ភ្នំពេញៈ ការបញ្ជាទិញម្រេចកំពតដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) បានកើនឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ មានភាពធូរស្រាលបន្តិច ខណៈតម្រូវការទីផ្សារនៅតំបន់អឺរ៉ុបបានកើនឡើងខ្ពស់ក្នុងអំឡុងពេលមានវិធានការរឹតត្បិតការធ្វើដំណើរ។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនដែលជាសមាជិកសមាគមបានចាប់ផ្តើមកុម្ម៉ង់ទិញម្រេចកំពតជាបន្តបន្ទាប់ បើទោះជានៅក្នុងបរិមាណតិចតួចក៏ដោយ ដែលនេះឆ្លុះបញ្ចាំងពីការងើបឡើងវិញនៃទីផ្សារធៀបនឹងដើមឆ្នាំដែលគ្មានការបញ្ជាទិញសោះ។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាក្រោយពីជំងឺកូវីដមានភាពស្ងាត់នៅប្រទេសបញ្ជាទិញធំៗដូចជាអាមេរិក និងអឺរ៉ុប ទីផ្សារម្រេចនឹងងើបឡើងវិញ ព្រោះម្រេចកំពតនៅតែមានសក្តានុពល»។
ខណៈការប្រមូលផលម្រេចកំពតបានបិទបញ្ចប់តាំងពីសប្តាហ៍ទី ១ ក្នុងខែមិថុនានេះតាមការព្យាករទិន្នផលម្រេចក្នុងឆ្នាំ ២០២០នេះ អាចសម្រេចបានក្នុងរង្វង់ ៩០ តោន ខណៈម្រេចនៅសល់ក្នុងស្តុកចន្លោះ ១២០ តោនទៅ ១៣០ តោន។
លោកបញ្ជាក់ថា៖ «យើងនៅតែសង្ឃឹមថា ការនាំចេញម្រេចកំពតនឹងមានបរិមាណប្រហាក់ប្រហែលឆ្នាំមុនគឺក្នុងរង្វង់ ៧០ តោន ក្នុង ១ ឆ្នាំ»។
លោក Sebastien LESIEUR អគ្គនាយកក្រុមហ៊ុន Farm Link ltd ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញម្រេចបាននិយាយថា មកដល់ពេលនេះក្រុមហ៊ុនរបស់លោកបានបញ្ជាទិញម្រេចកំពតប្រមាណ ៧ តោន ហើយលោកនឹងបញ្ជាទិញ ៤ តោនទៀតក្នុងរយៈពេល ៣ ខែបន្ទាប់។
លោកបានឲ្យដឹងថា ការនាំចេញរបស់ក្រុមហ៊ុនសម្រេចបាន ៥ តោន ក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ ២០២០ កើនឡើង ២ តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ម្រេចកំពតត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ត្រពីអង្គការពាណិជ្ជកម្មពិភពលោកកាលពីឆ្នាំ ២០១០។ បច្ចុប្បន្នតំបន់ GI របស់ម្រេចកំពតមានផ្ទៃដី ២៥០ ហិកតា ស្ថិតក្នុងខេត្តកំពត និងកែប៕ LA