ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេស កម្ពុជា វៀតណាម បានមើលឃើញពីកំណើនខ្ពស់ដោយសម្រេចបាន ៣,០៦ ពាន់លានដុល្លារក្នុងអំឡុងពេល ១០ ខែដំបូងនៅឆ្នាំ ២០១៨ នេះ គឺកើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងទៅតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម។
តួលេខពាណិជ្ជកម្មបានពីអគ្គនាយកដ្ឋានពន្ធដារប្រទេស វៀតណាម សម្រាប់ខែមករា ដល់ខែតុលា បានបង្ហាញថា ក្នុងចំណោមពាណិជ្ជកម្មទ្វេភាគីសរុបចំនួន ៣,០៦ ពាន់លានដុល្លារ ទំហំនៃការនាំចេញរបស់វៀតណាមមកកម្ពុជា បានកើនឡើងដល់ ២,២៥ ពាន់លានដុល្លារ ស្មើនឹង ៧៣ ភាគរយនៃពាណិជ្ជកម្មទ្វេភាគីសរុប។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា (CCC) បានប្រាប់ឲ្យដឹងថា ប្រទេស កម្ពុជា តែងមានឱនភាពពាណិជ្ជកម្មជាមួយប្រទេស វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនេះគឺដោយសារតែភាគច្រើននៃផលិតផលនាំចូលរបស់កម្ពុជាពីប្រទេស វៀតណាម គឺជាផលិតផលសម្រេច ខណៈផលិតផលនាំចេញរបស់កម្ពុជា គឺផលិតផលកសិកម្មមិនទាន់កែច្នៃ។
លោក លឹម ហេង បន្តទៀតថា ខណៈវិស័យសំណង់កំពុងកើនឡើង ហើយក្រុមហ៊ុនសំណង់មិនអាចស្វែងរកសម្ភារនៅក្នុងស្រុកបានទេ ដោយពឹងផ្អែកលើការនាំចូលសម្ភារពីប្រទេស វៀតណាម ដូចជា ដែកថែប និងផលិតផលផ្សេងទៀត ដើម្បីគាំទ្រកំណើន បានធ្វើឲ្យឱនភាពពាណិជ្ជកម្មជាមួយប្រទេស វៀតណាម កាន់តែធំ។ លោកបន្ថែមថា ឥដ្ឋ និងស៊ីម៉ងត៍ អាចត្រូវបានផ្គត់ផ្គង់បានដោយក្រុមហ៊ុនផលិតក្នុងស្រុក ខណៈដែកថែប និងផលិតផលតម្លៃខ្ពស់ផ្សេងទៀតពឹងលើការនាំចូល។
លោកបានថ្លែងថា៖ «យើងមើលឃើញកំណើនតម្រូវការក្នុងស្រុក ប៉ុន្តែសមត្ថភាពផ្គត់ផ្គង់របស់យើងនៅមានកម្រិត ហើយនោះជាមូលហេតុ ដែលយើងនៅតែពឹងផ្អែកលើការនាំចូល និងបានធ្វើឲ្យមានឱនភាពពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសជិតខាង»។ លោកបានបន្ថែមថា កម្ពុជាអាចព្យាយាមបំបាត់គម្លាតអតុល្យភាពពាណិជ្ជកម្មជាមួយប្រទេស វៀតណាម ដោយការបង្កើនការផលិត ដូចជា ទំនិញ បន្លែ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត។
លោកបានថ្លែងថា៖ «កម្ពុជាតែងតែមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសជិតខាង [វៀតណាម និងថៃ] ប៉ុន្តែវាក៏កំពុងត្រូវបានប៉ះប៉ូវដោយការមានអតិរេកពាណិជ្ជកម្ម ជាមួយទិសដៅការនាំចេញសំខាន់ៗ ដូចជា អឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិកវិញផងដែរ»។
អគ្គនាយកដ្ឋានពន្ធដាររបស់ប្រទេស វៀតណាម បង្ហាញថា ការនាំចេញសំខាន់ៗរបស់វៀតណាម មកកម្ពុជារួមមានដែកថែប មានតម្លៃ ៧១៣ លានដុល្លារ ប្រេងសាំង ៤០៣ លានដុល្លារ សម្លៀកបំពាក់ និងវាយនភណ្ឌ ៣៩៨ លានដុល្លារ ស្បែក និងស្បែកជើង ១៩៥ លានដុល្លារ។
ទន្ទឹមនឹងនេះ ប្រទេស កម្ពុជា បាននាំចេញទៅវៀតណាមភាគច្រើនគឺជាផលិតផលកសិកម្មមិនទាន់កែច្នៃ ដែលរួមមានសា្វយចន្ទី ដែលមានតម្លៃ ២៨០ លានដុល្លារ កៅស៊ូ ៩០លានដុល្លារ ឈើ និងផលិតផលធ្វើពីឈើ ៨៨ លានដុល្លារ។
សេចក្ដីប្រកាសព័ត៌មានបានពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅកាន់ប្រទេស វៀតណាម កាលពីសប្ដាហ៍មុន បានបង្ហាញថា ប្រទេសទាំង ២ សម្រេចបានកិច្ចព្រមព្រៀង ៥ ដោយប្រទេសទាំង ២ នេះប្ដេជ្ញាចិត្ត ក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០។
ថ្នាក់ដឹកនាំទាំង ២ បានឯកភាពមតិគ្នាថា ប្រទេសទាំង ២ គួរខិតខំអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់ និងចុះកិច្ចព្រមព្រៀងចាំបាច់បន្ថែមទៀត ដើម្បីធ្វើឲ្យកាន់តែប្រសើរនូវការតភ្ជាប់គ្នា សម្របសម្រួលការដឹកជញ្ជូន និងច្រកចេញចូលឆ្លងដែន ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ ទេសចរណ៍ និងពង្រីកកិច្ចសហការផ្គត់ផ្គង់ថាមពល៕ LA