ទីក្រុងឡុងដ៍ៈ សមាជិកនៃក្រុមប្រទេសនាំចេញប្រេងក្នុងអង្គការ OPEC និងសម្ព័ន្ធមិត្តត្រូវរំពឹងបង្កើនផលិតកម្មក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ជាការឆ្លើយតបទៅនឹងការងើបឡើងនូវតម្រូវការ និងតម្លៃប្រេងលើទីផ្សារ។
ខណៈពេលក្រុមប្រទេសក្នុងសម្ព័ន្ធមិត្តរបស់ OPEC ហៅថា OPEC+ ដែលជារឿយៗច្រើនតែស្ថិតក្នុងជម្លោះជុំវិញចំនួនប្រេងដែលត្រូវបូមដើម្បីលក់នៅទីផ្សារ ការធ្លាក់ចុះនៃតម្លៃប្រេងដែលបណ្តាលមកពីជំងឺរាតត្បាតវីរុសកូរ៉ូណា បានធ្វើឱ្យសមាជិកយល់ស្របលើការកាត់បន្ថយទិន្នផលផលិតកម្មដើម្បីគាំទ្រដល់តម្លៃងើបឡើងវិញ។
ពេលនេះយុទ្ធនាការចាក់វ៉ាក់សាំងនោះកំពុងដំណើរការ និងតម្រូវការពីប្រទេសចិនដែលជាអ្នកនាំចូលប្រេងធំបំផុតក្នុងពិភពលោកបានកើនឡើងវិញដល់កម្រិតនៅមុនការរីករាលដាល ជោគជ័យនៃកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នឹងផ្តោតលើរឿងថាតើប្រទេសផលិតប្រេងច្រើនរុស្ស៊ី និងអារ៉ាប៊ី សាអ៊ូឌីត អាចយល់ស្របលើមធ្យោបាយអនុវត្តទៅពេលខាងមុខឬទេ។
លោក Bjarne Schieldrop ប្រធានអ្នកវិភាគផលិតផលនៅក្រុមហ៊ុនស្រាវជ្រាវ SEB បានអះអាងថា៖ «មានការខ្វែងគំនិតគ្នាអំពីជម្រើសធំក្នុងសម្ព័ន្ធលើសមត្ថភាពនៃទីផ្សារប្រេងដើម្បីទទួលបរិមាណប្រេងឆៅថ្មី»។
នៅក្នុងកិច្ចប្រជុំក្រុមបច្ចេកទេសកាលពីថ្ងៃអង្គារ ប្រធានអង្គការ OPEC លោក Mohammed Barkindo បានជំរុញឱ្យមានដំណោះស្រាយកណ្តាលមួយ នៅពេលដែលគាត់និយាយថា ក្រុមប្រទេសផលិតប្រេងត្រូវតែយកចិត្តទុកដាក់លើសុទិដ្ឋិនិយមប្រុងប្រយ័ត្ន ដែលកើតចេញពីហានិភ័យរុំារ៉ៃនៃការរីករាលដាលជំងឺកូវីដ ១៩។
អំឡុងពេលកិច្ចប្រជុំកាលពីខែមករា ក្រុមប្រទេសក្នុង OPEC+ ដែលមាន ២៣ ប្រទេសដែលជាអ្នកនាំចេញប្រេង ត្រូវការរយៈពេល ២ ថ្ងៃដ៏តានតឹងជជែកគ្នាដើម្បីយល់ស្របលើការបង្កើនការផ្គត់ផ្គង់បណ្ដើរៗទៅកាន់ទីផ្សារប្រេង។
ខណៈពេលបរិមាណផលិតកម្មប្រេងមាន ៧,១២៥ លានបារ៉ែលក្នុង ១ ថ្ងៃនឹងត្រូវបានរក្សាសម្រាប់ទីផ្សារក្នុងខែកុម្ភៈ ប្រទេសនាំចេញប្រេងបានទម្លាក់តួលេខដល់ទៅ ៧,០៥ លានបារ៉ែល សម្រាប់ខែមីនា ដោយការផ្គត់ផ្គង់ទីផ្សារមានប្រសិទ្ធភាពត្រូវបន្ថែម ៧៥ ០០០ បារ៉ែលក្នុង ១ ថ្ងៃទៀត។
ក្រុមអ្នកជំនាញ ជាទូទៅបានរំពឹងថា ប្រទេសក្នុង OPEC+ នឹងឯកភាពបន្ថែម ៥០០ ០០០ បារ៉ែល ក្នុង ១ ថ្ងៃក្នុងខែមេសា៕ RR