ភ្នំពេញៈ កម្ពុជានឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចលឿនជាងមុននាឆ្នាំនេះ ជាមួយនឹងអត្រាកំណើនរហូតដល់ ៧,២ ភាគរយ គឺខ្ពស់ជាងឆ្នាំ ២០១៧ ដែលកាលនោះអត្រាកំណើនសេដ្ឋកិច្ចសម្រេចបាន ៧ ភាគរយ។ នេះបើតាមការវាយតម្លៃថ្មីមួយរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO)។
សម្ទុះកំណើនដ៏រឹងមាំនៅឆ្នាំ ២០១៨ នេះ ត្រូវបានគាំទ្រដោយសកម្មភាពកំណើនក្នុងវិស័យសំណង់ ការស្ទុះងើបឡើងវិញខ្លាំងនៅក្នុងការផលិតសម្លៀកបំពាក់ និងកំណើនដ៏រឹងមាំនៅក្នុងសេវាជាប់ទាក់ទងនឹងទេសចរណ៍។ នេះបើតាមលទ្ធផលវាយតម្លៃរបស់ AMRO តាមរយៈអ្នកជំនាញរបស់ខ្លួន។
លោក Seung Hyun Hong អ្នកជំនាញជាន់ខ្ពស់នៅ AMRO បានឲ្យដឹងថា អតិផរណានៅតែទាប និងប្រកបដោយស្ថិរភាព ទោះបីជាការរំពឹងទុកកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់នៅឆ្នាំនេះក៏ដោយ។
លោកថ្លែងថា៖ «ដើម្បីរក្សាបានអត្រាកំណើនរឹងមាំបន្តទៀត រដ្ឋាភិបាលកម្ពុជា គួរបន្តពង្រឹងគោលនយោបាយការធ្វើកំណែទម្រង់ស៊ីជម្រៅ ការបន្តរក្សាស្ថិរភាពហិរញ្ញវត្ថុ និងផ្តល់អាទិភាពជាថ្មីដល់ធនធានសារពើពន្ធ ដើម្បីឆ្ពោះទៅរកកំណើនការចាយវាយ»។
យោងតាមការវាយតម្លៃរបស់ AMRO រដ្ឋាភិបាលចំណាយកាន់តែខ្ពស់ដោយសារតែកំណើនការវិនិយោគសាធារណៈ ហើយប្រាក់ឈ្នួលវិស័យសាធារណៈ នឹងផ្ដល់ការគាំទ្របន្ថែមដល់កំណើននៅឆ្នាំ ២០១៨។
អតិផរណាត្រូវបានព្យាករថា នឹងកើនឡើងបន្តិចបន្តួចដល់ ៣,១ ភាគរយនៅក្នុងឆ្នាំ ២០១៨ ដោយសារតែការកើនឡើងតម្លៃថាមពលនៅពេលថ្មីៗ។
ប៉ុន្តែទោះបីជាកំណើនប្រាក់ចំណូលខ្ពស់ក៏ដោយ ក៏ឱនភាពថវិកាត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមទៀតក្នុងឆ្នាំ ២០១៨។
ដោយសារតែកំណើនការចំណាយលើប្រាក់ឈ្នួលរហ័សនៅក្នុងវិស័យសាធារណៈ នៅក្នុងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះ សម្ពាធនៃការធ្វើឲ្យមានតុល្យភាពឡើងវិញនៃការចំណាយរបស់រដ្ឋាភិបាលនឹងបន្ត ខណៈគម្លាតហេដ្ឋារចនាសម្ព័ន្ធ នៅតែធំ ហើយការចំណាយលើសុខាភិបាល និងការអប់រំ នៅតែទាប។
សូចនាករវិស័យហិរញ្ញវត្ថុនៅតែល្អ ខណៈកំណើនឥណទានដល់វិស័យឯកជនមានចំនួនមធ្យម។ ការអនុវត្តបទប្បញ្ញត្តិដោយប្រុងប្រយ័ត្ន ដែលរួមមានទុនបម្រុងកាតព្វកិច្ចអប្បបរមាថ្មីបានជួយបង្កើនភាពល្អប្រសើរ និងភាពរឹងមាំរបស់វិស័យហិរញ្ញវត្ថុ៕LA