ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន KrisEnergy របស់​សិង្ហបុរី​ដែលជា​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​បាន​ដំណើរការ​អណ្តូង​បូមប្រេងឆៅ​ចំនួន ៤ ថែមទៀត​កាលពី​ចុងខែ​កុម្ភៈ​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​នេះ​បាន​ដំណើរការ អណ្តូង​បូមប្រេង ៤ បន្ថែមទៀត​ក្នុង​អណ្តូងប្រេង A-01D នៃ​ផ្លេតហ្វម​នៅ​តំបន់​ប្រេង​អប្សរា​ក្នុង​ប្លុក A នៃ​បាសាំង​ខ្មែរ បន្ទាប់ពី​អណ្តូង​ទី​ ១ បាន​ដំណើរការ​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២០​។

លោក​និយាយថា​៖ «​បើ​អណ្តូង​ទាំង​ ៥ ​នេះ ដំណើរការ​ល្អ គេ​នឹង​ធ្វើការ​ខួងអណ្តូង​ជា​បន្តបន្ទាប់​ទៀត​ទៅតាម​ផែនការ​របស់​ក្រុមហ៊ុន​»​។

កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា តាម​ការព្យាករ​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​នឹង​ទទួលបាន​ចំណូល​ពី​ឧស្សាហកម្ម​ប្រេង​ប្រមាណ ៣០ លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​បើ​តម្លៃ​ប្រេង​អន្តរជាតិ​ស្ថិតក្នុង​តម្លៃ​ ៥៥ ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។

លោក​ថ្លែងថា​៖ «​តាម​ការប៉ាន់​ប្រមាណ​យើង​នឹង​ទទួលបាន​ប្រមាណ​ចន្លោះ​ពី ៧ ០០០ ​ទៅ ៧ ៥០០ ​បារ៉ែល ក្នុង​ ១ ​ថ្ងៃ​ គឺជា​ទំហំ​តូច​ណាស់​ដែល​វា​មិនទាន់​ជះឥទ្ធិពល​ទៅលើ​ផ្នែក​សេដ្ឋកិច្ច​យើង​បានទេ ប៉ុន្តែ​វា​ជា​ការចាប់ផ្តើម​ដ៏ល្អ​នៃ​ដំណើរការ​ក្នុង​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា​»​។

ក្រុមហ៊ុន KrisEnergy កាលពី​ថ្ងៃ​ទី​ ២៩ ខែធ្នូ បាន​ប្រកាស​ជា​ផ្លូវការ​ពី​តំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា​នៅ​សមុទ្រ​ក្នុង​តំបន់​សម្បទាន​ប្លុក A ដែល​បានចាប់ផ្ដើម​ផលិតកម្ម​កាលពី​ថ្ងៃ​ទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២០​។ កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ទី​ ៨ នៅក្នុង​តំបន់​អាស៊ាន​ (​លើកលែង​ឡាវ និង​សិង្ហបុរី​)​។

លោក Kelvin Tang អគ្គនាយក និង​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៅ​កម្ពុជា​នៃ​ក្រុមហ៊ុន KrisEnergy ឱ្យដឹងថា តំណក់​ប្រេង​ជា​លើកដំបូង​នៃ​អណ្ដូងប្រេង​អប្សរា គឺ​បង្ហាញ​ពី​ដំណើរការ​អស់​រយៈពេល ១០ ​ឆ្នាំ​ចាប់តាំងពី KrisEnergy បានក្លាយ​ជា​ដៃគូ​មួយ​នៅក្នុង​ប្លុក A​។

លោក​និយាយថា​៖ «​ខ្ញុំ​សូម​បង្ហាញ​ការកោតសរសើរ​របស់​ខ្ញុំ​ដល់​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​សម្រាប់​ការគាំទ្រ​កិច្ចសហការ និង​ការលះបង់​របស់​ពួកគេ​ដើម្បី​ទទួល​បាន​ការអភិវឌ្ឍ​អណ្ដូងប្រេង​អប្សរា​។ KrisEnergy មាន​កិត្តិយស​ក្នុង​ការក្លាយ​ជា​ផ្នែក​មួយ​នៃ​ឱកាស​ជា​ប្រវត្តិសាស្ដ្រ​នេះ​»​។

លោក Kelvin ឱ្យដឹង​ទៀត​ថា ក្នុង​បរិបទ​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ក្នុង​ឆ្នាំ​ ២០២០ ​នេះ​គឺ​មាន​ការរីកចម្រើន​ដ៏គួរឱ្យ​កត់សម្គាល់​រហូត​ឈាន​ទៅ​ដល់​ការទាញយក​តំណក់​ប្រេង​លើកដំបូង​។ នេះ​ជា​សមិទ្ធផល​ដ៏អស្ចារ្យ​មួយ និង​ជា​សក្ខីកម្ម​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​ក្រុមការងារ​ក្រុមហ៊ុន KrisEnergy និង​កិច្ចសហប្រតិបត្តិការ​ដ៏រឹងមាំ​នៃ​ក្រុមហ៊ុន​ម៉ៅការ និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​។

លោក​បន្ថែមថា​៖ «​ពេលនេះ​ភារកិច្ច​របស់​យើង​បញ្ចប់​ការ​ខួង​ប្រេង​ក្នុងចំណោម​អណ្ដូងប្រេង​នៅសល់​ចំនួន ៤ ​ទៀត​ដែល​ធ្វើឱ្យមាន​ស្ថិរភាព​ផលិតកម្ម និង​ការត្រួតពិនិត្យ​ដើម្បី​យើង​អាច​វាយតម្លៃ​ដ៏ល្អ​បំផុត​ឆ្ពោះ​ទៅមុខ និង​ដើម្បី​បង្កើន​ការផលិត​ប្រេង​របស់​កម្ពុជា និង​តម្លៃ​ទ្រព្យសកម្ម​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​»៕ LA

វីដេអូ៖