ភ្នំពេញៈ អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Cambodia Airports (SCA) ​និង​ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ​នឹងធ្វើ​ការងារ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​គម្រោង​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី​នៅ​ខេត្តកណ្ដាល​។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នក​នាំពាក្យ​របស់ SSCA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​ជាមួយ​តំណាង​មកពី​ក្រុមហ៊ុន Vinci Airports ដែលជា​ក្រុមហ៊ុនមេ​របស់ Cambodia Airports និង​​ក្រុមហ៊ុន OCIC លើ​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ភ្នំពេញ​។

លោក​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Cambodia Airports និង​ក្រុមហ៊ុន OCIC នