ក្រុងញូវយ៉កៈ ផ្សារភាគហ៊ុនពិភពលោកមានលទ្ធផលចម្រុះកាលពីថ្ងៃចន្ទ មុនពេលមានការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់អាមេរិក និងមុនពេលមានកិច្ចប្រជុំរបស់ធនាគារកណ្តាលអឺរ៉ុប ខណៈតម្លៃប្រេងឆៅឡើងថ្លៃដោយសាររដ្ឋមន្ត្រីថ្មីនៃក្រសួងថាមពលរបស់អារ៉ាប៊ីសាអ៊ូឌីតបានបង្ហាញសញ្ញាការពារតម្លៃប្រេង។
សន្ទស្សន៍របស់ផ្សារហ៊ុនធំៗរបស់អាមេរិកបានបញ្ចប់ការជួញដូរដោយប្រែប្រួលតិចតួច មុនពេលមានការចេញផ្សាយរបាយការណ៍តម្លៃទំនិញប្រើប្រាស់ និងការលក់រាយសម្រាប់ខែសីហានៅសប្តាហ៍នេះ។
លោក Art Hogan ប្រធានអ្នកយុទ្ធសាស្ត្រទីផ្សារប្រចាំក្រុមហ៊ុន National Securities បានថ្លែងថា វិនិយោគិនស្ថិតក្នុងគោលជំហរ «កំពុងរង់ចាំមើល»។
សន្ទស្សន៍ Dow របស់ផ្សារហ៊ុនក្រុងញូវយ៉កកើនឡើង ០,១ ភាគរយដល់ ២៦ ៨៣៥,៥១ ពិន្ទុនៅពេលបិទការជួញដូរ ខណៈសន្ទស្សន៍ S&P 500 នៅថេរនៅត្រឹម ២ ៩៧៨,៤៣ ពិន្ទុ។
សន្ទស្សន៍ Nasdaq របស់ផ្សារហ៊ុនក្រុងញូវយ៉កបានធ្លាក់ចុះ ០,២ ភាគរយមកនៅត្រឹម ៨ ៩៨៧,៤៤ ពិន្ទុនៅពេលបិទការជួញដូរកាលពីម្សិលមិញ។
តម្លៃប្រេងបានឡើងថ្លៃ ខណៈព្រះអង្គម្ចាស់ Abdulaziz bin Salman ដែលជារដ្ឋមន្ត្រីថ្មីនៃក្រសួងថាមពលអារ៉ាប៊ីសាអ៊ូឌីតបានមានបន្ទូលថា ការកាត់បន្ថយផលិតកម្មប្រេងនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសនាំចេញប្រេងឆៅទាំងអស់ ដែលជាការបង្ហាញមួយថា ព្រះអង្គនឹងគាំទ្រដល់ការកាត់បន្ថយទិន្នផលប្រេងឆៅបន្ថែមទៀត ដើម្បីដោះស្រាយការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារ និងការធ្លាក់ចុះតម្លៃ។
តម្លៃប្រេងឆៅប្រភេទ Brent North Sea បានកើន ១,០២ ដុល្លារដល់ ៦២,៥២ ដុល្លារក្នុង ១ បារ៉ែល ខណៈតម្លៃប្រេងឆៅ WTI កើន ១,៣៣ ដុល្លារដល់ ៥៧,៨៥ ដុល្លារក្នុង ១ បារ៉ែល៕ KC