ក្រុងហុងកុងៈ ភាពភ័យខ្លាចជុំវិញផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកដោយសារវីរុសដែលបង្កឲ្យមនុស្សស្លាប់នៅប្រទេសចិនបានបង្កឲ្យប្រេងឆៅធ្លាក់ថ្លៃជាង ២ ភាគរយកាលពីថ្ងៃចន្ទ ដែលអូសបន្លាយពេលនៃការលក់ចេញកាលពីសប្តាហ៍មុន ខណៈដែលទ្រព្យប្រកបដោយសុវត្ថិភាពផ្សេងទៀតរួមទាំងប្រាក់យ៉េន និងមាសបានឡើងថ្លៃ។
ខណៈដែលចំនួនមនុស្សស្លាប់ដោយសារការរីករាលដាលជំងឺផ្លូវដង្ហើមថ្មីនៅប្រទេសចិនបានកើនឡើងដល់ ៨០ នាក់ និងមានមនុស្សឆ្លងជំងឺនេះ ៣ ០០០ នាក់នៅទូទាំងពិភពលោក ក្រុមអ្នកវិភាគបានឲ្យដឹងថា មានការភ័យខ្លាចកាន់តែខ្លាំងឡើងថា វិបត្តិនេះអាចប្រែក្លាយកាន់តែអាក្រក់ដូចទៅនឹងការផ្ទុះជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ SARS ដែលបានប៉ះពាល់ដល់ទីផ្សារអាស៊ីកាលពីឆ្នាំ ២០១៣។
ការផ្ទុះជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណានេះបាននាំឲ្យប្រទេសចិនបិទទីក្រុងវូហានដែលជាចំណុចបង្កជំងឺ និងមានប្រជាជន ១១ លាននាក់ ខណៈដែលដាក់ការរឹតបន្តឹងការធ្វើដំណើរទៅលើទីក្រុងមួយចំនួនផ្សេងទៀតរួមទាំងទីក្រុងប៉េកាំងផងដែរ។
លោក Stephen Innes បម្រើការងារនៅក្រុមហ៊ុន AxiCorp បានព្រមានថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចចំពោះប្រទេសចិន និងពិភពលោកអាចមានទំហំធំធេង ខណៈដែលការថមថយកំណើនសេដ្ឋកិច្ចទំនងជាកំពុងមានភាពធូរស្រាលហើយនោះ។
លោកបានឲ្យដឹងក្នុងកំណត់ត្រាមួយថា៖ «ការគំរាមកំហែងធំបំផុតចំពោះ សេដ្ឋកិច្ចពិភពលោកមិនត្រឹមតែដោយសារការរីករាលដាលជំងឺនេះយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសនានាតាមរយៈបណ្តាញដែលពាក់ព័ន្ធនឹងការធ្វើដំណើរពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលប៉ះពាល់ដល់សេដ្ឋកិច្ចណាមួយចំពោះម៉ាស៊ីនឧស្សាហកម្ម និងប្រើប្រាស់ដ៏ធំរបស់ប្រទេសចិននឹងរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ប្រទេសផ្សេងទៀតតាមរយៈការតភ្ជាប់ពាណិជ្ជកម្ម និងហិរញ្ញវត្ថុកើនឡើងដែលពាក់ព័ន្ធនឹងសកលភាវូបនីយកម្ម»។
លោកបានបន្ថែមថា៖ «មិនដូចឆ្នាំ ២០០៣ នៅពេលដែលជំងឺ SARS មានផលប៉ះពាល់តិចជាងនេះទៅលើទីផ្សាររបស់ប្រទេសអភិវឌ្ឍន៍ នៅពេលនេះប្រទេសផ្សេងទៀតក្នុងពិភពលោកអាចជួបការលំបាក»។
ទីផ្សារក្នុងតំបន់ភាគច្រើនបានបិទទ្វារដោយសារពិធីបុណ្យចូលឆ្នាំចិន ប៉ុន្តែផ្សារហ៊ុនក្រុងតូក្យូបានបិទទីផ្សារជាមួយនឹងការធ្លាក់ថ្លៃជាង ២ ភាគរយ។ ផ្សារហ៊ុនក្រុងវែលីងតោន ម៉ានីល និងហ្សាការតាក៏បានធ្លាក់ថ្លៃផងដែរ។
តម្លៃប្រេងឆៅប្រភេទ Brent Crude បានធ្លាក់ថ្លៃ ២,១ ភាគរយ មកនៅត្រឹម ៥៩,៤១ ដុល្លារ ក្នុង ១ បារ៉ែល ហើយប្រេងឆៅប្រភេទ West Texas Intermediate បានធ្លាក់ចុះ ២,៣ ភាគរយ មកនៅត្រឹម ៥២,៩៣ ដុល្លារ ក្នុង ១ បារ៉ែល ខណៈដែលនៅសប្តាហ៍មុនធ្លាក់ចុះជាង ៦ ភាគរយ ដោយសារក្តីបារម្ភអំពីឥទ្ធិពលលើតម្រូវការក្នុងប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំទី ២ ក្នុងពិភពលោក។
មាសដែលជាទ្រព្យត្រូវបានគេទិញទុកក្នុងពេលមានអាសន្ន និងភាពមិនប្រាកដប្រជា កំពុងឡើងថ្លៃឆ្ពោះទៅរកតម្លៃ ១ ៦០០ ដុល្លារ ក្នុង ១ អោន (៨,៣ ជី) បន្ទាប់ពីបានឡើងថ្លៃដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេល ៦ ឆ្នាំ នៅដើមខែមករា៕ KC