ភ្នំពេញៈ ​អា​ជីវ​កម្ម​ស​ហ​គ្រាស​ធុន​តូ​ច ​និង​មធ្យម ​(SME) ​ថ្មី​ជាង ​១០​០ ​ត្រូវ​បាន​ចុះ​បញ្ជី​ ក្នុង​អំ​ឡុង​ ៣ ត្រី​មាស​​នៅ​​ឆ្នាំ​នេះ ​ហើយ​មន្ដ្រី​រំ​ពឹង​ថា ​ចំ​នួន​នេះ​នឹង​​បន្ត​កើន​ឡើង​ ដោយ​សារ​តែ​គោល​នយោ​បាយ​​លើក​ទឹក​ចិត្ត​ពន្ធ​របស់​រដ្ឋា​ភិ​បាល​សម្រាប់ ​SME​។ ​នេះ​បើ​​តាម​របាយ​ការណ៍​ចេញ​ដោយ​ក្រ​សួង​ ​ឧស្សាហ​កម្ម និង​សិប្ប​កម្ម​។

SME ​ថ្មី​ចំ​នួន​ ១០៥ ​ត្រូវ​បាន​ចុះ​បញ្ជី​​នៅ​រយៈ​ពេល​ ៩ ​ខែ​ដំ​បូង​ ដែល​ធ្វើ​ឲ្យ​​ចំ​នួន​ SME ​សរុប​កើន​​ដល់​ ១៥៥-៧៤៥ ​និង​បង្កើត​ការ​ងារ​ជាង​ ១ លាន​នាក់​។ ​នេះ​បើ​​តាម​របាយ​ការ​ណ៍​។​

លោក ​ឡាំ ​គឹម​ឡេង ​អគ្គ​នា​យក​នៃ​អគ្គ​នា​យក​ដ្ឋាន​ SME ​នៅ​ក្រ​សួង​ ឧស្សាហ​កម្ម និង​សិប្ប​កម្ម​បាន​ឲ្យ​ដឹង​ថា ​ការ​កើន​ឡើង​ចំ​នួន​នៃ​ការ​ចុះ​បញ្ជី​របស់​ SME​ គឺ​ដោយ​សារ​តែ​ពិ​ពិធ​កម្ម​គោល​នយោ​បាយ​នៃ​​កា​ធ្វើ​​វិ​មជ្ឈ​ការ​ចុះ​​បញ្ជី​របស់​រដ្ឋា​ភិ​បាល​សម្រាប់ ​SME​។

​លោក​ថ្លែង​ថា​៖ «​យើង​រំ​ពឹង​ថា ​ចំ​នួន​នឹង​​បន្ត​កើន​ឡើង​ទៀត​នៅ​ឆ្នាំ​ក្រោយ ​ដោយ​​សារ​តែ​យើង​​មាន​ការ​លើក​លែង​ពន្ធ ព្រម​ទាំង​គោល​នយោ​បាយ​​ចុះ​បញ្ជី​ដោយ​វិ​មជ្ឈ​ការ​»។ លោ​ក​​បន្ថែម​ថា ​ការ​ចុះ​បញ្ជី​របស់​ SME នឹង​ផ្ដល់​​​ប្រាក់​ចំ​ណេញ​ដល់​ម្ចាស់​សហ​គ្រាស ​ដោយ​ទទួល​បាន​ការ​លើក​លែង​ព​ន្ធ​ ការ​បណ្ដុះ​បណ្ដាល​​បច្ចេក​ទេស​ ព្រមទាំង​​ការ​ទទួល​បាន​ហិរ​ញ្ញ​ប្ប​ទាន​ផង​ដែរ​។​

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ របាយ​ការណ៍​នេះ​បង្ហាញ​ថា​ ប្រហែល​ ២០ ​ភាគ​រយ​គឺ​ជា​​អា​ជីវ​កម្ម​ SME​ ក្រៅ​ប្រ​ព័ន្ធ ឬ​​មិន​ចុះ​បញ្ជី​​។​ ​

លោក​ថ្លែង​ថា​៖ «​ទោះ​បី​ជា​ចំ​នួន​នេះ​​​កើន​ឡើង​ក៏​ដោយ​ ប៉ុ​ន្តែ​វា​នៅ​តែ​​​មិន​ឆ្លុះ​បញ្ចាំង​ពី​ចំ​នួន​ពិត​ប្រា​កដ​របស់​ SME ​ទាំង​មូល​​នៅ​ឡើយ​នោះ​ទេ​ យ៉ាង​ហោច​ណាស់​ជាង​​ ២០ ​ភាគ​រយ​ទៀត​នៅ​តែ​មិន​ត្រូវ​បាន​ចុះ​បញ្ជី​​»​។​​

