កំពតៈ កាលពីខែមេសា ឆ្នាំ ២០១០ ម្រេចកំពតត្រូវបានចុះបញ្ជីម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រក្រសួងពាណិជ្ជកម្មលើកដំបូងនៅកម្ពុជា។ កត្តាតម្លៃ និងទីផ្សារល្អដែលកើតចេញពីការចុះបញ្ជីម៉ាកនេះបានជំរុញទឹកចិត្តអ្នកវិនិយោគក្នុងស្រុក និងកសិករជាច្រើនឲ្យចូលរួមដាំដុះ ដោយមិនត្រឹមតែក្នុងតំបន់ដែលទទួលស្គាល់ដោយម៉ាកសញ្ញាប៉ុណ្ណោះទេ សូម្បីតែខេត្តផ្សេងៗស្ទើរទូទាំងប្រទេសក៏ពេញនិយមដាំដុះដោយរំពឹងទទួលបានផលប្រយោជន៍ខ្ពស់ពីដំណាំនេះ។
មកដល់បច្ចុប្បន្នដំណាំម្រេចបានរីកចម្រើនដោយផ្នែកប៉ុណ្ណោះដូចជាទំហំផ្ទៃដីដាំដុះចំនួនដើមម្រេចប្រមូលផល និងបរិមាណទិន្នផលជាដើម ប៉ុន្តែទីផ្សារ និងតម្លៃនៅតែមានភាពមិនទាន់ប្រាកដប្រជានៅឡើយសម្រាប់ម្រេចសម្គាល់ភូមិសាស្ត្រកំពត ខណៈតម្លៃម្រេចក្រៅតំបន់ខាងលើបានដាំក្បាលចុះធ្វើឲ្យអ្នកដាំខកចិត្តយ៉ាងខ្លាំង។
ទិន្នន័យសមាគមលើកកម្ពស់គុណភាពម្រេចកំពត បង្ហាញថាគ្រួសារដាំដុះម្រេចកំពតដែលជាសមាជិករបស់សមាគមមានត្រឹមតែ ១១៨ គ្រួសារប៉ុណ្ណោះ កាលពីឆ្នាំ ២០១០ បានកើនជាង ៤៨៥ ភាគរយ ដល់ចំនួន ៤៥៥ គ្រួសារនាពេលបច្ចុប្បន្ន។
ចំនួនជន្លង់ម្រេចវិញបានកើនឡើងពីចំនួន ២៧ ០១២ ជន្លង់ក្នុងឆ្នាំ ២០១០ ដល់ចំនួន ៧២៧ ៣១៧ ជន្លង់ដោយជិត ៦០០ ០០០ ជន្លង់ ត្រូវបានប្រមូលផលនាពេលបច្ចុប្បន្ន។ រីឯផ្ទៃដីដាំដុះម្រេចកំពតវិញបានកើនពី ១១ ហិកតាក្នុងឆ្នាំ ២០១០ ដល់ ២៥១ ហិកតានាពេលបច្ចុប្បន្ន។ ទិន្នផលម្រេចកំពតសម្រេចបានជាង ១០០ តោនកាលពីឆ្នាំកន្លងទៅនេះ។
ទិន្នន័យដដែលបង្ហាញទៀតថា តម្លៃម្រេចកំពតក៏បានកើនឡើងគួរឲ្យកត់សម្គាល់ ដោយម្រេចខ្មៅមានតម្លៃ ៥,៧៥ ដុល្លារម្រេចក្រហមមានតម្លៃ ១០ ដុល្លារ និង ម្រេចសមានតម្លៃ ១២ ដុល្លារក្នុង ១ គីឡូក្រាមកាលពីឆ្នាំ ២០១០។ បច្ចុប្បន្នតម្លៃរបស់វាបានហក់ឡើងជាបន្តបន្ទាប់រហូតដល់ ១៥ ដុល្លារសម្រាប់ម្រេចខ្មៅ ២៥ ដុល្លារសម្រាប់ម្រេចក្រហម និង ២៨ ដុល្លារសម្រាប់ម្រេចស។
តម្លៃចុងក្រោយខាងលើនេះបានអនុវត្តដូចៗគ្នារយៈពេល ៣ ឆ្នាំមកហើយ។ នេះបើយោងតាមលោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត។ លោកបន្ថែមថា តម្លៃផលិតផលសម្គាល់ភូមិសាស្ត្រនេះនឹងមិនអាចបញ្ចុះថ្លៃជាងនេះបានទេ ដោយសារកត្តាផលិតកម្មខ្ពស់ស្របតាមលក្ខខណ្ឌដែលចែងក្នុងសៀវភៅបន្ទុកដែលជាផ្នែកមួយជំរុញឲ្យមានការចំណាយខ្ពស់សម្រាប់ការថែទាំ។
