ភ្នំពេញៈ អេស៊ីលីដា ដែលជាធនាគារគ្រប់គ្រងដោយវិនិយោគិននៅក្នុងស្រុកធំជាងគេនៅកម្ពុជាបានប្រមូលមូលនិធិប្រហែល ១៧,៥ លានដុល្លារពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) របស់ខ្លួននៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃចន្ទ បើទោះបីការរីករាលដាលជំងឺកូវីដ១៩ កំពុងគំរាមកំហែងដល់ការធ្លាក់ចុះនៃតម្លៃទីផ្សារភាគហ៊ុនពិភពលោក និងក្នុងតំបន់ក៏ដោយ។
ធនាគារនេះបានក្លាយជាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុនទី ៦ និងជាធនាគារពាណិជ្ជដំបូងគេដែលបានបោះផ្សាយលក់ភាគហ៊ុននៅលើផ្សារហ៊ុននេះជាមួយនឹងភាគហ៊ុនសរុបចំនួន ៤,៣៤ លាន ឬស្មើនឹង ១ ភាគរយនៃភាគហ៊ុនសរុបរបស់ខ្លួនជាង ៤៣៣ លានដុល្លារ ខណៈតម្លៃក្នុង ១ ហ៊ុនគឺ ១៦ ២០០ រៀល (៤,០៥ ដុល្លារ)។ នេះបើតាមឯកសារចុះបញ្ជីដែលផ្ញើទៅ CSX។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានឲ្យដឹងនៅក្នុងពិធីចុះបញ្ជីថា ក្រុមវិនិយោគិនសាធារណៈប្រហែល ២ ៤៩៧ នាក់បានក្លាយជាភាគទុនិកថ្មីរបស់ធនាគារតាមរយៈការបោះផ្សាយ IPO ផ្លូវការនេះ។
លោកថ្លែងថា៖ «ការចុះបញ្ជីជាផ្លូវការភាគហ៊ុនរបស់ធនាគារអេស៊ីលីដា គឺជាការបើកសករាជថ្មីរបស់ធនាគារចាប់តាំងពីប្រតិបត្តិការអស់រយៈពេលជាង ២៧ ឆ្នាំរួចមក។ យើងពិតជាកោតសរសើរចំពោះនិយតករ អាជ្ញាធរពាក់ព័ន្ធ និងក្រុមវិនិយោគិនដែលបានលើកទឹកចិត្ត និងវិនិយោគលើភាគហ៊ុនរបស់យើងទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ»។
លោក ហុង សុខហួរ អគ្គនាយក CSX បានឲ្យដឹងថា ធនាគារអេស៊ីលីដា ក្លាយជាក្រុមហ៊ុនចុះបញ្ជីទី ៦ និងជាធនាគារពាណិជ្ជដំបូងគេដែលចុះបញ្ជីភាគហ៊ុនរបស់ខ្លួនលើផ្សារហ៊ុនកម្ពុជា។ ជាមួយនឹងការចុះបញ្ជីនេះ ធនាគារនេះអាចប្រមូលមូលនិធិបានកាន់តែច្រើននៅពេលណាមួយ តាមរយៈការចេញលក់ភាគហ៊ុនកាន់តែច្រើននៅលើផ្សារហ៊ុន។
លោកថ្លែងថា៖ «ផ្សារមូលបត្រកម្ពុជាបានផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនពីការសន្សំប្រាក់ទៅជាការវិនិយោគ។ ដូច្នេះអ្នកដែលមានមូលនិធិសល់ ពួកគេអាចវិនិយោគលើផ្សារហ៊ុនបាន។ ទោះបីជាស្ថានការណ៍បច្ចុប្បន្នមានភាពមិនច្បាស់លាស់ខ្លាំងក៏ដោយ ក៏ផ្សារមូលបត្រកម្ពុជានៅតែប្រតិបត្តិការដូចធម្មតា»។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (SECC) ដែលធ្វើជាអធិបតីក្នុងពិធីនោះបានឲ្យដឹងថា ជាមួយនឹងការធ្វើមូលធនទីផ្សារដ៏ច្រើនរបស់ធនាគារអេស៊ីលីដាមានប្រហែល ១,៧៥ ពាន់លានដុល្លារ ដែលស្មើជិត ៣ ដងនៃការកម្រិតទីផ្សាររបស់ CSX វានឹងធ្វើឲ្យមានភាពទាក់ទាញកាន់តែខ្លាំងសម្រាប់ក្រុមវិនិយោគិនបរទេស ជាពិសេសវិនិយោគិនស្ថាប័ន ព្រមទាំងជំរុញសកម្មភាពជួញដូររបស់ទីផ្សារមួយនេះផងដែរ។
លោកថ្លែងថា៖ «ផ្សារមូលបត្រកម្ពុជាកំពុងក្លាយជាច្រកថ្មីមួយនៃការផ្ដល់ហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុន និងសហគ្រាស ដែលកំពុងមានតម្រូវការមូលនិធិ ហើយវានឹងគាំទ្រកំណើនអាជីវកម្មពួកគេ»។
លោក ហុង សុខហួរ បានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី ២៥ ខែឧសភា CSX មានក្រុមហ៊ុនចុះបញ្ជីសរុប ១២ ក្នុងចំណោមនោះក្រុមហ៊ុន ៦ បោះផ្សាយមូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន ៦ ផ្សេងទៀតបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុន ១២ នេះបានប្រមូលមូលនិធិប្រហែល ២៤០ លានដុល្លារ និងសន្ទស្សន៍ភាគហ៊ុនបានកើនឡើងជាង ៥៧ ភាគរយកាលពីឆ្នាំ ២០១៩ ធៀបនឹងឆ្នាំ ២០១៨។ លោកបានបន្ថែមថា មកដល់ពេលបច្ចុប្បន្ននេះវិនិយោគិនលក្ខណៈបុគ្គល និងក្រុមហ៊ុនប្រហែល ២៥ ០០០ បានបើកគណនីជួញដូរនៅ CSX៕ LA