ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ១៦,៤ លានដុល្លារ ដល់គម្រោងថាមពលអគ្គិសនីពីសូឡាទំហំ ៦០ មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង ដែលគម្រោងនេះនឹងគាំទ្រឱ្យក្រុមហ៊ុន Prime Road Alternative (Cambodia) Co. Ltd ដើម្បីអភិវឌ្ឍ និងប្រតិបត្តិការរោងចក្រថាមពលពន្លឺសូឡា។
កាលពីថ្ងៃទី ៥ ខែមករា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងសូឡាទំហំ ៦០ មេហ្គាវ៉ាត់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានទុន វិនិយោគ ៣៧,៤ លានដុល្លារ ហើយនឹងអភិវឌ្ឍដោយក្រុមហ៊ុន Prime Road Alternative (Cambodia) Co Ltd ។
លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នេះជាគម្រោងបង្កើតរោងចក្រថាមពលសូឡាថ្មីមួយទៀតដែលគ្រប់គ្រងដោយអគ្គិសនី-កម្ពុជា (EDC)។ លោកបន្តថា គម្រោងនេះអាចនឹងសាងសង់នៅលើផ្ទៃដីពី ៨០ ទៅ ១០០ ហិកតា ក្នុងស្រុកទឹកផុស ជាប់ព្រំប្រទល់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ទោះជាយ៉ាងណាលោកមិនដឹងថា គម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅពេលណានោះទេ។
លោកបន្ថែមថា៖ «ទីតាំងនោះល្អអាចបង្កើតរោងចក្រសូឡាបាន។ គម្រោងនេះផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច សង្គម ហើយក៏នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់នោះថែមទៀតផង»។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ ADB ដែលបានចេញផ្សាយពីខែកញ្ញា ឆ្នាំ ២០១៩ បានបង្ហាញថា ការដេញថ្លៃគម្រោងនេះដែលត្រូវបានធ្វើឡើងដោយ EDC បានបញ្ចប់ ជាមួយការដេញថ្លៃទាបបំផុតរបស់ក្រុមហ៊ុនប្រាយម៍ រ៉ូដអលថឺណេធីវ ក្នុងតម្លៃ ០,៣៨៧៧ ដុល្លារ ក្នុង ១ គីឡូវ៉ាត់ម៉ោង។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រដ្ឋាភិបាលដាក់ឱ្យដំណើរការរោងចក្រថាមពលពីសូឡាទំហំ ៦០ មេហ្គាវ៉ាត់ចំនួនមួយរួចមកហើយ ដែលបានតភ្ជាប់ចូលបណ្តាញជាតិកាលពីខែមេសា ឆ្នាំមុន។ គម្រោងនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន SchneiTec Renewable Co Ltd ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិន និងដៃគូក្នុងស្រុក។
បើតាមលោក ហ្សូនា ការភ្ជាប់ចូលបណ្តាញជាតិរបស់រោងចក្រនេះបាននាំឱ្យការផលិតថាមពលសូឡាសរុបនៅកម្ពុជាកើនដល់ ១៥០ មេហ្គាវ៉ាត់។
រដ្ឋាភិបាលក៏គ្រោងនឹងសាងសង់រោងចក្រថាមពលសូឡាទំហំ ៤០ មេហ្គាវ៉ាត់មួយទៀត ស្ថិតនៅខេត្តកំពង់ឆ្នាំងផងដែរ ខណៈក្រសួងរ៉ែ និង EDC កំពុងរៀបចំឯកសារដេញថ្លៃសម្រាប់ដាក់ជូនឱ្យក្រុមហ៊ុនដេញថ្លៃគម្រោងនេះ៕ LA