ក្រុងប៉េកាំងៈ ក្រុមហ៊ុនផលិតយន្តហោះចិន COMAC មានគោលបំណងប្រគល់យន្តហោះមានច្រកដើរតែមួយម៉ូដែល C919 ដំបូងរបស់ខ្លួនឲ្យអតិថិជននៅឆ្នាំ ២០២១ ខាងមុខ។ នេះបើតាមប្រធានផ្នែកលក់របស់ក្រុមហ៊ុនក្នុងពិធីពិព័រណ៍យន្តហោះមួយ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី។
លោក Lu Zheng អនុប្រធានទូទៅនៅផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន COMAC បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រុមហ៊ុន COMAC កំពុងខិតខំសុំវិញ្ញាបនបត្របញ្ជាក់សមត្ថភាពហោះហើររបស់ចិនឲ្យយន្តហោះម៉ូដែល C919 នេះក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំខាងមុខនេះ និងសុំវិញ្ញាបនបត្របញ្ជាក់សមត្ថភាពហោះហើរនេះពីអាមេរិក និងអឺរ៉ុបទៀតផងដែរ។
លោក Lu បញ្ជាក់ថាដំណើរការអនុម័តនេះ «មិនគួរមានផលប៉ះពាល់ណាមួយ» លើពេលវេលានៃការប្រគល់យន្តហោះនេះទៅឲ្យក្រុមហ៊ុន China Eastern Airlines ដែលជាអតិថិជនដំបូងរបស់យើងនោះឡើយ។
លោក Lu បានបន្តឲ្យដឹងទៀតថា ក្រុមហ៊ុន COMAC បាននិងកំពុងពិភាក្សាជាមួយអាជ្ញាធរអាមេរិក ហើយដំណើរការសុំវិញ្ញាបនបត្រនេះ បានចាប់ផ្តើមរួចហើយនៅតំបន់អឺរ៉ុបដោយនិយតករសុវត្ថិភាពអាកាសចរណ៍ក្នុងស្រុក។
លោក Yuan Wenfeng នាយកការិយាល័យគម្រោងផលិតយន្តហោះ C919 នេះ បានបញ្ជាក់នាពេលកន្លងមកថា ការផលិតយន្តហោះ C919 មានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសចិនលើក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus ក៏ដូចជាជំរុញដល់ការអភិវឌ្ឍរបស់ឧស្សាហកម្មអាកាសចរណ៍ចិនផងដែរ។
គិតត្រឹមខែធ្នូមានការបញ្ជាទិញចំនួន ៧៨៥ ដើម្បីបញ្ជាទិញយន្តហោះ C919 ពីអតិថិជនចិន និងបរទេសចំនួន ២៧៕ The P.Daily/BP