លោកនិយាយថា៖ «តម្លៃម្រេចកំពតមិនអាចចុះជាងនេះទេ។ បើចុះជាងនេះគេមានតែបោះបង់ម្រេចចោល ព្រោះការចំណាយថ្លៃដើមផលខ្ពស់ និងពិបាកអនុវត្តតាមសៀវភៅបន្ទុក»។
អ្នកជំនាញក្នុងដំណាំកសិកម្មនេះបានអះអាងថា ផលិតផលសម្គាល់ភូមិសាស្ត្រនេះមិនទាន់បម្រើប្រជាជនពិតប្រាកដ និងទាញយកអស់សក្តានុពលនោះទេ។
លោក ហៃ លីអ៊ាង នាយកក្រុមហ៊ុន PPM ដែលមានវិនិយោគលើការដាំដុះចម្ការម្រេចនៅខេត្តកែប និងបានកែច្នៃផលិតផលម្រេចទៅជាផលិតផលគ្រឿងទេសជាច្រើនប្រភេទបានឲ្យដឹងថា ម្រេចកំពតបានចុះបញ្ជីម៉ាកយ៉ាងល្អ ប៉ុន្តែការធ្វើអាជីវកម្មលើម៉ាកសញ្ញានេះនៅមិនទាន់អស់សក្តានុពលទេ។ លោកបន្តថា ម៉ាកសញ្ញាម្រេចកំពតនៅមានភាពទន់ខ្សោយយ៉ាងខ្លាំងលើយន្តការគ្រប់គ្រងទីផ្សារ គុណភាព និងតម្លៃផលិតដែលលក់ចេញពីសមាគមធៀបតម្លៃនៅទីផ្សារលក់រាយនៅទីផ្សារអនុ្តរជាតិ។
លោក ហៃ លីអ៊ាង បានអះអាងថា៖ «ពិតហើយយើងទទួលស្គាល់ថា ម្រេចកំពតជាស្តេចម្រេច ប៉ុន្តែយើងនៅខ្វះខាតច្រើនមិនទាន់ឆ្លើយតបនៅ និងសៀវភៅបន្ទុក ហើយប្រយោជន៍ដល់កសិករដាំដុះម្រេចទទួលបាន»។
ម្រេចកំពតលក់នៅប្រទេសបារាំងមានតម្លៃ ១៧០ អឺរ៉ូក្នុង ១ គីឡូក្រាមដែលប្រហាក់ប្រហែល ២៣០ ដុល្លារក្នុង ១ គីឡូក្រាម ដែលខុសគ្នាឆ្ងាយធៀបតម្លៃដែលកសិករដាំដុះទទួលបានត្រឹមតែមធ្យមប្រមាណ ១៥ ដុល្លារប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់លោក ហៃ លីអ៊ាង។
តាមលោក ហៃ លីអ៊ាង តម្លៃម្រេចនៅទីផ្សារលក់រាយអន្តរជាតិគួរស្ថិតចន្លោះពី ៥០-៦០ ដុល្លារក្នុង ១ គីឡូក្រាម ដែលធ្វើឲ្យការលក់សម្រេចបានបរិមាណច្រើន ហើយកសិករក៏បានទទួលផលច្រើនដែរ។
ទោះបីយ៉ាងណាលោក អប់ រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មយល់ឃើញថា ម្រេចកំពតនៅតែមានសក្តានុពលខ្លាំងបើធៀបជាមួយផលិតផលម្រេចដែលគ្មានការចុះបញ្ជីការពារម៉ាក។ លោកអះអាងថា ត្រង់តម្លៃទាបពីកសិករ និងតម្លៃខ្ពស់នៅទីផ្សារលក់រាយនៅអន្តរជាតិគឺអាស្រ័យលើបច្ចេកទេសរបស់ពាណិជ្ជកម្មដែលត្រូវចំណាយលើគុណភាពនៃការវេចខ្ចប់។ លោកថ្លែងថា៖ «ទំនិញចុះបញ្ជីម៉ាកត្រឹមត្រូវបានបង្កើតតម្លៃបន្ថែមរបស់វា ហើយអ្នកប្រើប្រាស់ទទួលបានផលិតផលល្អ និងមានគុណភាព»។
