ភ្នំពេញៈ សហគ្រិនខ្មែរ (KE) ដែលជាអង្គភាពមួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកម្មវិធីចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ដ្រាលី (CAVAC) ផ្តួចផ្តើមជួយអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMES) ឬធុរកិច្ចបង្កើតថ្មីដែលកែច្នៃផលិតផលកសិកម្មតាមរយៈការផ្តល់កញ្ចប់ជំនួយឧបត្ថម្ភឥតសំណង និងផែនការអភិវឌ្ឍន៍។
កញ្ចប់ជំនួយនេះមានគោលបំណងគាំទ្រដល់ SMEs និងធុរកិច្ចបង្កើតថ្មីក្នុងវិស័យកសិកម្មដែលបច្ចុប្បន្នកំពុងជួបការលំបាក ដោយសារតែវិបត្តិជំងឺកូវីដ ១៩ ព្រមទាំងដើម្បីបង្កើនតម្លៃកាន់តែច្រើនដល់ផលិតផលកសិកម្មក្នុងស្រុក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរនេះត្រូវបានអនុវត្តឡើងជា ៤ ដំណាក់កាលធំៗ។ នៅក្នុងដំណាក់កាលទី១ សហគ្រិនខ្មែរនឹងប្រកាសបើកទទួលពាក្យស្នើសុំតាមរយៈបណ្ដាញសង្គមនានាតាមរយៈដៃគូសហគ្រិនខ្មែរ និងបណ្ដាញសារព័ត៌មាន។ ការសម្រិតសម្រាំង និងដាក់ពិន្ទុលើពាក្យស្នើស្ថិតនៅដំណាក់កាលទី២។ ក្នុងដំណាក់កាលទី៣ សហគ្រិនខ្មែរនឹងតម្រូវឱ្យសហគ្រិនជាប់វគ្គជម្រុះទាំងអស់មកធ្វើបទបង្ហាញពីគំរូអាជីវកម្មរបស់ខ្លួន រីឯដំណាក់កាលទី ៤ សហគ្រិនខ្មែរប្រកាសបេក្ខភាពជយលាភី ដែលនឹងត្រូវទទួលកញ្ចប់ជំនួយ។ ក្នុងដំណើរការនេះជាឱកាសជួយផ្សព្វផ្សាយពីគំរូអាជីវកម្ម ផលិតផល និងសេវាកម្មរបស់អាជីវកម្មខ្លួន។
លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរបានឱ្យដឹងថា ក្នុងនាមជាអង្គភាពមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាវេទិកាជាតិសម្រាប់ការផ្សព្វផ្សាយសកម្មភាពសហគ្រិននៅកម្ពុជា។
លោក វណ្ណមុនិណ្ឌ បញ្ជាក់ថា សហគ្រិនខ្មែរ និង CAVAC មានមហិច្ឆតា និងគោលបំណងដូចគ្នាក្នុងការដោះស្រាយ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេសការកែច្នៃកសិកម្មនៅក្នុងប្រទេសនេះ។
លោក វណ្ណមុនិណ្ឌ ថ្លែងថា៖ «សហគ្រិនខ្មែរសង្ឃឹមថា អង្គការជាច្រើនផ្សេងទៀតអាចប្រើប្រាស់វេទិកាសហគ្រិនខ្មែរជាវិធីសាស្ត្រក្នុងការសម្រេចបានគោលបំណងផ្ទាល់របស់ពួកគេ តាមរយៈការក្លាយជាដៃគូសហគ្រិនខ្មែរ»៕LA