ភ្នំពេញ: តំណាង​អ្នក​ផលិត និង​ក្រុមហ៊ុន​នាំចេញ​ផលិតផល​ស្ករត្នោត GI ឲ្យ​ដឹងថា ស្ករ​ក្លែងក្លាយ​នឹងធ្វើ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ផលិតផល​ស្ករត្នោត GI ដែល​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ទីផ្សារ​នាំចេញ​។

ការព្រួយបារម្ភ​ធ្វើឡើង បន្ទាប់ពី​អាជ្ញាធរ​បាន​បង្ក្រាប និង​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែង​មួយចំនួន​នៅ​ស្រុក​បាទី ខេត្ត​តាកែវ កាលពី​ថ្មីៗ​នេះ​។

ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ (KSPSPA) លោក សំ សារឿន ឲ្យ​ដឹងថា ការបង្ក្រាប និង​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បណ្តោះអាសន្ន​មួយចំនួន​នេះ​នឹង​ជួយ​ការពារ​ដល់​ផលិតផល​ស្ករត្នោត GI របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​គាំទ្រ​ចំពោះ​អាជ្ញាធរ​ធ្វើការ​បង្ក្រាប​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ ព្រោះ​វា​ធ្វើឲ្យ​ខូច​ឈ្មោះ​ស្ករត្នោត​នៅ​កំពង់ស្ពឺ​យើង​។ ប្រជា​ពលរដ្ឋ​មុននឹង​ទិញ​ស្ករត្នោត​ត្រូវ​តែ​ដឹង​ពី​ប្រភពដើម​ផលិត ដើម្បី​ចៀសវាង​ទិញ​ស្ករ​ក្លែងក្លាយ​»​។

លោក​បន្តថា KSPSPA មាន​សមាជិក​ ១៦៨ ​នាក់​ ដោយ​រំពឹងថា​នឹង​ផលិត​ ២៥០ ​តោន​ក្នុងឆ្នាំនេះ​។ បច្ចុប្បន្ន​ស្ករត្នោត GI លក់​ចេញ​ក្នុង​តម្លៃ ៦ ០០០ រៀល​ ក្នុង​ ១ ​គីឡូក្រាម​។ លោក​បន្តថា​៖ «​ប្រជាសហគម​ផលិត​ស្ករត្នោត GI គ្រោង​ស្នើសុំ​ដំឡើងថ្លៃ​ស្ករ​ ១០០ ​រៀល [​ពី​ក្រុមហ៊ុន​នាំចេញ​] ក្នុង​ ១ គីឡូក្រាម​នៅ​រដូវ​ផលិត​ឆ្នាំនេះ​»​។

ស្ករត្នោត​ខេត្តកំពង់ស្ពឺ​ត្រូវបាន​ចុះបញ្ជី​ជា​ផលិតផល​ការពារ​ដោយ​សហភាព​អឺរ៉ុប​កាលពី​ខែ​មេសា ឆ្នាំ​ ២០១៩​។ នេះ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (GI) ​ទី​ ២ បន្ទាប់ពី​ម្រេច​កំពត​ត្រូវបាន​ចុះបញ្ជី​​ការពារ​ដោយ EU កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៦​។

លោក ហ៊ឹម ពិសិដ្ឋ អនុប្រធាន​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Confirel Co.,Ltd ជា​ក្រុមហ៊ុន​នាំចេញ​ស្ករត្នោត GI បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​លោក​ក៏មាន​ការព្រួយបារម្ភ​ចំពោះ​ផលិតផល​ស្ករ​ក្លែងក្លាយ​ដែល​នឹងធ្វើ​ប៉ះពាល់​ដល់​ទីផ្សារ​នាំចេញ​របស់ខ្លួន​ដែរ​។ លោក​ថ្លែងថា​៖ «​ឥឡូវ​បញ្ហា​ប្រឈម​នឹង​ស្ករ​ក្លែងក្លាយ​ដែល​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ទីផ្សារ​នាំចេញ​របស់​យើង​»​។

លោក​បាន​បន្ថែមថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​ក្រុមហ៊ុន​លោក​បាន​ចំណាយ​ពេលវេលា​ ៣​ ឆ្នាំ​ ដើម្បី​ពន្យល់​អ្នកបញ្ជា​ទិញ​នៅ​អឺរ៉ុប​ជុំវិញ​ការភាន់ច្រឡំ​ថា​ស្ករត្នោត​ផលិត​ចេញពី​ដើម​ប្រេងដូង ក្រោយមក​ក្រុមហ៊ុន​របស់​លោក​បានសម្រេច​ហៅ​ស្ករត្នោត​ជា​ភាសា​អង់គ្លេស​ថា Thnot Sugar ជំនួស​ឲ្យ​ពាក្យ Palm Sugar រហូត​មក​ដល់​ពេលបច្ចុប្បន្ន​នេះ​។

លោក​បន្តថា​៖ «​ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ក្រុមហ៊ុន​ [​យើង​] បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​ផលិតផល​ស្ករត្នោត​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ដែល​កាលនោះ​អ្នកបញ្ជា​ទិញ​យល់ច្រឡំ​ថា ស្ករត្នោត​ផលិត​ចេញ​ពី​ប្រេងដូង​»​។

ក្រុមហ៊ុន Confirel Co.,Ltd បាន​បញ្ជា​ទិញ​ស្ករត្នោត GI ជាង​ ១០០ ​តោន​ ក្នុង​រដូវ​ប្រមូលផល​កាលពី​ឆ្នាំ​ ២០១៨​។ ក្រុមហ៊ុន​នេះ​បាន​នាំចេញ​ស្ករត្នោត​សម្រេច​បាន​ចំនួន ៨៣ ​តោន​ ក្នុង​រយៈពេល​ ១១ ​ខែ​ឆ្នាំ​នេះ ដែល​បាន​នាំ​ចេញទៅ​អឺរ៉ុប កូរ៉េ តៃវ៉ាន់ ជប៉ុន ចិន ជាដើម​។ នេះ​បើ​តាម​លោក ពិសិដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ការនាំចេញ​យើង​មិន​សម្រេច​បាន​តាម​ផែនការ​របស់​ក្រុមហ៊ុន​នោះ​ទេ បើ​តាម​ផែនការ ក្រុមហ៊ុន​គ្រោង​នឹង​នាំចេញ​ឲ្យ​បាន​ ១៥០ ​តោន​ក្នុង​ ១ ​ឆ្នាំ​»​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​នាំចេញ​ស្ករត្នោត​ ១០ ដែល​នាំចេញ​ផលិតផល​នេះ​ទៅ ២០ ​ប្រទេស ហើយ​ទិសដៅ​សំខាន់ៗ​គឺ​ទីផ្សារ​ជប៉ុន កោះ​តៃវ៉ាន់ កូរ៉េខាងត្បូង និង EU​។ នេះ​បើ​យោងតាម​សមាគម​។ ផលិតផល​នេះ​ក៏​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ផងដែរ​។ នេះ​បើតាម​ប្រធាន​សមាគម KSPSPA៕LA

វីដេអូ៖