ភ្នំពេញៈ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រកៀរគរចំណូលសម្រាប់ឆ្នាំ ២០១៩-២០២៣ ដោយបានបង្ហាញពីវិធានការគោលនយោបាយដោះស្រាយបញ្ហាប្រឈមនៃគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធ ក្នុងទិសដៅការកែទម្រង់គោលនយោបាយរបស់រដ្ឋាភិបាល។
សៀវភៅស្តីពី «យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩ -២០២៣» ដែលមានកម្រាស់ ៧៧ ទំព័រ បានបង្ហាញពី យុទ្ធសាស្ត្រកៀរគរចំណូលសំខាន់ដូចជាធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធចំណូលសារពើពន្ធនៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការគុណភាពសេវាកម្មអ្នកជាប់ពន្ធ ការធានាបានសមធម៌សង្គម និងចីរភាពកំណើនចំណូលហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ការអភិវឌ្ឍកម្ពុជា។
តាមយុទ្ធសាស្ត្រកៀរគរចំណូល រដ្ឋាភិបាលនឹងពង្រឹងគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធលើវិស័យសំខាន់ៗដូចជា វិស័យអាកាសចរណ៍ស៊ីវិល ទេសចរណ៍ ចំណូលពីអាករស្ថានទូត ប្រៃសណីយ៍ និងទូរគមនាគមន៍ ដីសម្បទានសេដ្ឋកិច្ច ការជួលកោះ តំបន់ឆ្នេរសម្រាប់អភិវឌ្ឍ តំបន់ទេសចរណ៍ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល រ៉ែ និងថាមពល ចំណូលពីសកម្មភាពល្បែង ចំណូលពីទ្រព្យសម្បត្តិរដ្ឋជាដើម។
តាមរយៈយុទ្ធសាស្ត្រ រដ្ឋាភិបាលនឹងដាក់ទិសដៅប្រមូលចំណូលពន្ធសរុបឲ្យបានយ៉ាងតិច ០,៣ ពិន្ទុនៃផលិតផលក្នុងស្រុបសរុប (GDP) ជាមធ្យមក្នុងមួយឆ្នាំ។
រដ្ឋាភិបាលបានឲ្យដឹងថា ខ្លួនទទួលបានជោគជ័យលើយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៤-២០១៨ ដោយទទួលបានចរន្តចំណូលកើនឡើងជាមធ្យម ១,៤ ពិន្ទុភាគរយនៃ GDP ក្នុងមួយឆ្នាំ គឺកើនជាង ២ ដង ធៀបទៅនឹងគោលដៅ ០,៥ ពិន្ទុភាគរយនៃ GDP ដែលនាំឲ្យចរន្តចំណូលកើនឡើងពី ១៥,១ ភាគរយនៅឆ្នាំ ២០១៣ ដល់ ២២ ភាគរយ នៅឆ្នាំ ២០១៨។
រដ្ឋាភិបាលទទួលបានចំណូលពន្ធពីវិស័យអចលនទ្រព្យកើនឡើងពីជាង ៨៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៤ ដល់ប្រមាណ ១៨៤ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។
របាយការណ៍បង្ហាញថា ពន្ធលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសរុបនៅកម្ពុជា ដែលទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ ២០១៧ ត្រូវបានប៉ាន់ស្មានថាមានទំហំប្រមាណ ១១២ លានដុល្លារ ក្នុងនោះពាណិជ្ជកម្មក្នុងស្រុកមានទំហំប្រមាណ ៦,៤ លានដុល្លារ ខណៈពាណិជ្ជកម្មឆ្លងកាត់ព្រំដែនមានទំហំ ១០៥ លានដុល្លារ កើនឡើងក្នុងរង្វង់ ៣០ ភាគរយ។
របាយការណ៍បានបង្ហាញថា៖ «ការកើនឡើងចរន្តចំណូល បានផ្តល់លទ្ធភាពដល់រដ្ឋាភិបាលបង្កើនចំណាយសាធារណៈសម្រាប់បន្តលើកកម្ពស់គុណភាព វិសាលភាពសេវាសាធារណៈកាន់តែខិតជិតប្រជាពលរដ្ឋ និងបង្កើនការវិនិយោគលើវិស័យអាទិភាពដូចជា វិស័យអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ»។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា យុទ្ធសាស្ត្រកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលើវិស័យពន្ធដារកន្លងមកបានធ្វើឲ្យមានការរីកចម្រើននៃកំណើនថវិកាជាតិប្រហែល ២០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
ទោះបីជាយ៉ាងណាលោកថ្លែងថា រដ្ឋាភិបាលត្រូវខិតខំបន្ថែមទៀត លើការប្រមូលពន្ធឲ្យបានគ្រប់តួអង្គទាំងអស់ដែលត្រូវបង់ពន្ធ ជាពិសេសលើវិស័យអចលនទ្រព្យ ឬយកពន្ធបន្ថែមលើប្រាក់ចំណេញពីការទិញ និងលក់។
លោកបានបញ្ជាក់ថា៖ «កន្លងមកយើងយកពន្ធបានតែ ៤ ភាគរយ នៃតម្លៃលក់ទាំងមូល [អចលនទ្រព្យ] តែខ្ញុំឮថា ច្បាប់នឹងយកពន្ធលើភាគរយនៃប្រាក់ចំណេញ ដែលបានពីការទិញ លក់ ឲ្យបាន ៦ ភាគរយ ហើយរដ្ឋត្រូវយកពន្ធឲ្យច្រើនចំពោះទំនិញដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋជាទូទៅ ដូចជា ស្រា បារី»។
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ២ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨ កើនឡើង ១៣,៣៧ ភាគរយ ធៀបនឹងឆ្នាំ ២០១៧។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ។
ប្រទេស កម្ពុជា បានប្រមូលចំណូលពីពន្ធដារ និងពន្ធគយបានប្រមាណ ១,៦៨ ពាន់លានដុល្លារនៅក្នុងរយៈពេល ៣ ខែដំបូងឆ្នាំ ២០១៩ នេះ៕LA