ក្រុងហុងកុងៈ តម្លៃប្រេងឆៅបានមើលឃើញការកើនឡើងខ្ពស់បំផុតកាលពីថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារលើរោងចក្រផលិតប្រេងឆៅ ២ កន្លែងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលកាត់បន្ថយទិន្នផលពាក់កណ្ដាលនៅក្នុងប្រទេសផលិតប្រេងឈានមុខគេរបស់ពិភពលោកមួយនេះ។
ការវាយប្រហារនេះបានជំរុញឲ្យមានការបារម្ភផ្នែកភូមិសាស្ដ្រនយោបាយនៅពេលថ្មីៗ ខណៈដែលលោក ដូណាល់ ត្រាំ បានស្ដីបន្ទោសប្រទេសអ៊ីរ៉ង់ក្នុងករណីវាយប្រហារទីតាំងផលិតប្រេងទាំង ២ នេះ និងបានបង្កើនលទ្ធភាពការវាយប្រហារផ្នែកយោធាលើប្រទេសនេះ។
តម្លៃប្រេងឆៅ Brent ក្នុងកិច្ចសន្យាអនាគតបានកើនឡើង ១២ ដុល្លារនៅ ២-៣ នាទីដំបូងនៃការជួញដូរក្នុងផ្សារហ៊ុនគិតជាប្រាក់ដុល្លារចាប់តាំងពីកិច្ចសន្យាអនាគតប្រេងឆៅប្រភេទ Brent នេះត្រូវបានដំណើរការកាលពីឆ្នាំ ១៩៨៨ មកដែលកើនឡើងជិត ២០ ភាគរយ ខណៈដែលតម្លៃប្រេងឆៅ WTI បានកើនឡើងជាង ៨ ដុល្លារ ឬ ១៥ ភាគរយមុនពេលធ្លាក់ចុះមកវិញនាពេលបន្ទាប់មក។
ការវាយប្រហារដែលបង្កឡើងដោយក្រុមឧទ្ទាមហូធីដែលគាំទ្រដោយទីក្រុងតេអេរ៉ង់នៅក្នុងប្រទេសជិតខាងយេម៉ែនបានធ្វើឡើងទៅលើទីតាំងទាំង ២ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Aramco ដែលជាក្រុមហ៊ុនឈានមុខគេរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ហើយការវាយប្រហារនេះបានបង្កឲ្យបាត់បង់ការផ្គត់ផ្គង់ ៦ ភាគរយប្រកបដោយប្រសិទ្ធភាពចេញពីការផ្គត់ផ្គង់ប្រេងពិភពលោក។
លោក ត្រាំ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អាមេរិកត្រៀមឆ្លើយតបនឹងការវាយប្រហារនេះ ខណៈដែលលោក Mike Pompeo រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ «អាមេរិកនឹងធ្វើការងារជាមួយដៃគូ និងសម្ព័ន្ធមិត្តជាច្រើនរបស់ខ្លួនដើម្បីធានាថា ទីផ្សារថាមពលនៅតែរក្សាការផ្គត់ផ្គង់ល្អប្រសើរ ហើយអ៊ីរ៉ង់ត្រូវទទួលខុសត្រូវចំពោះការឈា្លនពានរបស់ខ្លួន»។
ទីក្រុងតេអេរ៉ង់បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែព័ត៌មាននេះបានធ្វើឲ្យមានការបារម្ភឡើងវិញជុំវិញជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់លើនាវាដឹកប្រេងកាលពីដើមឆ្នាំនេះ ដែលក៏ត្រូវបានស្ដីបន្ទោសថា បង្កឡើងដោយប្រទេសអ៊ីរ៉ង់ផងដែរ។
លោក Jeffrey Halley អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន OANDA បានមានប្រសាសន៍ថា៖ «ភាពតានតឹងនៅមជ្ឈិមបូព៌ា កំពុងកើនឡើងយ៉ាងរហ័ស ដែលមានន័យថា រឿងរ៉ាវនេះនឹងបន្តទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរនៅសប្ដាហ៍នេះ សូម្បីតែបន្ទាប់ពីមានក្តីបារម្ភភ្លាមៗលើទីផ្សារប្រេងនៅព្រឹកនេះ»៕ LA