ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាកំពុងបង្កើនការទាក់ទាញគ្រឹះស្ថានហិរញ្ញវត្ថុទៅក្នុងវិស័យមូលបត្រដ៏ក្មេងខ្ចីរបស់កម្ពុជា បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីធីត បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេទទួលជោគជ័យក្នុងការបោះផ្សាយមូលបត្របំណុលក្រុមហ៊ុន។
ដើម្បីបង្កើនភាពទាក់ទាញរបស់ខ្លួនបន្ថែមទៀតទៅដល់គ្រឹះស្ថានហិរញ្ញវត្ថុនានានៅកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី ១៨ ខែធ្នូ បានរៀបចំសិក្ខាសាលាមួយស្តីពី «ការពង្រីកសក្ដានុពលអាជីវកម្មតាមរយៈទីផ្សារមូលបត្រ» ក្នុងបំណងបញ្ជ្រាបការយល់ដឹងអំពីវិស័យមូលបត្រទៅដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនានានៅក្នុងប្រទេស កម្ពុជា ក៏ដូចជាស្របទៅនឹងគោលដៅក្នុងការទាក់ទាញស្ថាប័នហិរញ្ញវត្ថុឲ្យមានសកម្មភាពនៅលើវិស័យមូលបត្រ។
លោកស្រី ស៊ូ ច័ន្ទមុនី ប្រធាននាយកដ្ឋានរក្សាទុកមូលបត្រនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា នេះជាលើកទី ១ ហើយដែលផ្សារមូលបត្រកម្ពុជារៀបចំសិក្ខាសាលាសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ខណៈកន្លងមកការ រៀបចំមានលក្ខណៈបើកទូលាយសម្រាប់គ្រប់ស្ថាប័ន។ ការបញ្ជ្រាបការយល់ដឹងពីវិស័យមូលបត្រដល់គ្រឹះស្ថានហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា។
លោកស្រីថ្លែងថា៖ «គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់អាចប្រើប្រាស់ផ្សារហ៊ុនដើម្បីស្វែងរកប្រាក់បន្ថែមសម្រាប់ពង្រីកការវិនិយោគរបស់ខ្លួនតាមរយៈការបោះផ្សាយមូលបត្រកម្មសិទ្ធិ ឬមូលបត្របំណុល»។
បើតាមលោកស្រី ច័ន្ទមុនី បច្ចុប្បន្នមានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៥ ទៅ ៦ ក្រុមហ៊ុនកំពុងចាប់អាម្មណ៍ក្នុងការបោះផ្សាយមូលបត្របំណុល ខណៈពួកគេកំពុងធ្វើការជាមួយក្រុមហ៊ុនធានាទិញមូលបត្រ។
សិក្ខាសាលានេះមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រមាណ ៥០ រួមមាន ហត្ថាកសិករលីមីតធីត ក្រុមហ៊ុនអេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរីធី ក្រុមហ៊ុនយាន់តា ស៊ីឃ្យួរីធី ភីអិលស៊ី ព្រមទាំងធនាគារកាណាឌីយ៉ា ដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រផងដែរ។
លោក យុន សំអាង នាយករងនាយកដ្ឋានហិរញ្ញកិច្ចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បាននិយាយថា ការអភិវឌ្ឍផ្សារហ៊ុននឹងរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងអាចជួយឲ្យក្រុមហ៊ុន ឬស្ថាប័ននីមួយៗអាចធ្វើការពង្រីកខ្លួនបានកាន់តែលឿន និងមានការទទួលស្គាល់ជាអន្តរជាតិ។
លោកបានថ្លែងថា៖ «ការចូលផ្សារហ៊ុន គឺជាការបើកឱកាសឲ្យស្ថាប័ននីមួយៗអាចប្រមូលប្រភពធនធានយកទៅវិនិយោគបន្ថែម ទទួលបានការអនុគ្រោះផ្នែកពន្ធដារ, ពង្រឹងអភិបាលកិច្ចនៃការគ្រប់គ្រង និងពង្រីកទំនុកចិត្តសម្រាប់អតិថិជនក្នុង និងក្រៅប្រទេស»។
ជាការកត់សម្គាល់របស់លោក យុន សំអាង នៅក្នុងសិក្ខាសាលាពេលនោះមានស្ថាប័នហិរញ្ញវត្ថុជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលផ្សារហ៊ុននាពេលខាងមុខ។
ទិន្នន័យនៅពេលបិទទ្វារផ្សារហ៊ុនកាលពីថ្ងៃម្សិលមិញបង្ហាញថា តម្លៃសន្ទស្សន៍ គឺ ៤៥៦,៩៤ ពិន្ទុ ខណៈថ្ងៃម្សិលមិញ ៤៥៧,៩៥ ពិន្ទុ៕LA