ភ្នំពេញ: ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ដ៏មាន​សក្តានុពល​ក្នុង​វិស័យ​ជាច្រើន​បាន​បង្ហាញ​ផែនការ​បោះទុន​សរុប​ ២,៥ ពាន់​លាន​ដុល្លារ​ សម្រាប់​អភិវឌ្ឍ​កោះនរា​ទៅជា​ទីក្រុង​រណប​ថ្មី​មួយ​ទៀត​ស្ថិត​នៅជាប់​ទន្លេចតុមុខ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ស្របពេល​ក្រុមហ៊ុន​កំពុង​ដំណើរការ​កសាង​ស្ពាន​ចំនួន​ ២ ​ខ្សែ​តភ្ជាប់​តំបន់​កោះ​អភិវឌ្ឍន៍​នេះ​ទៅ​ផ្លូវជាតិ​លេខ​ ១ និង​ទៅ​ទីក្រុង​រណប​កោះពេជ្រ​នៅ​ដើម​ទន្លេបាសាក់​នោះ​។

ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ទាំង​ ២ ​ខ្សែ ​ដែលមាន​វត្តមាន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​លោក ពុង ឃាវសែ អគ្គនាយក និង​ជា​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ OCIC បាន​ថ្លែងថា​ក្រុមហ៊ុន OCIC មាន​ផែនការ​ចំណាយ​ថវិកា​សរុប ២,៥ ពាន់​លាន​ដុល្លារ​ ដើម្បី​អភិវឌ្ឍន៍​ក្រុង​រណប​ថ្មី​នេះ​លើ​ទំហំ​ ១២៥ ​ហិកតា​ ដោយ​ក្នុងនោះ​ទុនវិនិយោគ​ជិត​ ៥៥០ លាន​ដុល្លារ​ នឹងត្រូវ​ចំណាយ​លើ​ការអភិវឌ្ឍ​ហេដ្ឋរចនាសម្ព័ន​នៅ​កោះ​នេះ​ដែល​មនុស្ស​ប្រមាណ​ ៥ ​ម៉ឺន​នាក់​អាច​រស់នៅ​បាន​។

លោក ពុង ឃាវសែ ថ្លែងថា​៖ «​គម្រោង​អភិវឌ្ឍន៍​កោះនរា​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​យ៉ាងច្រើន​ដល់​ប្រទេសជាតិ​យើង​។ ជាពិសេស​ក្នុង​កាលៈទេសៈ​នៃ​ស្ថាន​ភាពលំបាក​នៃ​ផ្នែក​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺ​សុខភាព​ជា​សកល ដែល​កម្ពុជា​កំពុង​ត្រូវការ​គម្រោង​វិនិយោគ​បន្ថែម​ជាច្រើន​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ឱ្យបាន​រឹងមាំ​»​។

លោក ឃាវសែ ថ្លែង​បន្តថា ក្រុមហ៊ុន​នឹងត្រូវ​ចំណាយ ៣៩,៦ លាន​ដុល្លារ​ លើ​គម្រោង​សាងសង់​ស្ពាន​ចំនួន​ ២ ​ខ្សែ​ ដែល​បើក​ការដ្ឋាន​នាពេល​នេះ ដោយ​ក្នុងនោះ​ស្ពាន​ទី​ ១ ​ជា​ប្រភេទ​ស្ពានបេតុង​យោង​ខ្សែកាប​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ១ ទៅកាន់​តំបន់​អភិវឌ្ឍន៍​កោះនរា​មាន​បណ្តោយ​ ៦០ ម៉ែត្រ និង​ទទឹង​ ២១ ​ម៉ែត្រ​នឹង​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ចំនួន​ ១,៦ លាន​ដុល្លារ ដោយ​ប្រើពេល​សាងសង់​ ១២ ​ខែ​។

