ភ្នំពេញៈ ខណៈចំនួនកប៉ាល់ដឹកភ្ញៀវទេសចរអន្តរជាតិធំៗ ដែលមកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមានការកើនឡើងជារៀងរាល់ឆ្នាំនោះកម្ពុជាហាក់នៅមិនទាន់ទទួលបានអត្ថប្រយោជន៍ច្រើនពីការមកដល់របស់ភ្ញៀវទេសចរទាំងអស់នេះទេ។ នេះបើយោងតាមមន្ត្រីក្រសួងទេសចរណ៍។
ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ របស់គណៈកម្មការអន្តរក្រសួងស្តីពី «ការសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស» កាលពីថ្ងៃពុធ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរតាមកប៉ាល់មកកម្ពុជាមិនសូវមានឱកាសបានធ្វើដំណើរទៅកន្លែងណាឆ្ងាយពីកំពង់ផែទេ ដោយសារការធ្វើដំណើរតាមផ្លូវអាកាសនៅកម្ពុជាមានភាពមិនទៀងទាត់។
លោកថ្លែងថា៖ «ភ្ញៀវទេសចរភាគច្រើន ពួកគាត់មានបំណងចង់ទៅទស្សនាតាមកោះនានា និងចង់ជិះយន្តហោះទៅទស្សនាកម្សាន្តនៅអង្គរវត្ត ដោយវិលល្ងាចឲ្យទាន់ជើងនាវាចេញទៅវិញ ប៉ុន្តែការលំបាកលើទូកទេសចរណ៍មិនមានម៉ោងកំណត់ជាក់លាក់ ហើយជើងហោះហើរក៏មិនទៀងទាត់ទៀត»។
លោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ លើកឡើងនៅក្នុងកិច្ចប្រជុំនោះថា ការចូលចតរបស់នាវាទេសចរណ៍នៅកំពង់ផែក្រុងព្រះសីហនុ បានកើនឡើងជាលំដាប់ពី ១ ឆ្នាំទៅ ១ ឆ្នាំ។
បើតាមលោក លូ គឹមឈុន ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០១៩ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានកប៉ាល់ទេសចរណ៍អន្តរជាតិចំនួន ៣០ គ្រឿង កើនឡើង ៥៧,៨៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដែលបាននាំភ្ញៀវទេសចរអន្តរជាតិចំនួន ២៩ ១១១ នាក់ កើនឡើង ៧៨,២៥ ភាគរយ។
លោកបន្តថា កាលពីឆ្នាំ ២០១៨ កំពង់ផែទទួលបានកប៉ាល់ចំនួន ៣៧ គ្រឿង កើនឡើង ២៣,៣៣ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដែលមានចំនួនត្រឹម ៣០ គ្រឿង ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤០ ៥៩៨ នាក់ កើនឡើង ៥៨,៩៧ ភាគរយ។
តាមលោក លូ គឹមឈុន កប៉ាល់ដែលចូលចតនៅកំពង់ផែ មានរយៈពេលជាមធ្យមប្រមាណ ១៥ ម៉ោងប៉ុណ្ណោះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហានេះចាំបាច់ត្រូវដោះស្រាយជាកញ្ចប់ ហើយតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងផ្នែកឯកជន។ លោកក៏បានស្នើឲ្យមន្ត្រីក្រោមឱវាទត្រូវរៀបចំកិច្ចប្រជុំពិសេសបន្ទាន់មួយជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។
លោកថ្លែងថា៖ «នេះមិនមែនគ្រាន់តែជាឱកាសដែលកម្ពុជាអាចចាប់យកភ្ញៀវទេសចរអន្តរជាតិជាក្រុមធំៗប៉ុណ្ណោះទេ តែវាក៏ជាឱកាសនៃការត្រៀមរៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០២២ ផងដែរ»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា បើកម្ពុជាអាចមានលទ្ធភាពទាក់ទាញភ្ញៀវទេសចរតាមកប៉ាល់ធំៗធ្វើដំណើរទៅទស្សនាតំបន់រមណីយដ្ឋានផ្សេងៗ ពិសេសតំបន់ប្រាសាទអង្គរវត្តនោះ ជាការល្អណាស់។
លោកស្រីថ្លែងថា៖ «ភ្ញៀវទេសចរតាមកប៉ាល់ ត្រូវបានគេចាត់ទុកថាជាអ្នកមានទ្រព្យសម្បត្តិ និងពេលវេលាច្រើន ហេតុនេះបើយើងអាចបង្កភាពងាយស្រួលដល់ពួកគាត់ កម្ពុជានឹងអាចទទួលបានប្រយោជន៍ច្រើន»។
ភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជានៅឆ្នាំ ២០១៨ មានចំនួន ៦,២ លាននាក់ កើនឡើង ១១ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ហើយទេសចរចិននៅតែបន្តឈានមុខគេ រយៈពេល ២ ឆ្នាំជាប់ៗគ្នា៕LA