ភ្នំពេញៈ ដោយកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនការអភិវឌ្ឍបរិស្ថានជា លក្ខណៈឧស្សាហកម្មបៃតងនៅកម្ពុជា សមាគមឧស្សាហកម្មការពារបរិស្ថានកម្ពុជា (EPIAC) ដែលទើបនឹងបង្កើតថ្មី ហើយកាលពីថ្ងៃទី ១២ ខែវិច្ឆិកាបានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយជាមួយ QiLu (Cambodia)- Special Economic Zone Co Ltd ជាក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិករសួនឧស្សាហកម្មដែលគ្រប់គ្រងដោយវិនិយោគិនជនជាតិចិននៅពីក្រោយការវិនិយោគតម្លៃ ១ ពាន់លានដុល្លារ ដែលស្ថិតលើផ្ទៃដីទំហំ ៤៥០ ហិកតានៅខេត្តស្វាយរៀងនឹងកែប្រែតំបន់សេដ្ឋកិច្ចពិសេសនោះជាតំបន់ឧស្សាហកម្មបៃតងដំបូងគេនៅកម្ពុជា ដើម្បីធ្វើជាគំរូសម្រាប់ម្ចាស់តំបន់ឧស្សាហកម្មផ្សេងៗទៀតអនុវត្តតាម។
ស្ថិតនៅដំណាក់កាលអភិវឌ្ឍន៍ដំបូងនេះលោក ម៉ៃ គុណមករា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចនៅកាសែត-ភ្នំពេញប៉ុស្ដិ៍បានជួបសម្ភាសលោក Choon Yik Thong អនុប្រធានប្រតិបត្តិ EPIAC ដោយអ្នកទាំង ២ នឹងពិភាក្សាអំពីតួនាទីរបស់សមាគមនេះថា តើអ្វីដែលសមាគមនឹងត្រូវរួមចំណែកក្នុងការបង្កើតតំបន់ឧស្សាហកម្មបៃតងនៅកម្ពុជា៖
ហេតុអ្វីបានជាលោកសម្រេចចិត្តបង្កើតសមាគមនេះ?
គោលបំណងរបស់សមាគមឧស្សាហកម្មការពារបរិស្ថានកម្ពុជានឹងធានាក្នុងការការពារបរិស្ថាននៅកម្ពុជាក៏ដូចជាចូលរួមក្នុងការកាត់បន្ថយការបំពុលបរិយាកាស។ យើងនឹងចូលរួមយ៉ាងសកម្មនៅក្នុងការបង្កើតផែនការអភិវឌ្ឍន៍ឧស្សាហកម្មការពារបរិស្ថានជាតិ គោលនយោបាយសេដ្ឋកិច្ច និងបច្ចេកទេសភាពជាក់លាក់នៃបច្ចេកទេសវិស្វកម្មបរិស្ថាន ស្ដង់ដាផលិតផលបរិស្ថាន និងស្ដង់ដាបច្ចេកទេសឧស្សាហកម្មការពារបរិស្ថាន។
យើងក៏បង្កើតតួនាទីសម្រាប់ឧស្សាហកម្មការពារបរិស្ថាន គ្រប់គ្រងលើឥរិយាបថសមាជិកសាជីវកម្ម និងបង្កើតយន្តការដាក់វិន័យដោយខ្លួនឯង សម្រាប់ឧស្សាហកម្មការពារបរិស្ថាន ដើម្បីកែលម្អគុណភាពជារួមនៃឧស្សាហកម្ម និងថែរក្សាមុខមាត់លើឆាកអន្តរជាតិនៃបរិស្ថាននៃការវិនិយោគរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ យើងក៏ចូលរួមចំណែកលើកកម្ពស់ស្ដង់ដាខ្ពស់បំផុតរបស់ឧស្សាហកម្មបរិស្ថាននៅកម្ពុជា និងកែលម្អគុណភាពសេវាកម្មដែលធ្វើតាមបញ្ជាអ្នកទិញ ជាពិសេសការបណ្ដុះបណ្ដាល និងការផ្សាយជាសាធារណៈផ្នែកបច្ចេកវិទ្យាការពារបរិស្ថាន។ យើងក៏នឹងរៀបចំការផ្លាស់ប្តូរ និងសហប្រតិបត្តិការបច្ចេកទេសឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិព្រមទាំងរៀបចំពិព័រណ៍សេចក្ដីប្រកាសព័ត៌មាន និងការចេញផ្សាយឯកសារបទដ្ឋានរបស់រដ្ឋាភិបាលកម្ពុជា ស្របតាមតម្រូវការទីផ្សារ និងការអភិវឌ្ឍឧស្សាហកម្មដែលរីកចម្រើននេះ។
លើសពីនេះទៅទៀត យើងលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាចង្វាក់ឧស្សាហកម្មសេដ្ឋកិច្ចនៅក្នុងសួនឧស្សាហកម្មដែលរួមមានការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរទឹកស្អុយ ការប្រើប្រាស់ទឹកកែច្នៃឡើងវិញ កម្ដៅ ការផលិតថាមពលស្អាត (ថាមពលសូឡា ចំហាយទឹក ។ ល។) ប្រព្រឹត្តិកម្មកាកសំណល់រឹងដែលគ្រោះថ្នាក់ ។ល។ សម្របសម្រួល ទំនាក់ទំនងរវាងសមាជិក ការពារផលប្រយោជន៍របស់សមាជិក និងលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពនៅក្នុងឧស្សាហកម្មការពារបរិស្ថាន។
តើសមាគមរបស់លោកអាចជួយបង្កើតវិស័យផលិតកម្មបៃតងនៅទីនេះបានដូចម្ដេច?
