ភ្នំពេញៈ ម្រេចកំពតដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ដំបូងបំផុតរបស់កម្ពុជាទទួលបានការការពារជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសចំនួន ៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវប្រទេសស្វ៊ីសស្ថិតនៅតំបន់អឺរ៉ុបដែលអ្នកផលិតជឿជាក់ថាការការពារនេះនឹងជួយពង្រឹងគុណភាព និងពង្រីកទីផ្សារ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលជាអ្នកផ្តួចផ្តើមការចុះបញ្ជីការពារនេះបានដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ម្រេចកំពត» ជាលក្ខណៈអន្តរជាតិនៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ១៥ ធ្នូ។
ក្រសួងពាណិជ្ជកម្មបានបន្តថា ចាប់ពីពេលនេះតទៅម្រេចកំពតនឹងទទួលបានកិច្ចការពារស្របច្បាប់មិនឱ្យភាគីទី ៣ ប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងបណ្តាប្រទេសហត្ថលេខី។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា៖ «ការចូលជាសមាជិករបស់កម្ពុជានេះ គឺជាការវិវឌ្ឍមួយក្នុងការធ្វើសមាហរណកម្មកម្ពុជាបន្ថែមទៀតចូលទៅកាន់ប្រព័ន្ធអន្តរជាតិដោយកិច្ចការពារជាលក្ខណៈអន្តរជាតិពីបណ្តាប្រទេសចំនួន ៣២ ដែលជាភាគីហត្ថលេខី»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រទេសកម្ពុជាអាចស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ខ្លួនជាលក្ខណៈអន្តរជាតិ តាមរយៈការដាក់ពាក្យសុំតែ ១ លើក ហើយនឹងទទួលបានកិច្ចការពារប្រឆាំងនឹងការដណ្តើមយកការប្រើប្រាស់គ្មានការអនុញ្ញតការធ្វើត្រាប់តាម ការក្លាយទៅជាពាក្យទូទៅ ឬការទាញយកផលប្រយោជន៍ពីកិត្តិនាមនៃឈ្មោះប្រភពដើមទំនិញ និង ម៉ាកសម្គាល់ភូមិសាស្ត្រ។
លោកថ្លែងទៀតថា ចំពោះផលិតករម្រេចកំពត ការកែច្នៃម្រេច ក៏ដូចជា ការវេចខ្ចប់ជាដើមនៅក្រៅទីតាំងភូមិសាស្ត្រផលិតអាចនឹងទទួលបានភាពទន់ភ្លន់ (Flexibility) ជាងមុនអាស្រ័យដោយការរក្សាបាននូវគុណភាពដើមជាទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ (Origin-based quality product) របស់ផលិតករម្នាក់ៗ។
លោកថ្លែងថា៖ «ការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិនឹងជួយពង្រីកទីផ្សារម្រេចកំពតនៅអន្តរជាតិកាន់តែទូលាយថែមទៀត ជាពិសេសនៅក្នុងប្រទេសទាំង ៣២ ដែលស្ថិតនៅក្រោមច្បាប់នេះ»។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត (KPPA) បានឱ្យដឹងថា លោកពិតរីករាយចំពោះព័ត៌មាននេះ ដោយលោកជឿថា វានឹងជួយពង្រឹងគុណភាព និងលើកកម្ពស់ទីផ្សារម្រេចកំពតក្នុងឆាកអន្តរជាតិជាពិសេសអឺរ៉ុប។
លោកថ្លែងថា៖ «ម្រេចកំពតយើងនឹងទទួលបានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញថែមទៀត ហើយវាក៏នឹងទទួលបានការពារ ដើម្បីទប់ស្កាត់ពីការក្លែងបន្លំម៉ាកនៅលើទីផ្សារអន្តរជាតិ»។
លោក ធឿន តិចម៉េង មន្ត្រីនៃក្រុមហ៊ុន ខនហ្វីរេល (Confirel Co,.Ltd) បានឱ្យដឹងថា ការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិក្រោមច្បាប់ទីក្រុងហ្សឺណែវស្តីពីកិច្ចព្រមព្រៀងទីក្រុងលីសបោនប្រទេសព័រទុយហ្គាល់អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រនឹងជួយបង្កលក្ខណៈងាយឱ្យក្រុមហ៊ុនលោកនាំចេញផលិតផលម្រេចកំពតងាយស្រួលទៅកាន់បណ្តាប្រទេសទាំង ៣២ នេះដោយរលូន។
លោកមានប្រសាសន៍ថា៖ «នេះបង្ហាញថា ម្រេចកំពតនឹងមានការទទួលស្គាល់ពីគុណភាពពីប្រទេសកាន់តែច្រើនឡើង ដែលវានឹងសម្រួលដល់ការនាំចេញរបស់យើង»។
បើតាមលោក សុវិជាតិ ក្រសួងពាណិជ្ជកម្មនឹងបន្តចុះបញ្ជីម៉ាកសមូហភាព រួមមាន អំបុកកំពង់ធំ ហើយកំពុងរៀបចំការចុះបញ្ជីម៉ាកសមូហភាព នំបញ្ចុកសៀមរាប ចម្លាក់ប្រាក់ស្ពាន់ ឃុំកំពង់លួងកោះអន្លង់ចិន ខេត្តកណ្តាល ស្មូនឆ្នាំងដីខេត្តកំពង់ឆ្នាំង ព្រមទាំងពងទាកូនស្រែរនោង ខេត្តតាកែវ ដែលជាម៉ាកសមូហភាព (Collective Mark) ចុះបញ្ជីក្នុងស្រុក។
ក្រសួងក៏កំពុងអនុវត្តគម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «អំបិល និងផ្កាអំបិលកំពត» ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ដោយមានកិច្ចសហការ និងការគាំទ្រពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងគម្រោងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្នាក់តំបន់ (GI Regional Project 2021-2023) ដែលអាចជំរុញឱ្យមានការចុះបញ្ជីជាអន្តរជាតិដើម្បីពង្រីកទីផ្សារសម្រាប់ទំនិញទាំងនោះ៕ LA