ភ្នំពេញៈ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានស្នើឲ្យប្រជាជនខិតខំពង្រឹងការចិញ្ចឹមសត្វជ្រូកឡើងវិញ ដើម្បីកាត់បន្ថយការនាំចូល ខណៈបច្ចុប្បន្នជ្រូកកំពុងមានតម្រូវការច្រើន និងមានតម្លៃខ្ពស់។ នេះបើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
ទោះបីជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមកមានគោលនយោបាយចំពោះការពង្រឹងការចិញ្ចឹមជ្រូកនៅកម្ពុជាក៏ដោយ ប៉ុន្តែសកម្មភាពនៃការចិញ្ចឹមជ្រូកនៅកម្ពុជាគឺមិនមានទំហំធំដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ទេ ពិសេសបន្ទាប់ពីមានការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកកាលពីឆ្នាំ ២០១៩។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា មុនពេលផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកការចិញ្ចឹមជ្រូកក្នុងស្រុកអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានប្រមាណជិត ៨០ ភាគរយ ខណៈប្រមាណ ២០ ភាគរយទៀតត្រូវបាននាំចូលមកពីប្រទេសវៀតណាម និងថៃ។
ប៉ុន្តែបន្ទាប់ពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលធ្វើឲ្យជ្រូកងាប់ជាច្រើននោះ ធ្វើឲ្យសមត្ថភាពនៃការផ្គត់ផ្គង់ក្នុងស្រុកធ្លាក់មកនៅត្រឹមប្រហែល ៦០ ភាគរយប៉ុណ្ណោះមកទល់ពេលនេះ។ លោកបន្តថា ការធ្លាក់ចុះនេះបានធ្វើឲ្យកម្ពុជាត្រូវនាំចូលជ្រូកពីប្រទេសថៃប្រហែល ២ ០០០ ទៅ ៣ ០០០ ក្បាល ជារៀងរាល់ថ្ងៃមកបំពេញតម្រូវការក្នុងស្រុក។
លោកថ្លែងថា៖ «យើងកំពុងមានកង្វះខាតច្រើន ហេតុនេះខ្ញុំស្នើឲ្យកសិដ្ឋាន ឬប្រជាជនគួរតែនាំគ្នាចាប់ផ្តើមការចិញ្ចឹមជ្រូកឡើងវិញឲ្យបានច្រើន។ ម្យ៉ាងទៀតតម្លៃជ្រូកនៅពេលនេះក៏ខ្ពស់ដែលអាចឲ្យអ្នកចិញ្ចឹមទទួលបានផលចំណេញច្រើនដែរ»។
តាមលោក ស្រ៊ុន ពៅ បច្ចុប្បន្នជ្រូករស់មានតម្លៃប្រមាណ ១៣ ០០០ រៀលក្នុង ១ គីឡូក្រាម ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានតម្លៃប្រហែល ៨ ០០០ រៀល។ លោកប្រាប់ទៀតថាបច្ចុប្បន្ននៅកម្ពុជាតម្រូវការជ្រូកសម្រាប់បរិភោគ មានប្រមាណចន្លោះពី ៦ ០០០-៧ ០០០ ក្បាលក្នុង ១ ថ្ងៃ។
ជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលផ្ទុះឡើងកាលពីឆ្នាំមុនធ្វើឲ្យសត្វជ្រូករាប់លានក្បាលត្រូវងាប់ និងសម្លាប់ក្នុងន័យទប់ស្កាត់ការរីករាលដាលជំងឺនេះទៅកាន់សត្វជ្រូកដទៃ។
ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីដើមខែកក្កដាឆ្នាំ ២០១៩ បានឲ្យដឹងថា នៅកម្ពុជាមានសត្វជ្រូកជាង ៣ ០០០ ក្បាលបានងាប់ នៅក្នុងខេត្តចំនួន ៥ រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្ដាល។
