ទីក្រុងបាងកកៈ គណៈរដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃ​អង្គារ​បាន​អនុម័ត​លើ​សំណើ​ឲ្យ​មានការ​ស្តារនីតិសម្បទា​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អន្តរជាតិ​ (Thai Airways International: ​THAI) តាម​នីតិវិធី​តុលាការ​ដាក់​ក្ស័យធន ។ ការប្រកាស​ក្ស័យធន​នេះ​អាច​បណ្តាល​ឲ្យ​ Thai Airways បាត់បង់​ឋានៈ​ជា​ «​សហគ្រាស​រដ្ឋ​»​។

គណៈកម្មាធិការ​គោលនយោបាយ​សហគ្រាស​រដ្ឋ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បានសម្រេច​កាលពី​ថ្ងៃ​អង្គារ​ដោយ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ដាក់សំណើ​ប្រកាស​ក្ស័យធន និង​ស្តារនីតិសម្បទា​ឡើងវិញ​ក្រោម​នីតិវិធី​តាមផ្លូវ​តុលាការ​។

អាកាសចរណ៍ Thai Airways ត្រូវបាន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន និងជួប​វិបត្តិ​ហិរញ្ញវត្ថុ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក ហើយ​ពេលនេះ​ដោយ​មាន​វិបត្តិ​កូវីដ​ ១៩ អ្វីៗ​កាន់តែ​អាក្រក់​ថែមទៀត​។

ឧបនាយករដ្ឋមន្ត្រី Anuthin Charnvirakul និយាយថា Thai Airways ប្រហែល​បាត់បង់​ឋានៈ​ជា​សហគ្រាស​រដ្ឋ ពេល​ក្រុមហ៊ុន​នេះ​បន្ត​ទៅមុខ​ជុំវិញ​នីតិវិធី​ស្តារនីតិសម្បទា កំណត់​ដោយ​សាលក្រម​តុលាការ​នោះ​។

នៅពេល​រឿង​នោះ​កើតឡើង​មែន​គណៈកម្មាធិការ​សហគ្រាសរដ្ឋ​នឹង​គ្មាន​អំណាច​ដើម្បី​គ្រប់គ្រង​អាកាសចរណ៍​ជាតិ​នេះ​ទៀត​ទេ ទោះបី​ជា​អ្នកគ្រប់គ្រង​នៃ​ការស្តារនីតិសម្បទា​នឹង​មាន​អំណាច​ដើម្បី​គ្រប់គ្រង​ផែនការ​រៀបចំ​​អាជីវកម្ម​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏ដោយ​។

លោក Narumon Pinyosinwat អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​និយាយថា វា​នៅ​មិន​ច្បាស់​ថា តើ​ករណី​ក្ស័យធន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ថៃ​ ឬ​តុលាការ​បរទេស​។

ទោះជា​យ៉ាងណា​ប្រភព​ដែល​បានផ្តល់​ដំណឹង​នៅ​ក្រសួង​ដឹកជញ្ជូន​បាន​និយាយថា ករណី​នេះ​គួរតែ​ទៅ​តុលាការ​ថៃ បើទោះបី​ ៣០ ​ភាគរយ​នៃ​បំណុល​មាន​ទឹកប្រាក់​ ២០០ ​ពាន់​លានបាត​ជំពាក់​បរទេស​ក្តី​។

ប្រភព​ខ្លះ​បាន​ស្នើថា រដ្ឋាភិបាល​គួរ​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ​សហរដ្ឋអាមេរិក ដើម្បី​បញ្ជា​កុំឲ្យ​ម្ចាស់បំណុល​បរទេស​រឹបអូស​យន្តហោះ​ពី​ក្រុមហ៊ុន​នេះ ពេល​ដែល​យន្តហោះ​ចុះចត​នៅ​ទឹកដី​បរទេស​នោះ​។

