ភ្នំពេញៈ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ចាត់​ទុក​​ការ​យក​ពន្ធ​លើ​ការ​នាំចូល​អង្ករ​​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​​ថា មាន​លក្ខណៈ​ឆាប់​រហ័ស​ពេក ​ខណៈ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ​ត្រូវ​ការ​ពេល​​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​ខ្លួន ​ដើម្បី​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត​ប្រជែង ​ដោ​យ​ពឹង​ផ្អែក​លើ​ការ​អនុ​គ្រោះ​ពន្ធ​។ ​នេះ​បើ​យោង​តាម​សេចក្តី​​ថ្លែង​ការណ៍​របស់​ខ្លួន​។​

ការ​លើក​ឡើង​បែប​នេះ​គឺ​ប៉ុន្មាន​​ថ្ងៃ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​​សម្រេច​ដាក់​ពន្ធលើ​ការ​នាំ​ចូល​​អង្ករ​កម្ពុជា​រយៈ​ពេល​ ៣ ឆ្នាំ​នៅ​​ក្នុង​វិធាន​ការ​ការពារ​ទីផ្សារ​ផលិត​ផល​របស់​ខ្លួន​ក្រោយ​មាន​ការ​តវ៉ា​ពី​ប្រទេស ​អ៊ីតាលី​។

ភ្លាម​ៗ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​និង​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ទាំង​អស់​ បាន​ជួប​ប្រជុំ​ពិភាក្សា​ទៅ​លើ​ផល​ប៉ះ​ពាល់​នៃ​ការ​ដាក់​ពន្ធ​លើ​អង្ករ​ដែល​នាំចូល​ពី​ប្រទេស​ កម្ពុជា ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នេះ​។

CRF ​បាន​ឲ្យ​ដឹង​ថា៖ «ការ​យក​ពន្ធ​នេះ ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​ប្រជែង ​និង​មាន​ការ​ពិបាក​នាំចូល​អង្ករ​​ពី​កម្ពុជា ​ទៅ​កាន់​សហភាព​អឺរ៉ុប​ ដោយ​សារ​យើង​មិន​បាន​ត្រៀម​ខ្លួន​ពេញ​លេញ​»។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏​បាន​ចាត់​ទុក​ថា ​ការ​សម្រេច​ដាក់​ពន្ធ​នេះ ​ជា​ជំហាន​ថយ​ក្រោយ​រវាង​សហភាព​អឺរ៉ុប​និង​កម្ពុជា ​ដែល​បាន​កសាង​កន្លង​មក​។ ​ទោះ​បី​យ៉ាង​នេះ​ក្តី​ CRF សង្ឃឹម​ថា ​ការ​សហការ​រវាង​ប្រទេស​ទាំង ២ ​នឹង​អាច​ដើរ​ទៅ​មុខ​បាន​ច្រើន​ជំហាន​ទៀត​​​។

សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា៖​ «​ដើម្បី​ឆ្លើយ​តប​នឹង​ការ​យក​ពន្ធ​នេះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​នឹង​ព្យាយាម​តវ៉ា​ទៅ​អន្តរជាតិ ​និង​ព្យាយាម​ពង្រឹង​ការ​ប្រកួត​ប្រជែង ​តាម​រយៈ​ការ​កាត់​បន្ថយ​ចំណាយ​ថ្លៃ​ដើម​ និង​ពង្រីក​ទីផ្សារ​ដោយ​ធ្វើ​ការ​ជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ជា​ពិសេស​ក្រុម​ការងារ​ទី​ ៩ ​នៃ​វេទិកា​រាជ​រដ្ឋាភិបាល ​និង​​វិស័យ​ឯកជន​ផ្នែក​ស្រូវ​អង្ករ​ ដើម្បី​ជំរុញ​ការ​ប្រកួត​ប្រជែង ​និង​ព្យាយាម​ជំរុញ​ម៉ាក​សញ្ញា​អង្ករ​ប្រណីត​កម្ពុជា​ទៅ​កាន់​​ទីផ្សារ​អន្តរ​ជាតិ​នានា​»។

ក្រោយ​ពី​សហភាព​អឺរ៉ុប​សម្រេច​យក​ពន្ធ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ មាន​ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​ហូរ​ហែ ហើយ​រដ្ឋា​ភិបាល​​​តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម​បាន​​ហៅ​ការ​សម្រេច​នេះ​ថា ​ជា​ការ​​បំពាន​នឹង​ច្បាប់​របស់​អង្គការ​​ពាណិជ្ជកម្ម​​ពិភព​​លោក​៕