ភ្នំពេញៈ គម្រោង​​បោះ​ផ្សាយ​លក់​​​មូលបត្រ​បំណុល​របស់​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ LOLC ​(Cambodia) Plc ​​​អាច​នឹង​ត្រូវ​​​ពន្យា​រដល់​​​​ចុង​ខែ​មេសា​ខាង​មុខ​ ខណៈ​​​ក្រុមហ៊ុន​ទើប​ទទួល​បាន​​​ការ​អនុញ្ញាត ២ ក្នុង​ចំណោម​ការ​អនុញ្ញាត​ ៣ ដំណាក់​កាល​​ដែល​ត្រូវ​ឆ្លង​កាត់​។ នេះ​បើ​យោង​តាម​តំណាង​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​បំណុល​របស់ LOLC។

នៅ​ពេល​ដែល​ LOLC ទើប​​បាន​ទទួល​ការ​យល់ព្រម​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) កាល​ពី​ខែ​កុម្ភៈ​ ក្រុមហ៊ុន​រំពឹង​​​ថា​​នឹង​អាច​​បោះ​ផ្សាយ​មូលបត្រ​​បំណុល​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ចុង​ខែ​មីនា​នេះ។

ដើម្បី​​អាច​ឈាន​ដល់​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​បំណុល​ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដូចជា​គ្រឹះស្ថាន​ធនាគារ ឬមីក្រូ​ហិរញ្ញវត្ថុ​ត្រូវ​ទទួល​បាន​លិខិត​មិន​ជំទាស់​ពី​ NBC ជា​មុន​សិន ហើយ​ត្រូវ​ឆ្លង​កាត់​នីតិ​វិធី​ធម្មតា​ក្នុង​វិស័យ​មូលបត្រ​ទៀត​គឺ ផ្សារ​មូលបត្រ​កម្ពុជា (CSX)​ និង​គណៈកម្មការ​​មូលបត្រ​កម្ពុជា​ (SECC)។

កាល​ពី​ថ្ងៃ​ទី ២១ ​មីនា CSX​ ​បាន​ឯកភាព​លើ​ពាក្យ​ស្នើសុំ​ពិនិត្យ​លទ្ធភាព​ចុះ​បញ្ជី​លក់​​មូលបត្រ​បំណុល​របស់ LOLC ​ដែល​ធ្វើ​ឲ្យ​គម្រោង​នេះ​រង់​ចាំ​តែ​ការ​អនុម័ត​របស់​ SECC មួយ​ទៀត​តែ​ប៉ុណ្ណោះ។

លោក​ ស៊ឹម ​តារា ប្រធាន​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Yuanta Securitie ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​ និង​ធានា​ទិញ​មូលបត្រ​បំណុល​របស់ LOLC បាន​លើក​ឡើង​ថា​​ ក្រុមហ៊ុន​បាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ស្ទើរ​រួច​រាល់​គិត​មក​ទល់​ពេល​នេះ ហើយ​​រំពឹង​ថា​ SECC នឹង​ផ្តល់​ការ​អនុម័ត​នៅ​ដើម​ខែ​មេសា​ខាង​មុខ។ លោក​បន្ត​ថា ការ​ធ្វើ​បរិវិសកម្ម​ទៅ​លើ​មូលបត្រ​បំណុល​នេះ​អាច​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា។

លោក​បន្ត​ថា​៖ ​«​យើង​មាន​វិនិយោគិន​គ្រប់គ្រាន់​នៅ​ក្នុង​ដៃ​រួច​ហើយ​ដែល​រង់ចាំ​ទិញ​បណ្ណ​បំណុល​របស់ LOLC​។ ​ភាគច្រើន​ពួក​គាត់​សុទ្ធសឹង​ជា​វិនិយោគិន​ស្ថាប័ន​នៅ​ក្នុង​ប្រទេស»​។

ពេល​ LOLC នឹង​បោះផ្សាយ​បណ្ណ​បំណុល​នៅ​ខែ​ក្រោយ​ វា​​​នឹង​ក្លាយ​ជា​មូលបត្រ​បំណុល​​ទី២ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​បន្ទាប់​ពី​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ហត្ថា​កសិករ ដែល​បាន​បោះផ្សាយ​ដំបូង​គេ​កាល​ពី​ចុង​ឆ្នាំ ២០១៨។ ខុស​ពី​មូលបត្រ​បំណុល​មុន​បន្តិច មូលបត្រ​បំណុល​របស់ LOLC ​នឹង​ផ្ដល់​​ដល់​ក្រុម​វិនិយោគិន​នូវ​ជម្រើស​ ​២ គឺ​​វិនិយោគិន​អាច​ទិញ​សញ្ញាបណ្ណ​​​ដែល​មាន​ការ​ធានា​លើ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​ក៏​បាន​ និង​​សញ្ញាបណ្ណ​ធម្មតា ​ដែល​មិន​មាន​ធានា​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​ក៏​បាន​។

ក្រុមហ៊ុន​បោះ​ផ្សាយ​របស់​​ហត្ថា​កសិករ​​​មាន​តែ​​សញ្ញាបណ្ណ​​មិន​មាន​ធានា​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​ប៉ុណ្ណោះ​​។​

ក្រុមហ៊ុន ​LOLC​ គ្រោង​នឹង​ប្រមូល​ដើមទុន​ពី​ការ​បោះផ្សាយ​​​សញ្ញាបណ្ណ​ចំនួន​ ៨០ ​ពាន់​​លាន​រៀល (២០ លាន​​ដុល្លារ​​) ​តាមរយៈ​ការ​លក់​សញ្ញាបណ្ណ​របស់​ខ្លួន​លើក​ដំបូង​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​។​

មូលបត្រ​​បំណុល​នេះ​នឹង​​មាន​រយៈពេល​រហូត​ដល់ ៣ ​ឆ្នាំ​ ហើយ​អត្រា​ការ​ប្រាក់​ពី​សញ្ញាបណ្ណ​នេះ​នឹង​សម្រេច​បន្ទាប់​ពី​​ដំណាក់​កាល​បរិវិសកម្ម​។

កាល​ពី​ហត្ថាកសិករ​បាន​បោះផ្សាយ​លក់​មូលបត្រ​បំណុល​ដោយ​ជោគជ័យ​កាល​ពី​ចុង​ឆ្នាំ​មុន​ ក្រុមហ៊ុន​បាន​លក់​មូលបត្រ​បំណុល​សរុប ១,២​ លាន​​ប័ណ្ណ​ទៅ​ឲ្យ​​វិនិយោគិន​ជា​ស្ថាប័ន ហើយ​មាន​ចរិត​តម្លៃ ១០ ​ម៉ឺន​រៀល​ក្នុង​មួយ​ប័ណ្ណ។ អត្រា​​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​គឺ​មាន​រហូត ដល់​ ៨,៥ ភាគរយ​ក្នុង ​១ ឆ្នាំ​ ក្នុង​អាយុ​កាល​ ៣ ឆ្នាំ​៕