ការផ្ទុះនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកពីឆ្នាំមុនក៏បានធ្វើឲ្យអ្នកចិញ្ចឹមជ្រូកមួយចំនួនខ្លាចរអាមិនទាន់ហ៊ានចិញ្ចឹមឡើងវិញនោះទេ។
លោក ចន ហេង អ្នកចិញ្ចឹមជ្រូកមួយកន្លែងក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលដែលមានបទពិសោធជាង ១៥ ឆ្នាំបាននិយាយថា ក្រោយពីជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងចូលមកកម្ពុជាកាលពីឆ្នាំមុន លោកមិនទាន់បានចាប់ផ្តើមចិញ្ចឹមជ្រូកឡើងវិញទៀតទេ ព្រោះមិនទុកចិត្តថា មានសុវត្ថិភាព។
លោកបន្តថា ការចិញ្ចឹមត្រូវការរយៈពេល ៤-៥ ខែទើបអាចលក់បាន តែបើសិនជាមានជំងឺប៉េស្តជ្រូកអាហ្វ្រិកកើតឡើងគឺតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ជ្រូកនឹងត្រូវងាប់ទាំងអស់។ លោកនិយាយថា៖ «ខ្ញុំមិនទាន់ហ៊ានចិញ្ចឹមវិញទេ ព្រោះនៅពេលនេះមិនទាន់មានថ្នាំសម្រាប់ព្យាបាលជំងឺនេះ»។
លោកបន្តថា ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកកាលពីឆ្នាំមុន កសិដ្ឋានចិញ្ចឹមរបស់លោកមិនបានទទួលរងផលប៉ះពាល់ទេ ព្រោះជ្រូកប្រមាណជាង ១ ៥០០ ក្បាលត្រូវបានលក់ចេញទាំងអស់មុនពេលជំងឺប៉េស្តជ្រូកអាហ្វ្រិក រាលដាលមកដល់ជិតកសិដ្ឋានរបស់លោក។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ថាក្រសួងមានគោលនយោបាយក្នុងការជំរុញឲ្យប្រជាជនចិញ្ចឹមជ្រូកឲ្យបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារ។ លោកបន្តថា ការរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកមួយរយៈនៅកម្ពុជាបានធ្វើឲ្យទឹកចិត្តអ្នកចិញ្ចឹមមានការរារែកក្នុងការចាប់ផ្តើមម្តងទៀត។ លោកបន្តថាការចិញ្ចឹមជ្រូកបានធ្លាក់ចុះយ៉ាងច្រើនកាលពីឆ្នាំ ២០១៩។
ទោះយ៉ាងណាលោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ការចិញ្ចឹមជ្រូកនឹងមានកំណើនឡើងវិញនៅក្នុងឆ្នាំនេះ ព្រោះជ្រូកកំពុងមានទីផ្សារល្អ»។
លោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មកាលពីដើមខែកុម្ភៈនេះបានឲ្យដឹងថា តម្រូវការបរិភោគសាច់នៅកម្ពុជាពីឆ្នាំ ២០១៩ មានបរិមាណប្រហែល ២៩០ ០០០ តោន ខណៈការផ្គត់ផ្គង់មានចំនួន ២៤០ ០០០ តោន។ លោកបន្តថា៖ «យើងគ្រោងនឹងផលិតសាច់ពាហនៈ ៣៣៥ ០០០ តោន ក្នុងឆ្នាំ ២០៣០ ដើម្បីបំពេញកង្វះខាត និងកាត់បន្ថយការនាំចូល»។
លោក សុខុម បានឲ្យដឹងថាជាមួយនឹងផលិតកម្មសាច់សរុបនេះក្នុងនោះសាច់មាន់ ទា មានចំណែក ២០ ភាគរយ សាច់គោ ២៧ ភាគរយ និងជ្រូក ៥៧ ភាគរយ។
តាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ប្រជាជនកម្ពុជាបរិភោគសាច់ជាមធ្យម ១៧,៦ គីឡូក្រាម ម្នាក់ក្នុង ១ ឆ្នាំ ដែលរួមមានសាច់គោ ៥ គីឡូក្រាម សាច់ជ្រូក ៩,២៩ គីឡូក្រាម មាន់ទា ៣,៣ គីឡូក្រាម និងសាច់ផ្សេងទៀត ០,០១ គីឡូក្រាម៕