ភ្នំពេញៈ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លោក តែ តាំងប៉ បានឱ្យដឹងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងធនាគារជាតិនៃកម្ពុជា (NBC) និងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានអន្តរជាតិ (IFC) ដើម្បីអនុវត្តគម្រោង «អភិវឌ្ឍន៍ទីផ្សារហិរញ្ញប្បទានចង្វាក់ផ្គត់ផ្គង់កម្ពុជា» នឹងរួមចំណែកក្នុងការជួយវិស័យ SME របស់កម្ពុជាឱ្យមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ការពង្រីកអាជីវកម្មរបស់ពួកគេ។
កាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងមក លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាបានចូលរួមចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិក្នុងការអនុវត្តគម្រោងស្តីពី «ការអភិវឌ្ឍទីផ្សារខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ» ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍ វិស័យឯកជន។
សេចក្តីប្រកាសព័ត៌មានរបស់ NBC បានឱ្យដឹងថា៖ «ដោយទទួលស្គាល់ពីសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យមក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ គម្រោងនេះមានទិសដៅស្របគ្នាទៅនឹងសកម្មភាពអាទិភាពនៃយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ក្នុងការលើក កម្ពស់ផលិតផលឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម»។
NBC បន្តថា៖ «លទ្ធផលនៃគម្រោងនេះនឹងក្លាយទៅជាឯកសារចង្អុលផ្លូវសម្រាប់ការរៀបចំគោលនយោបាយ និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការពង្រឹងការគាំទ្រផ្នែកបទប្បញ្ញត្តិ ការបង្កើនចំណេះដឹង និងការអនុវត្តទីផ្សារ និងការរៀបចំប្រព័ន្ធអេកូឡូស៊ីដែលមានលក្ខណៈអំណោយផល»។
លោក តែ តាំងប៉ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា ទោះបីជាប្រទេសកម្ពុជាមានគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនក៏ដោយ ក៏លទ្ធភាពទទួលបានហិរញ្ញប្បទាននានាសម្រាប់ SME ក្នុងស្រុកនៅមានកម្រិតនៅឡើយ ដោយសារតែការផ្ដោតលើទ្រព្យដាក់ធានាដែលតម្រូវដោយគ្រឹះស្ថានទាំងនោះបានក្លាយជាឧបសគ្គរារាំងលទ្ធភាពពួកគេក្នុងការទទួលបានមូលនិធិកាន់តែច្រើនសម្រាប់ការពង្រីកអាជីវកម្មរបស់ពួកគេ។
លោកថ្លែងថា៖ «យើងស្វាគមន៍ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិណាមួយ ដែលជួយ SME ក្នុងស្រុករបស់យើង ជាពិសេសទាក់ទងនឹងការផ្ដល់មូលនិធិ ដោយសារតែ SMEs ភាគច្រើនរបស់យើងទទួលបានថវិកានៅមានកម្រិតតិចតួចនៅឡើយដែលជាលទ្ធផលនៃការតម្រូវឱ្យមានទ្រព្យធានាដើម្បីទទួលបានមូលនិធិកាន់តែច្រើនពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
លោកលើកឡើងថា៖ «ខ្ញុំសង្ឃឹមថា ដោយមានកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្ដាល និង IFC វានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងការកំណត់លក្ខខណ្ឌតម្រូវងាយស្រួលសម្រាប់ SMEs របស់យើងអាចទទួលបានមូលនិធិកាន់តែច្រើន»។
បច្ចុប្បន្នរដ្ឋាភិបាលកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រ SMEs នៅក្នុងប្រទេសកម្ពុជាតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដោយមានដើមទុនវិនិយោគបន្តបន្ទាប់ប្រមាណ ១៥០ លានដុល្លារដើម្បីផ្ដល់កម្ចីអត្រាការប្រាក់ទាប ដល់វិស័យ SME នៅក្នុងប្រទេសកម្ពុជា។
ទោះយ៉ាងណា លោក តែ តាំងប៉ បានបញ្ជាក់ថា ការផ្ដោតការយកចិត្តទុកដាក់ដែលមានមូលដ្ឋានលើទ្រព្យដាក់ធានា នៅតែជាឧបសគ្គមួយសម្រាប់ SME ក្នុងការទទួលបានមូលនិធិកាន់តែច្រើនពីធនាគារ៖ «SME របស់យើងនៅតែមានការពិបាកក្នុងការទទួលបានកម្ចីពីធនាគារ SME Bank ដោយសារពួកគេទាមទារទ្រព្យដាក់ធានាសម្រាប់ការវាយតម្លៃកម្ចី»៕LA