ភ្នំពេញៈ ប្រទេសកម្ពុជា ឡាវ និងវៀតណាម (CLV) បានប្ដេជ្ញានឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅតាមព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់លើការកសាងផ្សារព្រំដែន និងការជួយសម្រួលក្នុងការរៀបចំឯកសារបញ្ចេញទំនិញពីគយ។
ការសន្យានេះបានធ្វើឡើងក្នុងអំឡុងពេលការពិភាក្សាគ្នាតាមរយៈវីដេអូខនហ្វើរ៉ិនរវាងលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាជាមួយលោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រីប្រទេសវៀតណាម និងលោក Thongloun Sisoulith នាយករដ្ឋមន្ដ្រីប្រទេសឡាវកាលពីថ្ងៃទី ១០ ខែមីនា។
នាយករដ្ឋមន្ត្រីប្រទេសទាំង ៣ បានឯកភាពគ្នាបន្តរក្សា និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវយន្តការនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដូចជា ការជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែន ការអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងព្រំដែន កិច្ចសហការបន្ថែមក្នុងការការពារសន្តិសុខនៅតាមបណ្តោយព្រំដែនរួម សម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការឆ្លងកាត់របស់ប្រជាជន និងទំនិញនៅតាមបណ្តាប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។
នាយករដ្ឋមន្ដ្រីប្រទេសទាំង ៣ ក៏បានយល់ព្រមសហការបន្ថែមទៀតក្នុងការជួយសម្រួលសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងការនាំចូលទំនិញតាមរយៈច្រកត្រួតពិនិត្យតាមព្រំដែន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា៖ «ក្នុងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌអនុតំបន់ នាយករដ្ឋមន្ត្រីទាំង ៣ បានឯកភាពពន្លឿនការអនុវត្តផែនការការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ ២០៣០ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ដើម្បីស្ថាបនាផ្លូវល្បឿនលឿនហាណូយវៀងចន្ទន៍ ផ្លូវរថភ្លើងវៀងចន្ទន៍វង្សអាន និងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ»។
ក្រុមមេដឹកនាំទាំង ៣ បានប្ដេជ្ញាថា នឹងបន្តរក្សា និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការដែលមានស្រាប់នៃកិច្ចសហប្រតិបត្តិការនេះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្ដាខេត្តជាប់ព្រំដែន និងអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពលើការគ្រប់គ្រងតាមព្រំដែន។
ជំរុញការសាងសង់ទីផ្សារព្រំដែន មជ្ឈមណ្ឌលចែកចាយទំនិញ និងឃ្លាំងពាណិជ្ជកម្មជួយសម្រួលការរៀបចំឯកសារបញ្ចេញទំនិញពីគយ និងប្រជាជនតាមច្រកទ្វារព្រំដែន។ នេះបើតាមកាសែតអនឡាញរបស់រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម។
រដ្ឋាភិបាលកម្ពុជាកំពុងជំរុញឱ្យមានការសាងសង់ «ផ្សារគំរូ» ២ បន្ថែមទៀតនៅតាមព្រំដែន គឺនៅខេត្តកំពត និងស្វាយរៀង (ព្រំដែនជាមួយវៀតណាម) ក្នុងគោលបំណងដើម្បីជំរុញពាណិជ្ជកម្មទេ្វភាគី និងបង្កើនការនាំចេញរបស់ប្រទេសកម្ពុជា។
ការជំរុញនេះធ្វើឡើងបន្ទាប់ពីផ្សារដាដែលជាផ្សារគំរូដំបូងគេត្រូវបានសម្ពោធឱ្យប្រើប្រាស់កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩ នៅខេត្តត្បូងឃ្មុំ។
បើយោងតាមលោក ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ផ្សារគំរូខេត្តកំពតនឹងត្រូវចាប់ផ្ដើមការសាងសង់ត្រឹមចុងឆ្នាំនេះនៅជិតច្រកទ្វារព្រំដែន-អន្តរជាតិព្រែកចាកដែលតភ្ជាប់ខេត្តជាប់ឆ្នេរសមុទ្រនេះជាមួយខេត្ត Kien Giang របស់ប្រទេសវៀតណាម។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីខែមុនថា ផ្សារគំរូ ព្រំដែនទី ២ នឹងបើកឱ្យមានលំហូរទំនិញពីកម្ពុជាចូលទៅប្រទេសវៀតណាម។
លោកថ្លែងថា៖ «ផ្សារទាំងនេះនឹងជំរុញទីផ្សារ និងតម្លៃផលិតផលកសិកម្មកម្ពុជាដែលភាគច្រើនយើងផលិតលើសពីតម្រូវការ ហើយខ្ញុំសង្ឃឹមថា ទីផ្សារផ្សេងទៀតនឹងបង្កើតនៅតាមព្រំដែនកម្ពុជា ថៃ និងកម្ពុជា ឡាវ»។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាមកាលពីឆ្នាំ ២០២០ មានតម្លៃ ៣,០២០ ពាន់លានដុល្លារ ធ្លាក់ចុះ ១,១ ភាគរយធៀបនឹង ៣,០៥៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩។ នេះបើតាមស្ថិតិក្រសួងពាណិជ្ជកម្ម។
កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៣៨៥,៧៩ លានដុល្លារទៅប្រទេសវៀតណាម កាលពីឆ្នាំ ២០២០ កើន ១៤,៨៨ ភាគរយ ធៀបនឹង ៣៣៥,៨២ លានដុល្លារ ក្នុងឆ្នាំ ២០១៩ និងនាំចូលមានតម្លៃ ២,៦៣៤ ពាន់លានដុល្លារ ធ្លាក់ចុះ ៣,១០ ភាគរយ ធៀបនឹង ២,៧១៨ ពាន់លានដុល្លារ។
ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសវៀតណាម បានធ្លាក់ចុះមកនៅត្រឹម ២,២៤៨ ពាន់លានដុល្លារ ដែលបង្ហាញការធ្លាក់ចុះជិត ៦ ភាគរយ ធៀបនឹង ២,៣៨២ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩៕ LA