ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ Tourism Ecological Marine និង International (TEMI) តម្លៃ ៥០០ លានដុល្លារ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍តារាសាគររបស់ក្រុមហ៊ុនចិន Union City Development ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នេះបើយោងតាមសេចក្តីជូនដំណឹងនៅលើទំព័រហ្វេសប៊ុករបស់ CDC កាលពីថ្ងៃចន្ទ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃចន្ទ បានឲ្យដឹងថា ខ្លួនបានយល់ព្រមតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន Union City Development Group Co.,Ltd (UDG) ក្នុងតម្លៃ ៥០០,៤ លានដុល្លារដើម្បីវិនិយោគលើគម្រោងសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលមាន ៨០០ បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីលានវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកម្សាន្ត ចំណតកប៉ាល់ និងគម្រោងមួយចំនួនទៀត។
គម្រោងនេះស្ថិតនៅស្រុក គិរីសាគរ ខេត្តកោះកុង ដោយអាចបង្កើតការងារបានជាង ៥ ០០០ នាក់។
នេះអាចជាគម្រោងថ្មីមួយទៀតរបស់ក្រុមហ៊ុន UDG បន្ទាប់ពីគម្រោង «ក្រុងវិស្សមកាលទេសចរណ៍» Tourism Vocation Town ដែលបានផ្សព្វផ្សាយកាលពីអំឡុងខែកញ្ញាឆ្នាំមុនក្នុងតម្លៃវិនិយោគចំនួន ១,២ ពាន់លានដុល្លារ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ពីម្សិលមិញបាននិយាយថា TEMI ជាផ្នែកតូចមួយក្នុងគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ក្រុមហ៊ុន Union City Development Group ដែលបច្ចុប្បន្នគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំគ្រឹះខាងក្រោម។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា នេះជាការចេញវិញ្ញាបនបត្រជាដំណាក់កាលៗ ខណៈគម្រោងទាំងមូលត្រូវបានអនុម័តរួចហើយ»។
ដោយសារ TEMI ជាគម្រោងធំដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ថ្នាក់ជាតិនោះដូច្នេះលោកមិនមានព័ត៌មានលម្អិតទេ។ ទោះបីយ៉ាងណា លោកប្រាប់ថា៖ «គម្រោងនេះនឹងរួមចំណែកជួយលើកមុខមាត់ខេត្តកោះកុង ក៏ដូចជាជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាជននៅមូលដ្ឋាន»។
លោក សុទ្ធី ថ្លែងថា ដោយសារតែខេត្តកោះកុង មានលក្ខណៈអំណោយផលលើគ្រប់វិស័យនោះ បច្ចុប្បន្នចំនួនវិនិយោគិន និងភ្ញៀវទេសចរ ដែលធ្វើដំណើរទៅកោះកុងបានកើនឡើងជាបន្តបន្ទាប់ ហើយចំនួនសណ្ឋាគារ និងផ្ទះសំណាក់ក៏កើនឡើងច្រើនផងដែរ។
UDG ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនគ្រប់គ្រងដោយរដ្ឋ Wanlong Group បានគ្រប់គ្រងដីសម្បទាន ៤៥ ០០០ ហិកតា នៅស្រុកបទុមសាគរ និងស្រុកគិរីសាគរ របស់ខេត្តកោះកុង ដោយទទួលបានសម្បទានពីរដ្ឋាភិបាលរយៈពេល ៩៩ ឆ្នាំកាលពីឆ្នាំ ២០០៨ ដើម្បីបង្កើតរមណីយដ្ឋានមាត់សមុទ្រ តារាសាគរ ដែលរួមមានកាស៊ីណូ និងគម្រោងទីធ្លាវាយកូនគោល នៅក្នុងឧទ្យានជាតិបទុមសាគរ។
ជាមួយនឹងការចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងខាងលើ CDC ក៏បានចេញវិញ្ញាបនបត្រដល់ក្រុមហ៊ុនចំនួន ៤ ផ្សេងទៀតរួមមានក្រុមហ៊ុន Kai Gao Paper Industry បង្កើតរោងចក្រផលិតម្សៅក្រដាស Paper Pulp and Lignin ពីឈើដាំដុះក្នុងស្រុក នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងតម្លៃវិនិយោគប្រមាណ ១៧,២ លានដុល្លារ។
ក្រុមហ៊ុន Top Rise Master Industry បង្កើតរោងចក្រផលិត និងផ្គុំដំឡើងសម្ភារបរិក្ខារអគ្គិសនីនៅកំពង់ស្ពឺ មានទុនវិនិយោគ $៣,៩ លាន។ ក្រុមហ៊ុន Nanjing Dadi Construction (Cambodia) Development Group លើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ ៥ ចំនួន ៣០០ បន្ទប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីសតនៅខេត្តព្រះសីហនុ មានទុនវិនិយោគ $៨៨,៤ លាន និងក្រុមហ៊ុន Full Ever Textiles (Cambodia) Company Limited លើគម្រោងបង្កើតរោងចក្រផលិតស្រោមដៃ ដែលស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានទុនវិនិយោគ $៧,៧ លាន៕ LA