ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នឹងដាក់ឲ្យដំណើរការ ប្រព័ន្ធជួញដូរចល័តសម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធ ដើម្បីជំរុញការជួញដូរមូលបត្រកម្មសិទ្ធដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ CSX។
ប្រព័ន្ធជួញដូរចល័តនេះ នឹងដាក់ដំណើរការនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨ ហើយដើម្បីប្រើប្រាស់ប្រព័ន្ធនេះ វិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយ ដែលជាសមាជិករបស់ CSX និងបាន ចុះឈ្មោះជាមួយផ្សារហ៊ុនកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានប្រព័ន្ធនេះនឹងដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ នៅក្នុងអំឡុងពេលនៃការដាក់ឲ្យដំណើរការបឋមនេះ ហើយនឹងត្រូវបន្តរយៈពេលមួយឆ្នាំទៀត បន្ទាប់ពីការប្រកាសដាក់ដំណើរការជាផ្លូវការដែលនឹងប្រកាសនៅពេលក្រោយ។
ប្រព័ន្ធជួញដូរចល័ត គឺជា ប្រព័ន្ធជួញដូរតាមអ៊ិនធឺណេតដែលត្រូវបានអភិវឌ្ឍឡើងក្រោមការជួយគាំទ្រពីសំណាក់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដោយដំណើរការនៅលើ web browser ដែលមានស្រាប់នៅលើស្មាតហ្វូន និងថេបប្លេត។ ប្រព័ន្ធនេះនឹងអនុញ្ញាតឲ្យវិនិយោគិនដាក់ការបញ្ជាជួញដូរ កែប្រែ និងលុបចោលការបញ្ជារបស់ខ្លួនបានដោយខ្លួនឯង។
វិនិយោគិនក៏អាចតាមដានមើលទិន្នន័យទីផ្សារ សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ និង របស់ផ្សារហ៊ុន ព្រមទាំងព័ត៌មានផ្សេងទៀតដែលផ្តល់ដោយសមាជិករបស់ផ្សារហ៊ុនកម្ពុជាផងដែរ។
គេអាចចុះឈ្មោះប្រើប្រាស់ប្រព័ន្ធនេះ ដោយគ្រាន់តែចូលទៅកាន់ https://mts.csx.com.kh រួចអនុវត្តតាមការណែនាំ។