លោក ពុង ឃាវសែ អគ្គនាយក OCIC ឡើង​ថ្លែង​ម្សិលមិញ​។ រូបថត SPM

លោក​បន្ថែមថា​ស្ពាន​ទី​ ២ គឺជា​ប្រភេទ​ស្ពានបេតុង​ខ្សែកាប​តភ្ជាប់​ពី​តំបន់​អភិវឌ្ឍន៍​កោះនរា​ទៅកាន់​ទីក្រុង​រណប​កោះពេជ្រ​មាន​ប្រវែង​ ៨២៤ ​ម៉ែត្រ និង​ទទឹង ២៤,៥ ​ម៉ែត្រ និង​គ្រោង​នឹង​ចំណាយ​ថវិកា​សាងសង់​ចំនួន​ ៣៨ ​លាន​ដុល្លារ​ដោយ​ត្រូវ​ប្រើពេល​សាងសង់​ ៣៥ ​ខែ​។

គិត​ចាប់តាំងពី​ខែ​មករា​មកដល់​ពេល​នេះ​ក្រុមហ៊ុន OCIC បាន​បុកគ្រឹះ​បេតុង ចាក់​ថ្ម និង​ខ្សាច់​បំពេញ​ច្រាំងទន្លេ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តាម​គំរូ​ប្លង់​នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​កោះនរា​ដោយ​សម្រេច​បាន​ជាង​ ២៧ ​ភាគរយ​នៃ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ ៣ ​ឆ្នាំ​។ ​នេះ​បើតាម​លោក​អគ្គនាយក​។

លោក​បន្តថា សព្វថ្ងៃនេះ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​កំពុង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន ៧០០ ​នាក់ ហើយ​កម្លាំង​ពលកម្ម​អាច​កើន​រហូត​ដល់​ ៧ ០០០ ​នាក់​ នៅពេល​គម្រោង​មាន​សកម្មភាព​សាងសង់​ពេញលេញ ហើយ​បន្ទាប់ពី​បញ្ចប់​ការសាងសង់​តំបន់​អភិវឌ្ឍន៍​កោះនរា​នេះ​នឹង​ជួយ​បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​ ១ ​ម៉ឺន​កន្លែង​ថែមទៀត​ ដើម្បី​ប្រតិបត្តិការ​ប្រចាំថ្ងៃ​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​កម្មវិធី​នេះ​ថា ការស្ថាបនា​ស្ពាន​ទាំង​ ២ ​ទីតាំង​នេះ ​នឹង​រួមចំណែក​ដោះស្រាយ​ការកកស្ទះ​ចរាចរ​នៅត្រង់​គល់ស្ពាន​ព្រះមុនីវង្ស និង​ស្ពាន​អាកាស​ក្បាលថ្នល់​បាន​មួយផ្នែកធំ ព្រម​ទាំង​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​ការចំណាយ​ថ្លៃ​ដឹកជញ្ជូន​ផលិតផល និង​សេវាកម្ម​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​វឌ្ឍនភាព​ដ៏ខ្ពង់ខ្ពស់ និង​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​ដាក់ទុន​វិនិយោគ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​លើ​គម្រោង​ធំៗ​នៅ​រាជធានី​ភ្នំពេញ និង​ចូលរួម​សហការ​យ៉ាង​ល្អជា​មួយ​សាលា​ក្រុងភ្នំពេញ​ក្នុង​ការស្តារ កសាង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅក្នុង​ទីក្រុង​»​។

លោក​បានឱ្យ​ដឹងថា ខណ្ឌ​ច្បារអំពៅ​ជា​ខណ្ឌ​ថ្មី​មួយ​ដែល​ទើប​ត្រូវបាន​បង្កើត​ថ្មី​កាលពី​ឆ្នាំ​ ២០១៣​។ ទោះបីជា ខណ្ឌ​នេះ​ទើបត្រូវ​បង្កើតឡើង​ថ្មី​ក៏ពិតមែន ប៉ុន្តែ​សម្ទុះ​នៃ​ការអភិវឌ្ឍ​តំបន់​ភូមិសាស្ត្រ​នេះ​ក៏​ខ្លាំងក្លា​ដោយ​ទទួល​បាន​ការវិនិយោគ​គម្រោង​ធំៗ​ជាច្រើន​ដែល​មាន​ដើមទុន​វិនិយោគ​រាប់រយ​លាន​ដុល្លារ​នៅក្នុង​ប៉ុន្មាន​ឆ្នាំនេះ​៕LA

វីដេអូ៖