ភ្នំពេញៈ ក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន SBI Holdings Inc បានប្រកាសថា ខ្លួននឹងទិញភាគហ៊ុន ៧០ ភាគរយ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ (LHMFI) នៅកម្ពុជា ដើម្បីឈានជើងចូលជាថ្មីក្នុងពាណិជ្ជកម្មធនាគារនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ SBI ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានជប៉ុន NNA។
ដោយលើកឡើងពីសេចក្ដីប្រកាសព័ត៌មានរបស់ SBI Holdings Inc ដែលបានចេញផ្សាយកាលពីថ្ងៃពុធ NNA រាយការណ៍ថា ក្រុមហ៊ុននេះបានទទួលការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃទី ៩ ខែតុលា សម្រាប់ការទិញភាគហ៊ុននេះ ខណៈ LHMFI ត្រូវបានរំពឹងថានឹងត្រូវបានផ្ដល់អាជ្ញាប័ណ្ណធនាគារឆាប់ៗ ដើម្បីពង្រីកអាជីវកម្មពីសេវាបច្ចុប្បន្នរបស់ខ្លួន ដោយបានកំណត់ទិសដៅលើក្រុមហ៊ុនលក់រាយ។
សេចក្ដីប្រកាសព័ត៌មាននេះបង្ហាញថា SBI នឹងទិញភាគហ៊ុនដំបូងប្រហែល ១៤,៩៤ លានភាគហ៊ុន នៅក្នុងក្រុមហ៊ុន LHMFI ពីភាគទុនិកដែលមានស្រាប់នៅថ្ងៃទី ២៥ ខែវិច្ឆិកា និងទិញបន្ថែម ៣៧,៥៦ លានភាគហ៊ុន នៅថ្ងៃទី ២៣ ខែធ្នូ។
ការទិញភាគហ៊ុននឹងប្រែក្លាយអាជីវកម្មនេះទៅជាធនាគារពាណិជ្ជជាមួយនឹងឈ្មោះថ្មី SBI Lyhour Bank PLC។ របាយការណ៍បានឲ្យដឹងថា តម្លៃការទិញភាគហ៊ុននេះនឹងមានចំនួន ៨១,៧ លានដុល្លារ។
លោក លី ហួរ ប្រធាន LHMFI បានបដិសេធអត្ថាធិប្បាយលម្អិតបន្ថែមកាលពីថ្ងៃចន្ទដោយគ្រាន់តែលើកឡើងថា កិច្ចព្រមព្រៀងនេះកំពុងដំណើរការ។
លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងនេះកំពុងបង្ហាញទំនុកចិត្តកាន់តែខ្លាំងពីក្រុមវិនិយោគិនបរទេសលើកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ លោកថ្លែងថា៖ «ខ្ញុំគិតថា វិស័យ MFI កំពុងរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង វិស័យនេះគឺជាឆ្អឹងខ្នងមួយដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ច ហើយរដ្ឋាភិបាលកំពុងជំរុញវិស័យនេះផងដែរ»។
លោកបន្ថែមថា ការប្រែក្លាយជាសេវាធនាគារនឹងជួយធ្វើពិពិធកម្មអាជីវកម្មរបស់ក្រុមហ៊ុននេះ។ លោកបន្តថា៖ «ខ្ញុំគិតថា ការក្លាយជាធនាគារ វាអាចផ្ដល់សេវាច្រើនជាង MFI»។
ជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំងនៅលើទីផ្សារដ៏ចង្អៀតនេះលោក បូរាណ ជឿជាក់ថាការច្របាច់បញ្ចូលគ្នានឹងមើលឃើញកាន់តែច្រើននៅក្នុងឧស្សាហកម្មនេះ។ លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា វា [ការច្របាច់បញ្ចូលគ្នា] នឹងកើតឡើងនៅពេលអនាគត ក្រុមហ៊ុនធំមួយនឹងទិញក្រុមហ៊ុនតូច ឬក្រុមហ៊ុនតូចនឹងច្របាច់បញ្ចូលគ្នាដើម្បីក្លាយជាក្រុមហ៊ុនធំមួយ»។
កាលពីឆ្នាំ ២០០៨ SBI ត្រូវបានបង្កើតឡើងជាធនាគារពាណិជ្ជកម្មភ្នំពេញ ដោយវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Hyundai Swiss Group របស់ប្រទេសកូរ៉េខាងត្បូង ដែលបានដឹកនាំដោយធនាគារ Hyundai Swiss Saving Bank ប៉ុន្តែបានដកខ្លួនចេញពីអាជីវកម្មធនាគាររបស់កម្ពុជាកាលពីឆ្នាំ ២០១៦ ដោយការលក់ភាគហ៊ុនទាំងអស់របស់ខ្លួនជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធជាថ្មីផ្នែកអាជីវកម្មរបស់ខ្លួន។ ប៉ុន្តែ SBI បានចូលរួមនៅក្នុងអាជីវកម្មមូលបត្រនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១០ តាមរយៈក្រុមហ៊ុន SBI Royal Securities PLC ជាក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន។
កិច្ចព្រមព្រៀងនេះកំពុងបង្ហាញថា ក្រុមវិនិយោគិនជប៉ុនកាន់តែច្រើនចូលមកទីផ្សារកម្ពុជា ជាពិសេសនៅក្នុងវិស័យធនាគារ។
J Trust ដែលជាក្រុមហ៊ុនចុះបញ្ជីនៅលើផ្សារហ៊ុនតូក្យូបានទិញភាគហ៊ុន ៥៥ ភាគរយក្នុងធនាគារ ANZ Royal ជាក្រុមហ៊ុនវិនិយោគរួមជាមួយកម្ពុជាដែលនៅពេលនេះត្រូវបានដាក់ឈ្មោះជាថ្មីទៅជាធនាគារ J Trust Royal Bank។
ធនាគារជប៉ុន Maruhan Bank ក៏បានទិញភាគហ៊ុននៅក្នុងមីក្រូហិរញ្ញវត្ថុស្ថាបនាផងដែរ ដែលនៅពេលនេះបានក្លាយជាធនាគារពាណិជ្ជស្ថាបនា។
SBI មានបំណងចូលរួមនៅក្នុងសេវាហិរញ្ញវត្ថុអនឡាញ និងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀតជាមួយក្រុមហ៊ុន Ly Hour Group ដែលប្រតិបត្តិការអាជីវកម្ម ប្តូរប្រាក់ អចលនទ្រព្យ ការផ្ទេរប្រាក់ ការធានារ៉ាប់រងទូទៅ និងវិស័យជាច្រើនផ្សេងទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោក Toshiki Aoyama អ្នកនាំពាក្យក្រុមហ៊ុន SBI បានប្រាប់ NNA ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គឺជាទីផ្សារកំណើនរួមមួយ ពិសេសកម្ពុជាដែលរំពឹងថានឹងបន្តរីកចម្រើន។ លោកបន្តថា៖ «យើងនឹងជំរុញជំនាញដែលយើងបានប្រមូលនៅក្នុងទីផ្សាររបស់កម្ពុជា»។
លោក តូច ចៅចេក អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា ស្វាគមន៍វិធានការនេះ ដោយលើកឡើងថា វាជាសញ្ញាដ៏ល្អមួយនៅក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។ លោកថ្លែងថា៖ «ខ្ញុំគិតថា LHMFI មានភាពរឹងមាំគ្រប់គ្រាន់ ហើយវាល្អក្នុងការស្វែងរកដៃគូដែលមានបទពិសោធដើម្បីក្លាយជាធនាគារ»៕LA