ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា (NBC) សម្រាប់ការលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួនទៅឲ្យធនាគារ KB Kookmin Bank របស់កូរ៉េខាងត្បូងកាលពីចុងខែមករា ដែលបើកផ្លូវឲ្យប្រាសាក់ផ្ដល់ផលិតផល និងសេវាទំនើបៗកាន់តែច្រើនដល់អតិថិជន។
កាលពីចុងខែធ្នូ ធនាគារ KB បានប្រកាសថា ខ្លួនបានសម្រេចចិត្តទិញភាគហ៊ុន ៧០ ភាគរយរបស់ប្រាសាក់។ ធនាគារនេះចំណាយប្រាក់ប្រហែល ៦០៣,៤ លានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ប្រាសាក់ពីក្រុមហ៊ុន LOLC Holdings មានមូលដ្ឋាននៅប្រទេសស្រីលង្កាដែលគ្រប់គ្រងភាគហ៊ុន ៧០ ភាគរយនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាមួយនេះ។
យោងតាមលោក ស៊ីម សេនាជាតិ ប្រធានអគ្គនាយករបស់ប្រាសាក់បានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ ថាគ្រឹះស្ថានរបស់លោកទទួលបានការអនុម័តពី NBC នៅថ្ងៃទី ២៩ ខែមករាសម្រាប់ការទិញភាគហ៊ុនដោយធនាគារ KB ដែលនឹងផ្ដល់ទំព័រថ្មីសម្រាប់គ្រឹះស្ថាននេះក្នុងការអភិវឌ្ឍផលិតផល និងបច្ចេកវិទ្យាកាន់តែច្រើន។
លោកថ្លែងថា៖ «យើងបានទទួលការយល់ព្រមរួចហើយពីធនាគារនៃកម្ពុជាសម្រាប់ការវិនិយោគរបស់ធនាគារ KB នៅក្នុងប្រាសាក់ចាប់តាំងពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០។ ប៉ុន្តែការជួញដូរនេះមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែធនាគារ KB នៅតែកំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរកូរ៉េនៅឡើយ ហើយយើងរំពឹងថា ធនាគារ KB នឹងទទួលបានការយល់ព្រមក្នុងពេលឆាប់ៗនេះ»។
លោកបានឲ្យដឹងថា ការវិនិយោគរបស់ធនាគារ KB លើប្រាសាក់បង្ហាញសញ្ញាវិជ្ជមានមួយ និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជា និងប្រាសាក់។ លោកបន្តថា៖ «រហូតមកដល់ពេលនេះ យើងមិនបានពិភាក្សាអំពីផែនការបន្ថែមលម្អិតនៅឡើយទេ។ យើងនឹងពិភាក្សាផែនការអនាគតក្នុងពេលឆាប់ៗ បន្ទាប់ពីយើងទទួលបានការយល់ព្រមពីអាជ្ញាធរទាំងអស់»។
លោកបន្តថា ប្រាសាក់រំពឹងថា ធនាគារ KB នឹងនាំយកផលិតផលទំនើបកាន់តែច្រើន បច្ចេកវិទ្យាទំនើបនាំយកមូលនិធិកាន់តែច្រើនជាមួយតម្លៃអត្រាការប្រាក់ទាប មូលធនកាន់តែច្រើន និងបទពិសោធធនាគាររបស់ពួកគេដល់ប្រាសាក់។
យោងតាមប្រព័ន្ធព័ត៌មានរបស់ប្រទេសកូរ៉េ ធនាគារ KB Kookmin នឹងបញ្ចប់កិច្ចព្រមព្រៀមក្នុងពេល ៣ ខែ បន្ទាប់ពីការត្រួតពិនិត្យឲ្យបានល្អិតល្អន់ (due diligence) និងការយល់ព្រមពីអាជ្ញាធរហិរញ្ញវត្ថុនៅក្នុងប្រទេសកូរ៉េ និងកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងអាចឲ្យធនាគារ KB Kookmin ពង្រឹងបណ្ដាញអតិថិជនធនាគាររបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។
ធនាគារ KB Kookmin បានឲ្យដឹងថា ខ្លួនមានផែនការទិញភាគហ៊ុនដែលនៅសល់ ៣០ ភាគរយនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះយ៉ាងហោចណាស់រយៈពេល ២ ឆ្នាំបន្ទាប់ពីប្រតិបត្តិការនេះ។
គិតត្រឹមខែធ្នូ ឆ្នាំ ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានទ្រព្យសកម្មសរុបចំនួន ៣,១១ ពាន់លានដុល្លារ កម្ចីមានចំនួន ២,៥១ ពាន់លានដុល្លារ ខណៈពេលដែលប្រាក់បញ្ញើសរុបបានកើនឡើងដល់ចំនួន ១,៧៨ ពាន់លានដុល្លារ។ ត្រឹមដំណាច់ឆ្នាំ ២០១៩ ប្រាសាក់បានដំឡើងម៉ាស៊ីនអេធីអឹមចំនួន ១៣៥ គ្រឿង ម៉ាស៊ីនឆូតកាត ៥០៩ កន្លែង និងមានអ្នកប្រើប្រាស់សេវាធនាគារ ចល័តចំនួន ១៦ ១១៨ នាក់៕ LA