ក្រុងប៊្រុចសែលៈ មេដឹកនាំអឺរ៉ុប នៅសប្តាហ៍នេះនឹងពិភាក្សាគ្នាអំពីការកំណត់ទិសដៅមួយសម្រាប់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សូន្យ នៅត្រឹមឆ្នាំ ២០៥០ បន្ទាប់ពីការបោះឆ្នោតដែលបង្ហាញឲ្យឃើញពីភាពភ័យខ្លាចអំពីការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះនៅទីក្រុងប៊្រុចសែល នឹងពិភាក្សាគ្នាអំពីទិសដៅ «អព្យាក្រឹតភាពអាកាសធាតុ» ឆ្នាំ ២០៥០ ដែលអង្គការបរិស្ថាន WWF និយាយថា បច្ចុប្បន្នមានការគាំទ្រពីប្រទេសចំនួន ១៦ ក្នុងចំណោមសមាជិក ២៨ របស់សហភាពអឺរ៉ុប។
សេចក្តីព្រាងនៃរបៀបវារៈយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុបសម្រាប់រយៈពេល ៦ ឆ្នាំខាងមុខ បានឲ្យដឹងថា៖ «ខណៈដែលឥទ្ធិពលរបស់ការប្រែប្រួលអាកាសធាតុបង្ហាញកាន់តែច្បាស់ និងកាន់តែរីករាលដាល យើងចាំបាច់ត្រូវបោះជំហានសកម្មភាពរបស់យើងជាបន្ទាន់ ដើម្បីគ្រប់គ្រងការគំរាមកំហែងដែលមាននេះ»។
យោងតាមសេចក្តីព្រាងនេះ ដែលទទួលបានដោយ AFP៖ «សហភាពអឺរ៉ុបអាចនឹងត្រូវនាំមុខ តាមរយៈការចូលរួមក្នុងការផ្លាស់ប្តូរស៊ីជម្រៅនៃសេដ្ឋកិច្ច និងសង្គមផ្ទាល់របស់ខ្លួន ដើម្បីសម្រេចបានអព្យាក្រឹតភាពអាកាសធាតុ»។
សេចក្តីព្រាងនេះមានព័ត៌មាននៅជើងទំព័រមួយដែលលើកឡើងពីការណ៍ដែលអាចត្រូវបានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការពិភាក្សាក្នុងកិច្ចប្រជុំនេះ ដែលប្រភពមួយពីអឺរ៉ុបបានឲ្យដឹងថា នឹងផ្តោតការយកចិត្តទុកដាក់លើទិសដៅឆ្នាំ ២០៥០។
ប្រភពដដែលឲ្យដឹងថា សមាជិកសហភាពអឺរ៉ុបមួយចំនួន ចង់ឲ្យមានការពិភាក្សាបន្ថែមទៀតអំពីការផ្តល់ហិរញ្ញប្បទានទៅលើការផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលដំណើរការដោយឥន្ធនៈហ្វូស៊ីលឆ្ពោះទៅរកសេដ្ឋកិច្ចដែលត្រូវបានជំរុញដោយថាមពលស្អាត៕ AFP/KC