អនុ​ក្រឹត្យ​ស្ដី​ពី​ការ​លើក​លែង​ពន្ធ​សម្រាប់​ SME នៅ​ក្នុង​វិ​ស័យ​អា​ទិ​ភាព​ ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​ដោយ​លោក​នាយ​ក​រដ្ឋ​មន្ដ្រី​ ហ៊ុន​ សែន ​កាល​ពី​ថ្ងៃ​ទី ២ ​ខែ​តុ​លា​ ដោយ​បាន​​កំ​ណត់​វិ​ស័យ​អា​ទិ​ភាព​ ៦ ក្នុង​នោះ​រួម​មាន​កសិ​ឧស្សា​ហ​កម្ម​ និង​ការ​ផលិត​ និង​ការ​កែ​ច្នៃ​អា​ហារ​ ដែល​នឹង​ទទួល​ការ​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំ​ណូល​រយៈ​ពេល​ពី​ ៣ ទៅ ៥ ឆ្នាំ​ ចាប់​ពី​កាល​បរិ​ច្ឆេ​ទ​ចុះ​បញ្ជី​ពន្ធ​ សម្រាប់​សហ​គ្រា​ស​​ចុះ​បញ្ជី​ថ្មី​ ឬ​​ចាប់​ពី​​កាល​បរិ​ច្ឆេទ​នៃ​កា​រ​ធ្វើ​បច្ចុ​ប្បន្ន​ភាព​ការ​ចុះ​បញ្ជី​​ពន្ធ​សម្រាប់​ស​ហ​​គ្រាស​ដែល​ចុះ​បញ្ជី​រួច​ហើយ​។​

លោក ​តែ ​តាំង​ប៉ ប្រ​ធាន​សម្ព័ន្ធ ​សមា​គម​សហ​គ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា​​ថ្លែង​ថា ​ការ​លើក​​លែង​ពន្ធ​សម្រាប់ ​SME​ មាន​សារៈ​សំ​ខាន់​​ ដែល​នឹង​ជំ​រុញ​ឲ្យ ​SME ​ទាំង​អស់​ទៅ​ចុះ​បញ្ជី​។​ ទោះ​បី​យ៉ាង​នេះ​ក្តី ​លោក ​តាំង​ប៉​ ជំ​រុញ​ឲ្យ​រដ្ឋា​ភិ​បាល​គួរ​តែ​ពិចារ​ណា​​ផ្ដល់​​ការ​លើក​ទឹក​ចិត្ត​ពន្ធ​ដល់​ SME ផ្សេង​ទៀត ​ដើ​ម្បី​គាំ​ទ្រ​ផលិត​ផល​កសិ​កម្ម ​ដោយ​សារ​តែ​កម្ពុជា​មាន​វត្ថុ​ធាតុ​ដើម​ច្រើន​។​ ​

លោក​បាន​ថ្លែង​ថា​៖ «​នៅតែ​មាន ​SME ​ច្រើន​ដែល​​មិន​ទាន់​បា​ន​ចុះ​បញ្ជី ដោយ​សារ​តែ​​បញ្ហា​ប្រ​ឈ​ម​ជា​ច្រើន​ នៅ​តែ​មាន​​សម្រាប់​ពួក​គេ​ក្នុង​ការ​​ទទួល​បាន​ប្រាក់​ចំ​ណេ​ញ​»​។

លោក​បន្ថែម​ថា ​​​បើ​រដ្ឋា​​ភិ​បាល​ផ្ដល់​​ការ​លើក​ទឹក​ចិត្ត​​កាន់​តែ​ច្រើន​ដល់ ​SME​ វា​​នឹង​ល្អ​បំ​ផុត​សម្រាប់​វិ​ស័យ​​នេះ​។​

​លោក​​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿ​ជាក់​ថា ​SME ​ជា​ច្រើន ​នឹង​ចុះ​បញ្ជី​ ហើយ​នេះ​នឹង​ផ្ដល់​អត្ថ​ប្រ​យោជ​ន៍​​ដ៏​ធំ​ដល់​រដ្ឋា​ភិ​បាល​នៅ​​ពេល​អ​នា​គត​»​។

លោក​បន្ត​ថា៖ «​SME ដើរ​តួ​នា​ទី​ដ៏​សំ​ខាន់​នៅ​ក្នុង​ការ​លើក​កម្ពស់​កំ​ណើន​​សេដ្ឋ​កិច្ច​​​បើ​​យើង​​​មាន​គោល​ន​យោ​បាយ​​អភិ​វឌ្ឍ​ន៍​ SME ត្រឹម​ត្រូវ ​យើង​នឹង​ទទួល​បាន​ប្រាក់​ចំ​ណេញ​រួម​គ្នា​មិន​ខាន​»៕​LA