ភ្នំពេញ៖ សហគ្រិនខ្មែរជាអង្គភាពមួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានសម្រេចកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ដ្រមួយ ដើម្បីបង្កើនល្បឿនក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ប្រទេសកម្ពុជា និងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក។
សេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី ១១ ខែឧសភានេះ ភាពជាដៃគូថ្មីរវាង KE និង UNDP មានបំណងគាំទ្រការអភិវឌ្ឍ SMEs ប្រកបដោយចីរភាព និងពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ដោយបម្រើជាកាតាលីករសម្រាប់ SMEs ដើម្បីបង្កើនវត្តមានអនឡាញរបស់ពួកគេ ផ្ដល់សេវាកម្មថ្មីៗ និងកំណត់ការឆ្ពោះទៅរកទិសដៅ ដើម្បីធ្វើពាណិជ្ជកម្មអន្តរជាតិ។
កាលពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០ UNDP និងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម (MoC) បានរួមគ្នាបង្កើតគម្រោងជំរុញល្បឿនពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា។
ភាពជាដៃគូរួមនេះ មានគោលបំណងក្នុងការបង្កើនឱកាសក្នុងស្រុក និងអន្តរជាតិសម្រាប់ SMEs តាមរយៈវេទិកាឌីជីថល និងបង្កើតការងារថ្មីជាង ១ ០០០ កន្លែង ត្រឹមឆ្នាំ ២០២២។
នៅក្នុងគំនិតផ្តួចផ្ដើមរួមនេះ សហគ្រាសធុនតូច និងមធ្យម ១២៥ ត្រូវបានរំពឹងថា នឹងទទួលបានជំនួយឥតសំណង និងការបណ្ដុះបណ្ដាលផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកតាមរយៈការផ្ដល់ហិរញ្ញប្បទានរួមពី MoC នៃកម្មវិធីការធ្វើសមាហរណកម្មក្របខ័ណ្ឌចម្រុះ (EIF) របស់រដ្ឋាភិបាលអូស្ដ្រាលី និង UNDP ។
«ជាមួយនឹងភាពជាដៃគូថ្មីនេះ និងការផ្ដល់មូលនិធិបន្ថែមពី KE នៅពេលនេះ គម្រោងនេះត្រូវបានរំពឹងថា នឹងបង្កើនល្បឿន ដើម្បីគាំទ្រដល់ការបន្ថែម SMEs ចំនួន ៥០ នៅក្នុងសកម្មភាពគម្រោងពីរនេះ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននេះ។
សកម្មភាពទាំងនេះ រួមមានកម្មវិធីធុរកិច្ចបង្កើតថ្មី (បំពាក់ SMEs ជាមួយនឹងជំនាញចាំបាច់ និងការគាំទ្រដែលត្រៀមខ្លួនជាស្រេច) និងកម្មវិធីផ្ដល់ជំនួយខ្នាតតូច (គាំទ្រការផ្លាស់ប្តូរទៅជាលក្ខណៈឌីជីថល)។
លោក ឈាង វណ្ណមុនិណ្ឌ អគ្គនាយក KE បានកត់សម្គាល់ថា ការរីករាលដាលជំងឺកូវីដ ១៩ បង្កឲ្យមានអត្ថប្រយោជន៍ដែលមិនធ្លាប់មានសម្រាប់ក្រុមអ្នកចេញគោលនយោបាយ និងអ្នកបង្កើតប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឲ្យ SMEs បន្តរស់ និងការរីកចម្រើនបាន។ ដោយសារតែកាលៈទេសៈដ៏ពិបាក ដែលបានបណ្ដាលមកពីជំងឺកូវីដ ១៩ តាមរយៈកម្មវិធីភាពជាដៃគូនេះ SMEs ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់នឹងមានឱកាសផ្សេងៗ ក្នុងការទទួលបានជំនួយដែលត្រូវបានផ្ដល់ដោយសហគ្រិនខ្មែរ។
លោកថ្លែងថា៖ «រចនាសម្ព័ន្ធកម្មវិធីនេះ ផ្ដល់យន្តការប្រកបដោយប្រសិទ្ធភាព ដើម្បីផ្ដល់មូលនិធិ និងអាចបណ្ដុះបណ្ដាល SMEs ដើម្បីប្រើប្រាស់ឌីជីថល។ អន្តរាគមន៍បែបនោះ នឹងរួមចំណែកចំពោះការបង្កើនល្បឿននៃយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថល»។
គួរឲ្យកត់សម្គាល់ថា សម្រាប់ភាពជាដៃគូនេះ ក៏ពង្រឹងផងដែរ នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង UNDP និង KE ក្នុងការសហការពីមុនដូចជា កម្មវិធី Bluetribe Programme ដើម្បីកែលម្អអេកូស៊ីស្ដែមរបស់ SME តាមរយៈការផ្ដល់ការគាំទ្របច្ចេកវិទ្យា និងហិរញ្ញវត្ថុដល់ SMEs នៅក្នុងវិស័យអាទិភាព។
លោក Nick Beresford តំណាងប្រធាន UNDP បានថ្លែងថា ដោយមានក្រសួងពាណិជ្ជកម្ម UNDP ផ្ដោតការយកចិត្តទុកដាក់ក្នុងការគាំទ្រការងាររបស់ KE ក្នុងការបន្តជំរុញឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ដោយផ្អែកលើការផ្លាស់ប្តូរសេដ្ឋកិច្ច នឹងផ្ដល់ឱកាសដល់សហគ្រាសមីក្រូ និងអាជីវកម្មធុនតូច ក្នុងការរីកចម្រើនកាន់តែរហ័ស ផ្ដល់ការងារ និងការរីកចម្រើនកាន់តែច្រើន និងធ្វើដូចនេះ ជាមួយនឹងការការពារកាន់តែខ្លាំងប្រឆាំងនឹងជំងឺកូវីដ ១៩។
លោកបានថ្លែងថា៖ «ភាពជាដៃគូនេះ នឹងពង្រឹងសមត្ថភាពដែលមានស្រាប់ទាំងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ តាមរយៈការប្រមូលផ្ដុំការតភ្ជាប់បណ្ដាញសហគមន៍មូលដ្ឋាន និងអ្នកជំនាញអន្តរជាតិ»។
ជាមួយគ្នានេះដែរ តាមរយៈកិច្ចសហការនេះ វាក៏នឹងជំរុញមធ្យោបាយនវានុវត្តន៍នៃការរៀបចំកម្មវិធីសម្រាប់ប្រព័ន្ធអេកូស៊ីស្ដែមទាំងមូល តាមរយៈការគាំទ្រពីវិស័យឯកជន និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ដើម្បីជួយសហគ្រាសមីក្រូធុនតូច និងមធ្យម (MSMEs) និងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ផងដែរ៕LA