ក្រុងញូវយ៉កៈ តម្លៃប្រេងឆៅពិភពលោកបានឡើងថ្លៃកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ដែលបង្កឲ្យមានភ័យខ្លាចថានឹងកើតមានជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលសម្បូរប្រេងឆៅ ដោយទីក្រុងតេអេរ៉ង់បានព្រមានថានឹងសងសឹក “ខ្លាំងក្លា» វិញ។
ទីផ្សារភាគហ៊ុនពិភពលោកមានភាពចម្រុះ បន្ទាប់ពីអាមេរិកសម្លាប់មេព័រអ៊ីរ៉ង់លោក Qasem Soleimani ខណៈដែលប្រេងឆៅឡើងថ្លៃជាង ៣ ភាគរយ។
ប្រេងឆៅប្រភេទ West Texas Intermediate បានឡើងថ្លៃ ៣,១ ភាគរយដល់ ៦៣,០៥ ដុល្លារក្នុងមួយបារ៉ែលនៅពេលបិទទីផ្សារកាលពីថ្ងៃសុក្រ ខណៈដែលប្រេងឆៅប្រភេទ Brent បានកើនឡើង ៣,៥ ភាគរយដល់ ៦៨,៦ ដុល្លារក្នុង ១ បារ៉ែល។
ក្នុងទីក្រុងវ៉ាស៊ីនតោន មន្ត្រីនៅមន្ទីរបញ្ចកោណ ១ រូបបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយកងទ័ពបន្ថែមយ៉ាងហោចណាស់ ៣ ពាន់នាក់ទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈដែលមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺ Ayatollah Ali Khamenei បានសន្យាថានឹង “សងសឹកយ៉ាងខ្លាំងក្លា” ចំពោះការស្លាប់របស់មេទ័ពកំពូលរបស់ខ្លួន។
ការសម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់លោក Soleimani តំណាងឲ្យ «ការផ្ទុះឡើងខ្លាំងនូវហានិភ័យភូមិសាស្ត្រនយោបាយ និងអាចឈានទៅរកការប្រឈមមុខដាក់គ្នាផ្ទាល់រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់»។ នេះបើយោងតាមក្រុមហ៊ុន Oxford Economics ដែលបានឲ្យដឹងតាមរយៈការអត្ថាធិប្បាយមួយ។
លោក Cailin Birch សេដ្ឋវិទូថា្នក់ពិភពលោកប្រចាំអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ចបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «សារៈសំខាន់កើតមានឡើងកាន់តែតិចពីការបាត់បង់ដែលអាចកើតមាននៃការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់ ហើយកើតមានកាន់តែខ្លាំងពីហានិភ័យដែលថា ការណ៍នេះអាចបង្កឲ្យមានជម្លោះកាន់តែធំដែលទាញប្រទេសអ៊ីរ៉ាក់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសផ្សេងទៀតឲ្យចូលរួម»។
លោកបន្ថែមថា៖ «ក៏មានហានិភ័យខ្លាំងមួយផងដែរ ដែលអ៊ីរ៉ង់អាចចាប់ផ្តើមវាយប្រហារទៅលើកប៉ាល់អាមេរិកក្នុងតំបន់ដែលអាចរារាំងដល់លំហូរប្រេងឆៅដែលដឹកជញ្ជូនតាមសមុទ្រ និងបង្កឲ្យតម្លៃប្រេងកើនឡើងថែមទៀត»។
តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានកាលពីខែកញ្ញា បន្ទាប់ពីមានការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត ដែលបានកាត់បន្ថយទិន្នផលប្រេងពាក់កណ្តាលក្នុងរយៈពេលខ្លីនៅក្នុងប្រទេសនាំចេញប្រេងធំជាងគេក្នុងពិភពលោកមួយនេះ។
ទីផ្សារភាគហ៊ុនរបស់អឺរ៉ុបមានភាពចម្រុះ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុននៅតំបន់ហិរញ្ញវត្ថុ Wall Street នៅអាមេរិកបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ដោយសន្ទស្សន៍ហ៊ុន Dow បានធ្លាក់ចុះ ០,៨ ភាគរយមកនៅត្រឹម ២៨ ៦៣- ៤,៨៨ ពិន្ទុនៅពេលបិទការជួញដូរ។
សន្ទស្សន៍ហ៊ុន S&P 500 របស់ផ្សារហ៊ុនក្រុងញូវយ៉កបានធ្លាក់ចុះ ០,៧ ភាគរយមកនៅត្រឹម ៣ ២៣៤,៨៥ ពិន្ទុនៅពេលបិទការជួញដូរ ខណៈដែលសន្ទស្សន៍ Nasdaq បានធ្លាក់ចុះ ០,៨ ភាគរយមកនៅត្រឹម ៩ ០២០,៧៧ ពិន្ទុ។
សន្ទស្សន៍ហ៊ុន FTSE របស់ផ្សារហ៊ុនក្រុងឡុងដ៍កើនឡើង ០,២ ភាគរយមកនៅត្រឹម ៧ ៦២២,៤ ពិន្ទុ ខណៈពេលដែលសន្ទស្សន៍ហ៊ុន CAC 40 របស់ផ្សារហ៊ុនក្រុងប៉ារីសស្ថិតនៅថេរដែលមាន ៦ ០៤៤,១៦ ពិន្ទុ៕ KC