ទោះយ៉ាងណា ប្រភពពី​ក្រសួង​ដឹកជញ្ជូន​ឲ្យ​ដឹងថា មិនគួរ​មានរឿង​បែបនេះ​ទេ ប្រសិនបើ Thai Airways ​ចរចា​ជាមួយ​ម្ចាស់បំណុល​បរទេស​ដែល​ភាគច្រើន​នៃ​ពួកគេ​បាន​ជួល​យន្តហោះ​ឲ្យ​ក្រុមហ៊ុន​នេះ​។

ទន្ទឹម​នឹង​នេះដែរ លោក Nares Puengyam អ្នកដឹកនាំ​នៃ​សហភាព​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​នេះ សម្ដែង​នូវ​ក្តីបារម្ភ​អំពី​ក្រុមហ៊ុន​នេះ​បាត់បង់​នូវ​ឋានៈ​ជា​សហគ្រាស​រដ្ឋ​ទៅវិញ​ទេ​។

លោក​និយាយថា​៖ «​សហភាព​យល់ស្រប​ជាមួយ​ផែនការ​ស្តារនីតិសម្បទា​តាមរយៈ​ដំណើរការ​តុលាការ​ក្ស័យធន ប៉ុន្តែ​យើង​មិន​យល់ស្រប​នឹង​សំណើ​កាត់បន្ថយ​ភាគហ៊ុន​របស់​ក្រសួង​ហិរញ្ញវត្ថុ​ចំនួន​ ២ ​ភាគរយ​នោះទេ​»​។

ក្រសួង​ហិរញ្ញវត្ថុ​ថៃ​បច្ចុប្បន្ននេះ​គ្រប់គ្រង​ភាគហ៊ុន​ ៥១,០៣ ​ភាគរយ​ក្នុង​អាកាសចរណ៍​នេះ ប៉ុន្តែ​បើ​ការគ្រប់គ្រង​ហ៊ុន​ត្រូវ​បាន​កាត់​ដល់​ក្រោម​ ៥០ ​ភាគរយ នោះ​អាកាសចរណ៍​នេះ​លែង​ជា​សហគ្រាស​រដ្ឋ​ទៀតហើយ​។

លោក Nares បាន​និយាយថា លោក​ព្រួយបារម្ភ​ថា​រឿងនេះ​អាច​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​កិត្តិសព្ទ​ក្រុមហ៊ុន និង​បង្កើន​តម្លៃ​នៃ​ការខ្ចី​បំណុល​នៅ​ថ្ងៃ​អនាគត​។

មន្ត្រី​បាន​និយាយថា នៅពេល​ក្រុមហ៊ុន​នេះ​ក្លាយ​ជា​សហគ្រាស​ឯកជន វា​នឹងមាន​មធ្យោបាយ​ងាយស្រួល​ដើម្បី​កែសម្រួល​ដោយ​ការ​កាត់​បុគ្គលិក​មិន​ចាំបាច់​ទម្លាក់​ប្រាក់ខែ ព្រម​ជាមួយ​ការលុបចោល​អត្ថប្រយោជន៍​ដែល​ផ្តល់​ដល់​ក្រុម​អ្នកមាន​ក្នុងប្រទេស និង​ការគ្រប់គ្រង​តម្លៃ​របស់ខ្លួន​មាន​ប្រសិទ្ធភាព​។

សេចក្តី​រាយការណ៍​ព័ត៌មាន​ថ្មីៗ​នេះ​បាន​ស្នើថា ក្រសួង​ហិរញ្ញវត្ថុ​ប្រហែល​លក់​ភាគហ៊ុន​ខ្លះទៅ​ឲ្យ​មូលនិធិ Vayupak ដែលជា​អង្គភាព​វិនិយោគ​លើ​វិស័យ​រថយន្ត ដែល​បង្កើតឡើង​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​ដែល​នឹង​បន្ថែម​ទឹកប្រាក់​ថ្មីៗ​ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​៕ The Nation/ RR