
សមាជិកព្រឹទ្ធសភារបស់អាមេរិក លោក Chris Coons (ស្ដាំ) លោក Ted Cruz (ឆ្វេង)។ AFP
ភ្នំពេញៈ សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា មានការបារម្ភយ៉ាងខ្លាំងចំពោះការស្នើ «ច្បាប់ពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០១៩» ដោយសមាជិកព្រឹទ្ធសភាអាមេរិក ដោយបានលើកឡើងថា វិធានការនេះនឹងមិនគ្រាន់តែធ្វើឲ្យប៉ះពាល់ដល់កម្មកររោងចក្ររាប់សែននាក់ និងជីវភាពរស់នៅរបស់គ្រួសារពួកគេប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកទៀតផង។ នេះបើតាមសេចក្ដីថ្លែងការណ៍ផ្ញើទៅសមាជិកព្រឹទ្ធសភាអាមេរិក។
សមាជិកព្រឹទ្ធសភារបស់អាមេរិកមួយចំនួន ដូចជាព្រឹទ្ធសមាជិក លោក Chris Coons លោក Ted Cruz តំណាងរាស្ដ្រ Lowenthal និងលោក Chabot បានស្នើច្បាប់ពាណិជ្ជកម្មកម្ពុជានេះឡើង ដើម្បីដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីកម្ពុជា ព្រោះតែការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
សេចក្ដីថ្លែងការណ៍បន្តថា៖ «ខណៈយើងដឹងពីការចង់បានរបស់តំណាងរាស្ដ្ររបស់យើងក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា សម្រាប់វិធានការនយោបាយក្នុងស្រុក ដែលមើលឃើញថាមិនអាចទទួលយកបានយើងជឿថា ដំណោះស្រាយនេះនឹងធ្វើឲ្យខូចខាតដល់ប្រយោជន៍ទាំងអស់គ្នា»។
សភាពាណិជ្ជកម្មអាមេរិក បានឲ្យដឹងថា ផលប៉ះពាល់បឋមនៃការដក GSP នឹងធ្វើឲ្យប៉ះពាល់ដល់កម្មកររោងចក្រ និងគ្រួសាររបស់ពួកគេ ដែលជីវភាពការរស់នៅពឹងផ្អែកលើពាណិជ្ជកម្មដែលបានគាំទ្រដោយប្រព័ន្ធអនុគ្រោះពន្ធនេះ។
សភាពាណិជ្ជកម្មអាមេរិក បន្តថា៖ «លើសពីនេះក្រុមហ៊ុនអាមេរិក ក៏នឹងទទួលរងផលប៉ះពាល់ពីកង្វះស្ថិរភាពនៅក្នុងសេដ្ឋកិច្ចកម្ពុជា និងការធ្លាក់ចុះបន្ថែមទៀតនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសរបស់យើង»។
ស្មារតីច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ របស់អាមេរិកគឺផ្ដល់ឱកាសដល់បណ្ដាប្រទេសក្រីក្របំផុតក្នុងពិភពលោក ក្នុងការប្រើប្រាស់ពាណិជ្ជកម្មដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ពួកគេរីកចម្រើន និងចេញផុតពីភាពក្រីក្រ។
តាមរយៈគោលនយោបាយនេះ អាមេរិកបានរួមចំណែកដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលទាបរាប់សែននាក់ ដែលម្នាក់ៗក្នុងចំណោមអ្នកទាំងនោះប្រើប្រាស់ប្រាក់ខែរបស់ពួកគេ ដើម្បីផ្គត់ផ្គង់សមាជិកក្រុមគ្រួសារ ៥ នាក់ផ្សេងទៀត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍។
ទំនិញក្រុមហ៊ុនអាមេរិកដែលផលិតនៅក្នុងរោងចក្រនៅកម្ពុជា ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំងផងដែរ។
សភាពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា ទាក់ទងនឹងលក្ខណវិនិច្ឆ័យសិទ្ធិទទួលបាន GSP ប្រទេស កម្ពុជា បានការអនុលោមតាមយ៉ាងពេញលេញចាប់តាំងពី GSP ត្រូវបានផ្ដល់ជាលើកដំបូង។ សិទ្ធិ និងលក្ខខណ្ឌការងារកម្មកររបស់ប្រទេសនេះមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមក និងបន្តធ្វើកំណែទម្រង់ជាបន្តបន្ទាប់។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ធ្លាប់ប្រាប់ ភ្នំពេញប៉ុស្ដិ៍ថា ប្រទេស កម្ពុជា ទទួលបានសិទ្ធិរួចពន្ធចូលទីផ្សារអាមេរិកតាំងពីខែ កក្កដា ឆ្នាំ ២០១៦ លើទំនិញទាក់ទងនឹងការធ្វើដំណើរ ២៨ ប្រភេទ។ លោកបន្តថា តម្លៃនៃការនាំចេញទំនិញទាក់ទងនឹងការធ្វើដំណើររបស់កម្ពុជា មានចំនួនប្រហែល ៥០០ លានដុល្លារកាលពីឆ្នាំមុន ក្នុងចំណោមនោះ ៣៥០ លានដុល្លារត្រូវបាននាំចេញទៅទីផ្សារអាមេរិក៕LA