ភ្នំពេញៈ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (PPSP) បានបដិសេធនូវរាល់ការចោទប្រកាន់របស់ក្រុមហ៊ុន Asiatic Group (Holdings) Limited (AGH) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Colben System Pte Ltd (Colben) និងក្រុមហ៊ុន ខូបេនអេនើជី (ខេមបូឌា) ភីភីអេសអ៊ីហ្សិត លីមីតធីត (CE-ZH) ទាក់ទងនឹងជម្លោះជុំវិញកិច្ចព្រមព្រៀងរួមគ្នារវាងក្រុមហ៊ុនខូបេន និងក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី លើ គម្រោងរោងចក្រផលិតអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (ភីភីអេសអ៊ីហ្សិត)។
កាលពីថ្ងៃទី ១៩ ខែវិច្ឆិកានេះ ក្រុមហ៊ុន Colben System Pte Ltd ដែលគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Asiatic Group និងក្រុមហ៊ុន Colben Energy Holdings (PPSEZ) Ltd (CEZH) ដែលគ្រប់គ្រងភាគហ៊ុន ៩៥ ភាគរយបានចាប់ផ្ដើមនីតិវិធីមជ្ឈត្តកម្មដែលត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិនៅប្រទេសសិង្ហបុរី។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន លោក Tan Boon Kheng នាយកគ្រប់គ្រងក្រុមហ៊ុន Asiatic Group ដែលចុះបញ្ជីនៅ Catalist របស់ក្រុមហ៊ុន Singapore Exchange Ltd បានឱ្យដឹងថា ការរំលោភកិច្ចព្រមព្រៀង JV បានបណ្ដាលឱ្យមានការផ្លាស់ប្តូរយ៉ាងច្រើននៅក្នុងគំរូប្រតិបត្តិការ និងអាជីវកម្មរបស់រោងចក្រផលិតថាមពលមួយនេះ ដែលធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់គម្រោងនេះ។
លោក Tan បានឱ្យដឹងថា បណ្ដឹងនេះតំណាងឱ្យការខាតបង់របស់ភាគទុនិកនៃក្រុមហ៊ុន Colben និងក្រុមហ៊ុន CEZH នៅក្នុងក្រុមហ៊ុន Colben Energy (Cambodia) PPSEZ Ltd ដែលក្រុមហ៊ុន JV រួមជាមួយក្រុមហ៊ុន PPSP បានបង្កើតឡើងកាលពីឆ្នាំ ២០០៦ ជាលទ្ធផលនៃការខាតបង់ដែលរំពឹងទុកនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន JV។
ជាការឆ្លើយតបក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានឱ្យដឹងនៅក្នុងឯកសារជូនដំណឹងផ្ញើទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃសុក្រកន្លងមកនេះថា ក្រុមហ៊ុនផលិតអគ្គិសនីដែលមានឈ្មោះថា ខូបេនអេនើជី (ខេមបូឌា) ភីភីអេសអ៊ីហ្សិត លីមីតធីត (CEZ) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការចែកចាយ និងផលិតអគ្គិសនី។
ក្រុមហ៊ុន ភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី កាន់កាប់ ២៣ ភាគរយនៃ CEZ រីឯ AGH កាន់កាប់ ៧៧ ភាគរយនៃ CEZ តាមរយៈ Colben និង CEZH។
យោងតាមឯកសារនោះថា ដំបូង AGH (តាមរយៈ Colben និង CEZH) បានចោទប្រកាន់ថា PPSP បានញុះញង់ និងជំរុញឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ចេញសេចក្តីសម្រេចចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ ដែលតម្រូវឱ្យ CEZ កែប្រែអត្រាពន្ធអគ្គិសនីសម្រាប់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏ដូចជាការផ្តល់ឱ្យអតិថិជន PPSEZ នូវជម្រើសមួយរវាងការទិញអគ្គិសនីជាមួយថាមពលបម្រុង និងការទិញដោយគ្មានថាមពលបម្រុង។
AGH បានអះអាងថា ខ្លួននឹងទទួលរងនូវការខាតបង់ដែលបណ្តាលមកពីសេចក្តីសម្រេចរបស់អគ្គិសនីកម្ពុជាដែលទាក់ទងជាមួយនឹង PPSP។
ឯកសារផ្ញើទៅកាន់ផ្សារមូលបត្រកម្ពុជាបានឱ្យដឹងបន្តថា ៖ «PPSP បដិសេធរាល់ការចោទប្រកាន់របស់ AGH ហើយនឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ដើម្បីការពារយ៉ាងខ្លាំងក្លាប្រឆាំងនឹងការអះអាងដោយគ្មានមូលដ្ឋានទាំងនេះ»។
អាជ្ញាធរអគ្គិសនីកម្ពុជាគឺជាស្ថាប័ននិយតកម្ម ឯករាជ្យមួយដែលបានដឹកនាំការកែប្រែពន្ធអគ្គិសនីជាច្រើនលើកកន្លងមក ដោយអនុលោមតាមប្រកាសលេខ ៤០ ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ ដែលចេញដោយក្រសួងរ៉ែ និងថាមពល ដែលតម្រូវឱ្យអនុវត្តនូវផែនការកាត់បន្ថយថ្លៃពីការលក់អគ្គិសនីដល់អ្នកប្រើប្រាស់ និងរៀបចំផែនការ ឬធ្វើកំណែទម្រង់ការទូទាត់ប្រាក់សំណងអគ្គិសនីសម្រាប់ឆ្នាំ ២០២០ និងឆ្នាំ ២០២១។ PPSP មិនមានការគ្រប់គ្រងលើសេចក្ដីសម្រេចរបស់អាជ្ញាធរអគ្គិសនីកម្ពុជាទេ។
ឯកសារជូនដំណឹងរបស់ PPSP បន្តថា៖ «បច្ចុប្បន្ន PPSP កំពុងពិចារណាលើជម្រើសរបស់ខ្លួន ហើយនឹងជម្រាបជូនព័ត៌មានបន្ថែមទៀតដល់ម្ចាស់ភាគហ៊ុនអំពីជំហានបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដែលនេះគឺជាកាតព្វកិច្ចនៃការរក្សាការសម្ងាត់ទាក់ទងនឹងដំណើរការមជ្ឈត្តការ»៕ LA