ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា អណ្តូងប្រេង​អប្សរា​នៅ​ប្លុក A ក្នុង​បាសាំង​ខ្មែរ វិនិយោគ​ដោយ​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន KrisEnergy Ltd របស់​សិង្ហបុរី​បូម​ប្រេងឆៅ​បាន​ជាង ៤ ​ម៉ឺន​បារ៉ែល​ហើយ​មកដល់​ពេល​នេះ​ (​ថ្ងៃ​ចន្ទ​)​។

លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​កម្មវិធី​សម្ពោធ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន និង​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់ខែង​កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ ថា អណ្តូងប្រេង​ទី​១ នៅក្នុង​តំបន់​ប្រេង​អប្សរា​បូម​ប្រេងឆៅ​បាន​ចំនួន ៤០ ៧៨៨ បារ៉ែល​ គិត​ចាប់ពី​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃ​ទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២០​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​បញ្ជាក់ជូន​ជនរួមជាតិ​របស់​យើង​ថា អណ្តូង​ទី​១ របស់​យើង​បាន​ដំណើរការ​រយៈពេល ៣៣ ថ្ងៃ​មកហើយ ​ដែល​ផលិត​បាន​ ១ ២៣៦ ​បារ៉ែល ​ក្នុង​ ១ ​ថ្ងៃ​។ ក្នុង​រយៈពេល ៣៣​ ថ្ងៃ​ បាន ៤០ ៧៨៨ ​បារ៉ែល​»​។

លោក ហ៊ុន សែន បាន​បន្ថែមទៀតថា អណ្តូងប្រេង​ទី​២ ទើបបាន​ដាក់ឱ្យ​ដំណើរការ​ខួង​កាលពី​ថ្ងៃទី​ ៣០ ខែ មករា ឆ្នាំ ២០២១ ដើម្បី​ញែក​រវាង​ប្រេង និង​ល្បាប់​ភក់​។ លោក​ប្រាប់ថា​៖ «​យើង​នឹង​បន្តដំណើរ​ការ​បូម​ប្រេង​អណ្តូង​ជា​បន្តបន្ទាប់​ទៀត​នៅ​ឆ្នាំ​ ២០២១​ នេះ​»​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា ក្រុមហ៊ុន KrisEnergy កំពុង​ដំណើរការ​ខួង​អណ្តូងប្រេង ៤ ​ទៀត​នៅក្នុង​ចំណោម​អណ្ដូងប្រេង​ ៥ ក្នុង​អណ្តូងប្រេង A-01D នៃ​ផ្លាតហ្វ៉ម​។ ប្រសិនបើ​អណ្តូង​ទាំង ៥ ​នេះ​ដាក់ឱ្យ​ដំណើរការ ក្រុមហ៊ុន​អាច​ផលិត​ប្រេង​បាន ៧ ៥០០ ​បារ៉ែល ក្នុង​ ១ ​ថ្ងៃ​។

លោក​ថ្លែងថា​៖ «​តាម​ផែនការ​របស់​ក្រុមហ៊ុន​នឹង​អាច​ដាក់ឱ្យ​ដំណើរការ​អណ្តូង​ថែម​ ១ ​ទៀត​នៅ​ចុងខែ​កុម្ភៈ​នៃ​ផ្លាតហ្វ៉ម​នេះ ហើយ​ក្រុមហ៊ុន​នឹង​ដំណើរការ​ជា​បន្តបន្ទាប់​ទៀត​»​។

លោកនាយក​រដ្ឋមន្ត្រី​ឱ្យ​ដឹង​ទៀត​ថា តាម​ការព្យាករ​របស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ពី​ឧស្សាហកម្ម​ប្រេង​ប្រមាណ ៣០ ​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំ ប្រសិនបើ​តម្លៃ​ប្រេង​អន្តរជាតិ​ស្ថិតក្នុង​តម្លៃ ៥៥ ​ដុល្លារ​ ក្នុង​ ១ ​បារ៉ែល​ដូច​សព្វថ្ងៃនេះ​។

លោក​បន្ថែមទៀត​ថា​៖ «​តាម​ការប៉ាន់ប្រមាណ​យើង​នឹង​ទទួល​បាន​ប្រមាណ​ចន្លោះ​ពី ៧ ០០០ ​ទៅ ៧ ៥០០ ​បារ៉ែល​ ក្នុង​ ១ ​ថ្ងៃ គឺជា​ទំហំ​តូច​ណាស់ ដែល​វា​មិនទាន់​ជះឥទ្ធិពល​ទៅលើ​ផ្នែក​សេដ្ឋកិច្ច​យើង​បានទេ ប៉ុន្តែ​វា​ជា​ការចាប់ផ្តើម​ដ៏ល្អ​នៃ​ដំណើរការ​ក្នុង​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​អះអាងថា កម្ពុជា​កំពុង​ជំរុញ​ចរចា​ជាមួយ​ភាគី​ថៃ​ពី​គម្រោង​អភិវឌ្ឍន៍​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​អះអាង​ត្រួតស៊ី​គ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ​ជាប់​ព្រំដែន​ទឹក​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវខិតខំ​ធ្វើការ​ចរចា​ជាមួយ​ថៃ យើង​នឹង​ជំរុញ​ការចរចា​ជាមួយ​ថៃ​ដើម្បី​ឈានដល់​ទៅ​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ត្រួតស៊ីគ្នា​នេះ​»​។

សិទ្ធិ​អភិវឌ្ឍន៍​នៅលើ​តំបន់​អះអាង​ត្រួតស៊ីគ្នា​មាន​ទំហំ ២៦ ០០០ ​គីឡូម៉ែត្រការ៉េ​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ ក្នុង​ឈូង​សមុទ្រ​ថៃ​ដែល​ភាគី​ទាំង ២ បានទាមទារ​រៀងៗ​ខ្លួន​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​។

តំបន់​អះអាង​ត្រួតស៊ីគ្នា​នេះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ប្រេង និង​ឧស្ម័ន ៥០០ ​លាន​បារ៉ែល ​នៅក្រោម​បាតសមុទ្រ​៕ LA

វីដេអូ៖