គោលបំណងរបស់សមាគមនេះនឹងបង្រួបបង្រួមបុគ្គលវិនិយោគ សហគ្រាស ក្រុមផ្សេងៗនៅក្នុងសង្គម និងសមាគមនានានៅក្នុងឧស្សាហកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការរួមគ្នាលើកកម្ពស់ការអភិវឌ្ឍនៃបុព្វហេតុការពារបរិស្ថានរបស់កម្ពុជា ដើម្បីតភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងសហគ្រាស ដោយធ្វើការអនុវត្តយ៉ាងសកម្មកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្លាស់ប្តូរបទពិសោធជាមួយគ្រឹះស្ថានឧស្សាហកម្មនៅប្រទេសជិតខាងនានា និងប្រកាន់ខ្ជាប់ស្ដងដាវិជ្ជាជីវៈខ្ពស់បំផុតនៅពេលផ្ដល់សេវាការពារបរិស្ថានរួមបញ្ចូលគ្នា និងការផ្តល់ដំណោះស្រាយសម្រាប់ឧស្សាហកម្ម ដើម្បីសម្រេចបានការការពារបរិស្ថានកាន់តែប្រសើរ និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។
យើងក៏ដើរតួក្នុងការណែនាំការផ្សព្វផ្សាយ និងការអនុវត្តបច្ចេកវិទ្យាបរិស្ថានជឿនលឿនពីបរទេសដោយអនុលោមទៅតាមការយល់ព្រមពីនាយកដ្ឋានរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធ និងរៀបចំការអនុវត្ត ការវាយតម្លៃបច្ចេកទេសនៅក្នុងវិស័យឧស្សាហកម្ម។
យើងគឺជាសមាគមដែលមានវិជ្ជាជីវៈផ្ដោតលើការសម្របសម្រួលការអភិវឌ្ឍឧស្សាហកម្មការពារបរិស្ថាន ដើម្បីធានាបានការបន្តឧស្សាហូបនីយកម្មនៅកម្ពុជា។
តើលោកកំពុងធ្វើការងារជាមួយអ្នកពាក់ព័ន្ធណាខ្លះ និងពីវិស័យណានាពេលបច្ចុប្បន្ននេះ?
យើងកំពុងធ្វើការងារជាមួយភាគីពាក់ព័ន្ធជាច្រើន ដូចជាក្រសួងបរិស្ថាន សមាគមឧស្សាហកម្មផ្សេងៗទៀត រួមមាន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមរោងចក្រស្បែកជើងកម្ពុជា (CFA) ។ល។ ចំណែកឯភាគីពាក់ព័ន្ធអន្តរជាតិ យើងកំពុងធ្វើការងារជាមួយអ្នកបញ្ជាទិញនៃវិស័យកាត់ដេរល្បីៗឈ្មោះ នៅលើពិភពលោកមួយចំនួន អង្គការមិនមែនរដ្ឋាភិបាល (NGOs) ឬទីភ្នាក់ងារអភិវឌ្ឍន៍នានា និងនាយកដ្ឋានរដ្ឋាភិបាលនៃបណ្ដាប្រទេសផ្សេងដែរ។
លើសពីនេះទៅទៀតយើងកំពុងរៀបចំបង្កើតបទប្បញ្ញត្តិសមស្របទៅតាមបរិបទនៃប្រទេសកម្ពុជា និងការផ្សព្វផ្សាយព័ត៌មាននានាអំពីការថែរក្សាបរិស្ថានពីវិស័យឧស្សាហកម្មដល់សមាជិកព្រមទាំងសាធារណជនទូទៅ និងអនុវត្តការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ នៅពេលចាំបាច់។
ក្រៅពីនេះយើងក៏ធ្វើការងារដោយផ្ទាល់ជាមួយតំបន់ ឬសួនឧស្សាហកម្ម រោងចក្រ ឬក្រុមហ៊ុនលក្ខណៈបុគ្គល ដើម្បីផ្ដល់ជាជំនួយដែលពាក់ព័ន្ធនានាក្នុងការធានាថា ពួកគេអនុវត្តសកម្មភាពអាជីវកម្មរបស់ពួកគេ ដោយអនុលោមតាមបទបញ្ជា និងបទប្បញ្ញត្តិនានារបស់រដ្ឋាភិបាលដែលបានបង្កើតឡើង និងដាក់ចេញឲ្យអនុវត្ត៕ LA