ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងសមាគមលើកកម្ពស់ម្រេចកំពត (KPPA) បានកំណត់ផែនការក្នុងការជំរុញការនាំចេញម្រេចកំពតដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ដំបូងបំផុតរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានច្រើនសម្រាប់ឆ្នាំ ២០២១ នេះ។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថា ក្នុងជំនួបជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មនៅថ្ងៃអង្គារ ភាគីទាំង ២ បានពិភាក្សាគ្នាដើម្បីធ្វើយ៉ាងណាជំរុញទីផ្សារនាំចេញម្រេចកំពតបន្ថែមទៀត។
លោកថ្លែងថា៖ «យើងជជែកគ្នាលើបញ្ហាទីផ្សារសម្រាប់ផលិតផលម្រេចកំពតសម្រាប់ឆ្នាំនេះ។ យើងកំពុងជំរុញទីផ្សារឱ្យកសិករខ្នាតមធ្យម និងធំបន្ថែមទៀតថាតើយើងគួរជ្រើសរើសពួកគេសម្រាប់ផលិតឱ្យផ្គត់ផ្គង់ឱ្យក្រុមហ៊ុនដោយរបៀបណា? យើងឃើញថាក្រុមហ៊ុនភាគច្រើនមានគោលដៅតែចំពោះកសិករខ្នាតតូច»។
លោកបានឱ្យដឹងទៀតថា ភាគីពាក់ព័ន្ធកំពុងខិតខំជំរុញទីផ្សារម្រេចកំពតឱ្យស្របតាមផែនការយុទ្ធសាស្ត្រទីផ្សារម្រេចកំពតដែលជាផលិតផលសម្គាល់ភូមិសាស្ត្រមានកេរ្តិ៍ឈ្មោះល្អ និងល្បីល្បាញនៅលើពិភពលោក។
លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះមានក្រុមហ៊ុននាំចេញ ៥ បានចុះកិច្ចសន្យាជាមួយកសិករដាំដុះម្រេចកំពតខ្នាតតូចសរុបចំនួន ២៨០ គ្រួសារ សម្រាប់ផ្គត់ផ្គង់ម្រេចកំពតឱ្យពួកគេនៅឆ្នាំនេះដូចជាក្រុមហ៊ុន EU Land and Pepper Investment បានចុះកិច្ចសន្យាជាកសិករខ្នាតតូចច្រើនជាងគេរហូតដល់ ១៨០ គ្រួសារ ក្នុងបរិមាណ ១០ តោនក្នុង ១ ឆ្នាំ។ ចំណែកក្រុមហ៊ុន Farm Link ltd បានចុះកិច្ចសន្យាជាមួយកសិករខ្នាតតូចចំនួន ៧០ គ្រួសារ។
លោកបន្តថា៖ «ពួកគេធានាថានឹងទិញម្រេចកំពតដែលកសិករផលិតបានទាំងអស់។ កាលពីឆ្នាំមុនក្រុមហ៊ុន Farm Link បានទិញម្រេចកំពតពីកសិករចំនួន ២១ តោនដោយសន្យាថា នឹងបង្កើនបរិមាណថែមទៀតនៅឆ្នាំនេះ»។
លោក ពៅ ផេង ម្ចាស់ចម្ការម្រេចកំពតដែលមានជន្លង់ម្រេចជាង ៣០០ បានឱ្យដឹងថា លោក និងកសិករផ្សេងទៀតកំពុងប្រមូលផលម្រេចជាបណ្តើរដោយរំពឹងថា នឹងប្រមូលបានច្រើនជាងឆ្នាំមុន។ ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុននាពេលកន្លងមកបានផ្តល់ទំនុកចិត្តឱ្យកសិករចំពោះទីផ្សារម្រេច។
លោកថ្លែងថា៖ «យើងសង្ឃឹមទីផ្សារម្រេចមានស្ថិរភាពសម្រាប់ឆ្នាំនេះ»។
បរិមាណម្រេចកំពត ៧០ តោនត្រូវបានទិញដោយក្រុមហ៊ុននាំចេញកាលពីឆ្នាំ ២០២០ ដោយម្រេចខ្មៅថ្លៃ ១៥ ដុល្លារ ម្រេចក្រហមថ្លៃ ២៥ ដុល្លារ និងម្រេចសថ្លៃ ២៨ ដុល្លារក្នុង ១ គីឡូក្រាមដូចគ្នា។ នេះបើតាមលោក ងួន ឡាយ។
សព្វថ្ងៃម្រេចកំពតត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសជាង ៥០ ប្រទេសដែលភាគច្រើនស្ថិតនៅទ្វីបអឺរ៉ុប។
បើតាមក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០១០ ពេលដែលចុះបញ្ជីដំបូង កសិករផលិតម្រេចកំពតមាន ១១៨ គ្រួសារបានឡើងដល់ ៤៥៥ គ្រួសារ នៅឆ្នាំ ២០២០ ហើយផ្ទៃដីដាំដុះកើនពី ១០ ហិកតាដល់ ២៩០ ហិកតា ដែលអាចប្រមូលផលបាន ៨២, ៧៨ តោន ក្នុង ១ ឆ្នាំ៕ LA