ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រមូលប្រាក់ចំណូលពន្ធបានជាង ១,៦៩ពាន់លានដុល្លារ នៅរយៈពេល ៩ ខែដំបូងក្នុងឆ្នាំនេះ កើនឡើងចំនួនជាង ២៥២ លានដុល្លារពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខរបស់នាយកដ្ឋាននេះ ដែលចេញផ្សាយកាលពីម្សិលមិញ។
របាយការណ៍នេះ បានបង្ហាញថា គ្រាន់តែខែកញ្ញា GDT ប្រមូលបានជាង ១៨៨ លានដុល្លារ កើនឡើងចំនួន ៥៥ លានដុល្លារធៀបនឹងខែកញ្ញាឆ្នាំមុន។
លោក គង់ វិបុល អគ្គនាយកពន្ធដារ បានលើកឡើងក្នុងរបាយការណ៍ ដោយបានជំរុញឲ្យភាគីពាក់ព័ន្ធ ត្រូវបង្កើនការងារការប្រមូលពន្ធ ដើម្បីសម្រេចបានតាមទិសដៅរដ្ឋាភិបាល។
លោកថ្លែងថា៖ «ដើម្បីសម្រេចបានតាមផែនការ [ក្នុងឆ្នាំ ២០១៨ ] GDT នឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកំណែទម្រង់ពន្ធស៊ីជម្រៅរបស់រដ្ឋាភិបាល»។
លោកបន្ថែមថា GDT កំពុងរៀបចំកែតម្រូវតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធ។
លោក គង់ វិបុល បានឲ្យដឹងថា នាយកដ្ឋាននេះរំពឹងថា នឹងប្រមូលបានជាង ១,៩២ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០១៨ នេះ ជាទិសដៅដែលកំណត់ដោយរដ្ឋាភិបាល។ ប៉ុន្តែផែនការនេះទាបជាងបន្តិចកាលពីឆ្នាំ ២០១៧ ខណៈ ដែលការប្រមូលប្រាក់ចំណូលពន្ធបាន ១,៩៣ ពាន់លាន កើនឡើង ៣០ ភាគរយធៀបនឹងឆ្នាំ ២០១៦។ នេះបើយោងតាមតួលេខ៕LA