ក្រុងញូវយ៉កៈ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃសុក្រចុងសប្តាហ៍មុន ដោយសារការរំពឹងថា អង្គការប្រទេសនាំចេញប្រេង (OPEC) នឹងមិនចាត់វិធានការជំរុញតម្លៃប្រេងដោយតក់ក្រហល់ឡើយ ខណៈដែលទីផ្សារភាគហ៊ុនពិភពលោកធ្លាក់ថ្លៃដោយសារក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម។
តម្លៃប្រេងក្នុងកិច្ចសន្យាអនាគតសម្រាប់ប្រេងប្រភេទ West Texas Intermediate របស់អាមេរិក និងប្រេងឆៅប្រភេទ Brent North Sea របស់អឺរ៉ុបបានធ្លាក់ថ្លៃមុនកិច្ចប្រជុំរបស់ អង្គការ OPEC នៅថ្ងៃទី ៥ ខែធ្នូ ក្នុងទីក្រុងវីយែន ជាទីដែលក្រុមអ្នកវិភាគរំពឹងថា អង្គការនេះនឹងរក្សាកិច្ចព្រមព្រៀងផលិតកម្មប្រេងក្នុងកម្រិតបច្ចុប្បន្ន ប៉ុន្តែមិនកាត់បន្ថយផលិតកម្មបន្ថែមឡើយ។
ប្រេងឆៅប្រភេទ Brent North Sea បានធ្លាក់ថ្លៃ ២,៣ ភាគរយ មកនៅត្រឹម ៦២,៤៣ ដុល្លារក្នុង ១ បារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate ធ្លាក់ចុះ ៥,១ ភាគរយ មកនៅត្រឹម ៥៥,១៧ ដុល្លារក្នុង ១ បារ៉ែល។
លោក Andy Lipow មកពីក្រុមហ៊ុន Lipow Oil Associates បានថ្លែងថា៖ «ទីផ្សារអាចទទួលរងការខកចិត្តថា អង្គការ OPEC នឹងមិនកាត់បន្ថយផលិតកម្មប្រេងឆៅបន្ថែមទេ»។
លោកបន្ថែមថាអង្គការ OPEC ស្ថិត «ក្នុងតួនាទីលំបាកមួយ» ដោយសារតម្រូវការទាប និងទិន្នផលកើនឡើងកាន់តែខ្ពស់នៅសហរដ្ឋអាមេរិក និងក្នុងតំបន់ផ្សេងទៀត។
ទីផ្សារភាគហ៊ុនបានបញ្ចប់ជាមួយនឹងការធ្លាក់ថ្លៃ។ ផ្សារហ៊ុនអាមេរិកបានធ្លាក់ចុះពីកម្រិតតម្លៃខ្ពស់ក្នុងវគ្គជួញដូរ ខ្លីមួយក្នុងពេលវិស្សមកាល ដោយមានទំហំជួញដូរទាប។
ក្រុមអ្នកវិភាគបានឲ្យដឹងថា ភាគហ៊ុននានាបានធ្លាក់ថ្លៃដោយសារជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកកើនឡើង ខណៈដែលទីក្រុងប៉េកាំងបានគំរាមសងសឹកវិញ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ស្តីពីទីក្រុងហុងកុងដែលគាំទ្រដល់ក្រុមបាតុករគាំទ្រប្រជាធិបតេយ្យក្នុងទីក្រុងនេះ។
លោក Patrick O''Hare អ្នកវិភាគប្រចាំគេហទំព័រ Briefing.com បានថ្លែងថា ទីផ្សារមានអារម្មណ៍ភ័យខ្លាចបន្តិចចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិក។ ទំហំជួញដូរភាគហ៊ុនទាបបានធ្វើឲ្យធ្លាក់ថ្លៃកាន់តែខ្លាំង។
ប្រាក់អឺរ៉ូឡើងថ្លៃធៀបនឹងប្រាក់ដុល្លារដោយជួញដូរក្នុងតម្លៃ ១,១០១៧ ដុល្លារ ក្នុង ១ អឺរ៉ូពីតម្លៃ ១,១០០៩ ដុល្លារ ខណៈប្រាក់ផោនរបស់អង់គ្លេសកើនឡើងដល់ ១,២-៩៣៣ ដុល្លារក្នុង ១ ផោនពី ១,២៩១២ ដុល្លារ។
ធៀបនឹងប្រាក់ផោនអង់គ្លេស ប្រាក់អឺរ៉ូធ្លាក់ថ្លៃពី ៨-៥,២៧ ភែនក្នុង ១ អឺរ៉ូមកត្រឹម ៨៥,១៨ ភែន ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃមកត្រឹម ១០៩,៤៧ យ៉េនក្នុង ១ ដុល្លារពី ១០៩,៥១ យ៉េន៕ KC