ភ្នំពេញ: ការនាំចេញសរុបរបស់កម្ពុជាទៅប្រទេស ជប៉ុន បានបន្តកើនឡើងនៅក្នុងរយៈពេល ២ ខែដំបូងឆ្នាំ ២០២០ នេះធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះការរីករីលដាលនៃវីរុសកូរ៉ូណាកំពុងបង្កឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក និងក្នុងតំបន់ក្តី។ នេះបើយោងតាមទិន្នន័យចុងក្រោយបានពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO)។
ការកើនឡើងនេះស្របពេលដែលប្រទេសទាំង ២ បានប្ដេជ្ញាចិត្តថានឹងបង្កើនពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងដល់ជាង ២ ពាន់លានដុល្លារនៅឆ្នាំនេះ ទោះបីជាការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
ទិន្នន័យ JETRO បង្ហាញថា កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៣៦៦ លានដុល្លារ ទៅប្រទេស ជប៉ុន ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២០ កើនឡើងត្រឹមចំនួន ២,៤ ភាគរយ ខណៈកម្ពុជានាំចូលពីប្រទេសជប៉ុនមានតម្លៃ ៧០ លានដុល្លារកើនឡើង ១០,៨ ភាគរយ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានកត់សម្គាល់ថា ការនាំចេញទៅប្រទេសជប៉ុនបានកើនឡើងជាបន្តបន្ទាប់ដែលឆ្លុះបញ្ចាំងលំហូរចូលការវិនិយោគពីប្រទេសនេះមកកម្ពុជា។
លោកនិយាយថា៖ «ការកើនឡើងការនាំចេញរបស់កម្ពុជាទៅប្រទេសជប៉ុនកំពុងបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំង ដោយខ្ញុំមើលឃើញថា ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ យើងបានទទួលការវិនិយោគជាច្រើនពីប្រទេសជប៉ុន និងកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ។ ការនាំចេញរបស់យើងក៏គួរតែមានការធ្វើពិពិធកម្ម និងនាំយកបច្ចេកវិទ្យាថ្មីៗនាំចេញ និងជំនាញផងដែរ»។
លោកបន្ថែមថា ទីផ្សារជប៉ុនពិតជាមានសក្ដានុពលខ្លាំងសម្រាប់កម្ពុជា ខណៈវិស័យកែច្នៃនឹងជាការទាក់ទាញមួយផ្សេងទៀតសម្រាប់ប្រទេសជប៉ុនក្នុងការវិនិយោគ និងការនាំចេញបន្ត។
លោកលើកឡើងថា៖ «ខ្ញុំពិតមើលឃើញជាមុនថា យើងនឹងទទួលបានការវិនិយោគកាន់តែច្រើនមកកម្ពុជានៅក្រោយកូវីដ ១៩ ខណៈដែលរដ្ឋាភិបាលរបស់ជប៉ុនសន្យារួចហើយថានឹងជំរុញក្រុមវិនិយោគិនជប៉ុនកាន់តែច្រើនមកកម្ពុជា»។
នៅក្នុងកិច្ចប្រជុំកម្រិតមន្ដ្រីជាន់ខ្ពស់លើកទី ៣ រវាងកម្ពុជា និងជប៉ុន ដែលបានរៀបចំនៅក្នុងកម្ពុជាកាលពីចុងខែមីនា ភាគីទាំង ២ បានបង្ហាញសុទិដ្ឋិនិយមថា និន្នាការដ៏ល្អនៅក្នុងពាណិជ្ជកម្មទ្វេភាគីដែលកើនដល់ជាង ២ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩ នឹងបន្តក្នុងឆ្នាំ ២០២០ ទោះបីមានការរីករាលដាលកូវីដ ១៩ ក៏ដោយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកស្រី ជា គីមថា បានឲ្យដឹងនៅក្នុងអំឡុងកិច្ចប្រជុំនេះថា ភាគីជប៉ុនបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបង្កើនពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២។
លោកស្រីថ្លែងថា៖ «ជប៉ុនក៏បានយល់ព្រមនៅក្នុងការជំរុញទំនាក់ទំនងដែលជាប់ពាក់ព័ន្ធធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការកែលម្អបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញក្រុមវិនិយោគិនជប៉ុនកាន់តែច្រើន»។
កម្ពុជាបាននាំចេញផលិតផលមានតម្លៃជាង ១,៧ ពាន់លានដុល្លារទៅទីផ្សារជប៉ុនកាលពីឆ្នាំ ២០១៩ កើនឡើង ៧,៧ ភាគរយបើធៀបនឹងឆ្នាំ ២០១៨។ នេះបើយោងតាមទិន្នន័យបានពី JETRO។
ទិន្នន័យនេះបង្ហាញទៀតថា កម្ពុជាបាននាំចូលផលិតផលមានតម្លៃជាង ៥៦៣ លានដុល្លារកើន ៣៣,៤ ភាគរយធៀបនឹងឆ្នាំ ២០១៨។
នៅចន្លោះឆ្នាំ ១៩៩៥ ដល់ខែកញ្ញា ឆ្នាំ ២០១៨ មានគម្រោងវិនិយោគជប៉ុន ១៤១ គម្រោងស្មើនឹងទុនវិនិយោគ ២,៥ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងចំណោមនេះ ៦៦ គម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាមួយនឹងទុនវិនិយោគដែលប៉ាន់ប្រមាណចំនួន ៣៤០ លានដុល្លារ៕ LA