ភ្នំពេញៈ ក្រុមហ៊ុនបារាំង Total Solar Distributed Generation (DG) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា បានឱ្យដឹងថា ខ្លួនកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Canopy Power Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីលើការអភិវឌ្ឍ និងសាងសង់បណ្តាញចែកចាយ និងដំឡើងបន្ទះសូឡានៅកោះរ៉ុងសន្លឹមនៃខេត្តព្រះសីហនុដោយការសាងសង់គ្រោងនឹងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២១។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន DG ដែលចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា Canopy Power ជាក្រុមហ៊ុនម៉ៅការលទ្ធកម្ម និងការសាងសង់ (EPC) ព្រមទាំងរចនា និងសាងសង់សួនថាមពលសូឡាទំហំ ១,២៥ MWp ជាមួយនឹងអាគុយទំហំ ២ MWh រួមបញ្ចូលម៉ាស៊ីនម៉ាស៊ូត និងឧបករណ៍ត្រួតពិនិត្យវៃឆ្លាត។
ក្រុមហ៊ុន DG បានបញ្ជាក់ថាការសាងសង់កំពុងចាប់ផ្ដើមដំណើរការ។
កោះរ៉ុងសន្លឹមនៅចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុងព្រះសីហនុ។ កោះនេះមានបណ្តោយ ៩ គីឡូម៉ែត្រ និងទទឹង ៤ គីឡូម៉ែត្រ។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា គម្រោងសាងសង់បណ្តាញចែកចាយ និងដំឡើងបន្ទះសូឡានេះវិនិយោគដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សម្រាប់ផ្គត់ផ្គង់តម្រូវការថាមពលរបស់ក្រុមហ៊ុន។
លោក ហ្សូនា បានបន្តថា ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្រសួងរ៉ែ និងថាមពលគាំទ្រ និងលើកទឹកចិត្តឱ្យវិស័យឯកជនវិនិយោគលើថាមពលដោយខ្លួនឯងផ្ទាល់សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ខ្លួន ជាពិសេសនៅតំបន់ពុំទាន់មានការអភិវឌ្ឍបណ្តាញជាតិ។
លោកថ្លែងថា៖ «យើងគាំទ្រឱ្យមានការអភិវឌ្ឍថាមពលពីវិស័យឯកជន ដើម្បីផ្គត់ផ្គង់តម្រូវការផ្ទាល់ខ្លួននៅពេលបណ្តាញជាតិមិនទាន់ទៅដល់។ សព្វថ្ងៃអគ្គិសនីកម្ពុជា (EDC) ពុំទាន់មានលទ្ធភាពអូសខ្សែបណ្តាញជាតិក្រោមបាតសមុទ្រទេ ដោយសារតែមានតម្លៃថ្លៃ ហើយវាអាចចែកចាយថាមពលដល់ប្រជាជននៅទីនោះបានចំនួនតិចតួច»។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏ជាម្ចាស់លើសណ្ឋាគារដ៏ល្បី Royal Sands Koh Rong នៅកោះរ៉ុងនេះផងដែរ។
កាលពីខែកក្កដាក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កោះរ៉ុងឌីវេឡុបមេន ខមភេនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន ស៊ីណូហាយ ដ្រូ ខបភើរេសិន លីមីធីត (Sinohydro Corporation Limited) សម្រេចបានកិច្ចព្រមព្រៀងមួយតម្លៃ ៣៥ លានដុល្លារដើម្បីសង់ផ្លូវប្រវែង ៧០ គីឡូម៉ែត្រនៅលើកោះរ៉ុង។
ក្រុមហ៊ុន DG បានឱ្យដឹងទៀតថា បណ្ដាញអគ្គិសនីខ្នាតតូចនេះត្រូវបានបង្កើតឡើងដើម្បីចែកចាយអគ្គិសនីនៅលើកោះនេះជាមួយនឹងការរួមចំណែកថាមពលកកើតឡើងវិញជាង ៥០ ភាគរយ។
បណ្ដាញអគ្គិសនីខ្នាតតូចនេះនឹងផ្ដល់ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាពរយៈពេល ២៤ ម៉ោងក្នុងតម្លៃកាន់តែទាប។
លោក Gavin Adda អគ្គនាយកក្រុមហ៊ុន Total Solar Distributed Generation ប្រចាំតំបន់អាស៊ីបានឱ្យដឹងថា ការប្រែក្លាយកោះទាំងមូលពីការប្រើប្រាស់ប្រេងម៉ាស៊ូតទៅជាថាមពលសូឡានៅក្នុងគម្រោងរបស់ខ្លួននេះ គឺជាសមិទ្ធផលដ៏ធំនៅក្នុងតំបន់របស់ខ្លួនដែលមានជាង ៦០០ មេហ្គាវ៉ាត់នៃគម្រោងប្រតិបត្តិការ និងការអភិវឌ្ឍជាច្រើន។
លោកបញ្ជាក់ថា៖ «ការរួមបញ្ចូលគ្នាស្តុកក្នុងថាមពលសូឡា គឺជាមធ្យោបាយមួយសម្រាប់ទីតាំងឆ្ងាយៗដើម្បីជំរុញថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាព។ សម្រាប់យើង វាក៏ជាឱកាសបង្កើនកំណើនដ៏ធំ [គម្រោងថាមពលសូឡា] ដែលនៅអាស៊ីអាគ្នេយ៍មានកោះរាប់ម៉ឺន»។
លោក Gavin បន្តថា៖ «ការវិនិយោគរួមគ្នារបស់ក្រុមហ៊ុន Total Solar DG លើដំណោះស្រាយថាមពលកកើតឡើងវិញរួមបញ្ចូលគ្នាជាមួយសូឡា និងដៃគូគម្រោងនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Total Group ចំពោះនិរន្តរបរិស្ថាន និងដំណោះស្រាយកាត់បន្ថយការចំណាយដ៏មានប្រសិទ្ធភាពសម្រាប់ភាគទុនិក»។
លោក Sujay Malve ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Canopy Power បានថ្លែងថា៖ «យើងមានសេចក្ដីរីករាយក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន Total Solar DG ដើម្បីផ្ដល់គម្រោងដ៏មានឥទ្ធិពលខ្ពស់នេះនៅក្នុងប្រទេសកម្ពុជា៕ LA