លោកបន្តថា តម្លៃម្រេចទូទៅបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីទីផ្សារអន្តរជាតិ ប៉ុន្តែម្រេចកំពតមិនទទួលរងផលប៉ះពាល់ទេ ដែលបញ្ជាក់ឲ្យឃើញថា មានការជឿជាក់លើគុណភាពពីសំណាក់ទីផ្សារ។
លោកបានបន្ថែមថា៖ «ខ្ញុំនៅតែជឿថា គុណភាពម្រេចកំពតនៅតែល្អដោយសារតែកសិករទាំងអស់មានកាតព្វកិច្ចអនុវត្តតាមសៀវភៅបន្ទុកដែលបានចងរួចរាល់សម្រាប់ធានាគុណភាពនេះយូរអង្វែង»។
ម្រេចកំពតដែលត្រូវបានគេដាំដុះនៅក្នុងស្រុកកំពង់ត្រាច ខេត្តកែប ទទួលបានវិញ្ញាបនបត្រទំនិញសម្គាល់ភូមិសាស្ត្រទៅលើគុណភាពខ្ពស់ពីក្រសួងពាណិជ្ជកម្មកាលពីខែមេសា ឆ្នាំ ២០១០។ ចាប់តាំងពីពេលនោះមកទិន្នផលម្រេចកំពតដែលប្រមូលចេញពីតំបន់មួយនេះមានកំណើនជាលំដាប់តាមរយៈការដាំដុះបន្ថែម និងទីផ្សារល្អ។
ដោយសារកត្តាតម្លៃ ម្រេចកំពតបានក្លាយជាចលកររុញច្រានឲ្យមានកំណើនក្នុងការដាំដុះមិនត្រឹមតែក្នុងមូលដ្ឋានក្នុងខេត្តកំពត និងខេត្តកែបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខេត្តផ្សេងៗនៅស្ទើរទូទាំងប្រទេស។
លោក ច័ន្ទ សុផល អ្នកស្រាវជ្រាវដ៏ល្បី ១ រូបនៅកម្ពុជាដែលបានចូលប្រឡូកក្នុងការដាំដុះម្រេចលើផ្ទៃដីប្រមាណ ៥ ហិកតានៅខេត្តមណ្ឌលគិរីរយៈពេល ៦ ឆ្នាំកន្លងមកបានឲ្យដឹងថា លោកបានសម្រេចចិត្តដាំម្រេចដោយមើលឃើញថា ទីផ្សារនាពេលនោះល្អដោយមានតម្លៃប្រហែលជិត ១០ ដុល្លារក្នុង ១ គីឡូក្រាមដោយរំពឹងថាទោះតម្លៃម្រេចធ្លាក់ចុះក៏ស្ថិតក្នុងចន្លោះ ៤ ទៅ ៥ ដុល្លារដែរក្នុង ១ គីឡូក្រាមដែលអាចបង្កើតប្រាក់ចំណេញបាន។
ប៉ុន្តែតម្លៃម្រេចបានធ្លាក់ចុះរហូតដល់ក្រោម ២ ដុល្លារក្នុងអំឡុងខែមីនា និងខែមេសា ឆ្នាំ ២០២០ សម្រាប់តម្លៃបោះដុំដែលឈ្មួញនាំចេញទៅកាន់ប្រទេសជិតខាង។
លោកបញ្ជាក់ថា៖ «ខ្ញុំសម្រេចចិត្ដដាំម្រេច ដោយសារពេលនោះម្រេចមានតម្លៃខ្ពស់ ហើយខ្ញុំយល់ថា វានឹងមិនចុះលឿនពេកទេ»។
កាលពីឆ្នាំ ២០១៧ ក្រសួងពាណិជ្ជកម្មធ្លាប់បានបង្ហាញថា ការដាំដុះម្រេចមានសម្ទុះជាខ្លាំង បន្ទាប់ពីមានស្ថិរភាពតម្លៃម្រេចធៀបនឹងផលិតផលផ្សេងៗទៀត ដែលកាលនោះម្រេចនៅទូទាំងប្រទេសមានបរិមាណ ២ ម៉ឺនតោន ខណៈតម្រូវការប្រើប្រាស់ម្រេចក្នុងស្រុកមានត្រឹមប្រមាណ ៣០០ តោនប៉ុណ្ណោះ ដោយបរិមាណក្រៅពីនោះពឹងផ្អែកទាំងស្រុងលើការនាំចេញតាមច្រកទីផ្សារប្រទេសជិតខាង៕
រ៉ាន់ រើយ