ លានដុល្លារ៕LA