
ក្រុមហ៊ុនផលិតស៊ីម៉ងត៍ថៃ Siam Cement Group (SCG)។
ភ្នំពេញៈ ក្រុមហ៊ុនផលិតសម្ភារសំណង់មានមូលដ្ឋាននៅប្រទេស ថៃ ឈ្មោះ Siam Cement Group (SCG) បានបង្ហាញពីដំណើរការអាជីវកម្មល្អនៅកម្ពុជា កាលពីឆ្នាំមុន ខណៈចំណូលពីការលក់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅកម្ពុជាបញ្ចូលគ្នាមានរហូតដល់ជិត ៤០០ លានដុល្លារ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន SCG បានបង្ហាញកាលពីថ្ងៃម្សិលមិញថា ប្រាក់ចំណូលបានពីការលក់នៅក្នុងប្រតិបត្តិការនៅកម្ពុជាបានកើនឡើងដល់ ៣៩៦ លានដុល្លារ កើនឡើង ១៥ ភាគរយបើធៀបនឹងប្រាក់ចំណូលការលក់កាលពីឆ្នាំ ២០១៧។ ប្រាក់ចំណូលបានពីការលក់សរុបកាលពីឆ្នាំ ២០១៨ ត្រូវបានរួមចំណែកភាគច្រើនពីស៊ីម៉ងត៍ ដែលជាផលិតផលដ៏សំខាន់ៗរបស់ក្រុមហ៊ុននេះ។
លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយករបស់ SCG បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា៖ «ក្រុមហ៊ុន SCG នឹងបន្តពង្រីកឱកាសក្នុងការនាំចេញផលិតផលបង្កើតថ្មី និងសេវា តាមទិសដៅទីផ្សារពិភពលោក ដើម្បីឆ្លើយតបតាមតម្រូវការអតិថិជន»។
តំណាងរបស់ក្រុមហ៊ុននេះមិនអាចទាក់ទងសុំព័ត៌មានលម្អិតបន្ថែមអំពីប្រភពប្រាក់ចំណូលដែលក្រុមហ៊ុនបានលក់កាលពីឆ្នាំមុនទេ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន SCG មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ៦ នៅក្នុង ប្រទេស កម្ពុជា រួមមានក្រុមហ៊ុន Kampot Cement ក្រុមហ៊ុន Concrete Roof Cambodia ក្រុមហ៊ុន CPAC Cambodia ក្រុមហ៊ុន CPAC Plank Cambodia ក្រុមហ៊ុន NAWA-CAM និងក្រុមហ៊ុន SCG Trading (Cambodia)។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាបានឲ្យដឹងថា តម្រូវការសម្ភារសំណង់ កំពុងកើនឡើងប្រចាំឆ្នាំ ដោយសារឧស្សាហកម្មសំណង់កម្ពុជាកំពុងរីកចម្រើន។ ជាមួយកំណើនប្រជាជន និងការធ្វើនគរូបនីយកម្ម លោក ស៊ីវផេង បានឲ្យដឹងថា ឧស្សាហកម្មសំណង់ត្រូវបានរំពឹងថា នឹងបន្តកើនឡើង និងផ្ដល់ឱកាសដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតក្នុងស្រុក។
លោកថ្លែងថា៖ «ចក្ខុវិស័យវិស័យសំណង់កម្ពុជា នឹងនៅតែល្អ ហើយភាពល្អនេះនឹងផ្ដល់ឱកាសដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតក្នុងស្រុក ក្នុងការបង្កើនការផលិត ឬបង្កើនចង្វាក់ផលិត ដើម្បីទទួលបាននូវអត្ថប្រយោជន៍ពីនិន្នាការនេះ»។
លោក ស៊ីវផេង ឲ្យដឹងថា ផលិតផលស៊ីម៉ងត៍ គឺជាផលិតផលមួយ ដែលក្រុមហ៊ុនផលិតអាចស្វែងរកបានពីក្រុមហ៊ុនផលិតក្នុងស្រុក ខណៈសម្ភារសំណង់ជាច្រើនផ្សេងទៀត ត្រូវពឹងផ្អែកលើការនាំចូល។
បច្ចុប្បន្នមានរោងចក្រផលិតស៊ីម៉ងត៍ទទួលបានអាជ្ញាប័ណ្ណចំនួន ៦ ហើយ ៤ ក្នុងចំណោមរោងចក្រទាំងនោះកំពុងប្រតិបត្តិការ។ រោងចក្រស៊ីម៉ងត៍ ២ ផ្សេងទៀតត្រូវបានរំពឹងថា នឹងដាក់ឲ្យដំណើរការចង្វាក់ផលិតរបស់ពួកគេនៅឆ្នាំនេះ។
តួលេខបានពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បង្ហាញថា រោងចក្រស៊ីម៉ងត៍ ៤ ដែលបានទទួលអាជ្ញាប័ណ្ណ អាចផលិតស៊ីម៉ងត៍បាន ៣,៦ លានតោននៅក្នុងរយៈពេល ៩ ខែដំបូងកាលពីឆ្នាំ ២០១៨។
ក្រុមហ៊ុនទាំង ៤ នោះ រួមមាន ក្រុមហ៊ុន Kampot Cement ផលិតបាន ២,២១ លានតោន ក្រុមហ៊ុន Cambodia Cement Chakrey Ting Factory Co, Ltd (១,២២ លានតោន) ក្រុមហ៊ុន Chip Mong Insee Cement Corporation (១១៩ ០០០ តោន) និងក្រុមហ៊ុន Battambang Conch Cement Company Limited (១១ ០០០ តោន)។
របាយការណ៍ប្រចាំឆ្នាំបានពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា រដ្ឋាភិបាលបានអនុម័តគម្រោង ២ ៨៦៧ កាលពីឆ្នាំ ២០១៨ មានតម្លៃ ៥,២៣ ពាន់លានដុល្លារ។ តម្លៃនោះបានធ្លាក់ចុះ ១៨,៦ ភាគរយធៀបនឹង ៦,៤២ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧។ របាយការណ៍នេះ បានបង្ហាញថា ចំនួនគម្រោងវិនិយោគដែលបានអនុម័តកាលពីឆ្នាំ ២០១៧ មានចំនួន ៣ ០៥២៕ LA