ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រកាសកាត់​បន្ថយ​ថ្លៃ​ឡូជីស្ទីក​ ថ្លៃ​សេវា​លើក​ដាក់​កុង​តឺ​ន័រ​នៅ​ចំ​ណត និង​ថ្លៃ​សេវា​នៅ​កំពង់ផែ​ទាំង​ពីរ​របស់​រដ្ឋ​ ដែលរំ​ពឹង​ថា ការ​បញ្ចុះ​ថ្លៃ​ទាំង​នេះ​បូក​បញ្ចូល​គ្នា​នឹង​ជួយ​បន្ថយ​បន្ទុក​ចំណាយ​របស់​វិស័យ​ឯកជន​ស្មើរ​នឹង​ទឹក​ប្រាក់​ ៦,៧ លាន​ដុល្លារ។

ការ​សម្រេច​ទាក់​ទង​នឹង​ការ​បញ្ចុះ​ថ្លៃ​សេវា​សំខាន់​ៗ​ទាំង​បី​នេះ​ គឺគ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​សម្រេច​ចិត្ត​​ជា​កញ្ចប់​របស់​រាជ​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​​នៅ​ថ្ងៃ​សុក្រ​នេះ​។ ការ​សម្រេច​ជា​កញ្ចប់​នៃ​ការ​​ធ្វើ​កំណែ​ទម្រង់​នា​ពេល​នេះ​មាន​រហូត​ដល់​ ១៧ ចំណុច​សំខាន់ៗ។

យោង​តាម​លោក​ នាយក​រដ្ឋ​មន្រ្តី ​ការ​បញ្ចុះ​ថ្លៃ​ទាំង​អស់​របស់​វិស័យ​ឯកជន​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ ៣,៣៩ លាន​ដុល្លារ​ ខណៈ​ការ​បញ្ចុះ​ថ្លៃ​សេវា​ពី​កំពង់​ផែ​អន្តរជាតិ​ទាំង​ពីរ​ គឺ​កម្ពុជា​ផែ​ស្វ័យ​ក្រុង​ព្រះសីហនុ និង​កំពង់ផែ​ស្វ័យត​ក្រុង​ភ្នំពេញ មាន​តម្លៃ​ជា​ទឹក​ប្រាក់ ៣,៣៣ លានដុល្លារ។

លោក​បន្ត​បញ្ជាក់​ថា៖«សរុប​ចំណេញ​[ដល់​វិស័យ​ឯកជន​] ពី​ការ​បញ្ចុះ​ថ្លៃ​ទាំង​អស់​គឺ​មាន​ចំនួន ៦,៧២ លាន​ដុល្លារ»។

តាម​ការ​បញ្ជាក់​របស់​លោក នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ការ​បន្ថយ​បន្ទុក​ចំណាយ​របស់​វិស័យ​ឯកជន​នេះ​បាន​មក​ពី​កត្តា​រួម​ផ្សំ​ដូច​ជា ទាក់​ទង​នឹង​ថ្លៃ​លើក​ដាក់​នៅ​ចំណត (Terminal Handling Charge) ក្រុមហ៊ុន​នាវា​មួយ​ចំនួន​បាន​យល់​ព្រម​បញ្ចុះ​ថ្លៃ​សេវា​របស់​ខ្លួន​ចំនួន ៥ ដុល្លារ​ក្នុង​មួយ TEU លើ​សេវា​លើក​ដាក់​កុងតឺន័រ​នៅ​ចំណត ដែល​ផល​ចំណេញ​ពី​ការ​ធ្វើ​បែប​នេះ​មាន​ប្រ​មាណ ២,៥ លាន​ដុល្លារ។

លោក​បន្ត​ថា ក្រុមហ៊ុន​នាវា​មួយ​ចំ​នួន​បាន​យល់​ព្រម​បញ្ចុះ​ថ្លៃ​សេវាចំ​នួន ២០ ដុល្លារ​សម្រាប់​កុងតឺន័រ​ប្រភេទ ២០ ហ្វីត ពី​ ១២០ ដុល្លារ​កាល​ពី​មុន​មក​នៅ​ត្រឹម ១០០ ដុល្លារ និង​ បញ្ចុះ​ ៤០ ដុល្លារ​សម្រាប់​កុងតឺន័រ​ប្រភេទ ៤០ ហ្វីត (ពី ២៤០ ដុល្លារ មក​នៅ​ត្រឹម​ ២០០ ដុល្លារ)។

ទាក់​ទង​នឹង​ថ្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ (Ocean Freight Charge) ក្រុម​ហ៊ុន SITC Logistic Cambodia បាន​យល់​ព្រម​បញ្ចុះ​ថ្លៃ​ ៥០ ភាគរយ​នៃ​ថ្លៃ​សម្រាប់​ដឹក​ជញ្ជូន​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ចេញ​អង្ករ​ទៅ​ចិន ហើយ​ក្រុម​ហ៊ុន​នេះ​ក៏​បាន​យល់​ព្រម​មិន​គិត​ថ្លៃ​សេវា​ ទប់​ទល់​នៅ​ពេល​ប្រេង​ថ្លៃ​ខ្ពស់ ដែល​កន្លង​មក​ក្រុមហ៊ុន​បាន​គិត​ថ្លៃ​ចំនួន ១៥ ដុល្លារ សម្រាប់​កុងតឺន័រ​ប្រភេទ ២០ ហ្វីត និង​ ៣០ ដុល្លារ​សម្រាប់​កុងតឺន័រ​ប្រភេទ ៤០ ហ្វីត។

ទាក់​ទង​នឹង​សេវា​កំពង់​ផែ​វិញ លោក​នាយក​រដ្ឋ​មន្រ្តី​បញ្ជាក់​ថា កំ​ពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ បាន​យល់ព្រម​បញ្ចុះ​ថ្លៃ​លើ​ដាក់​ ១០ ភាគរយ​ ថ្លៃ​ Bonus ពី ៧,៥ ដុល្លារ​ក្នុង​មួយ Box មក​នៅ​ត្រឹម​ ៥ ដុល្លារ​វិញ និង​កែ​សម្រួល​មិន​គិត​ថ្លៃ​ឈ្នួល​បន្លាស់​ទី​ចំ​ណត​នា​វា ដែល​ផល​ចំ​ណេញ​ពី​ការ​ធ្វើ​បែប​នេះ​មាន​តម្លៃ​ជា​ទឹកប្រាក់ ២,១៣ លាន​ដុល្លារ។ កំពង់ផែ​ស្វ័យត​ក្រុង​ភ្នំពេញ​ ក៏​នឹង​បញ្ចុះ​ថ្លៃ​លើ​សេវា​របស់​ខ្លួន​មួយ​ចំ​នួន ដែល​ការ​បញ្ចុះ​នឹង​ជួយ​សម្រាក​បន្ទុក​ដល់​វិ​ស័យ​ឯក​ជន​បាន​ចំ​នួន ១,២ លាន​ដុល្លារ​ផ្សេង​ទៀត៕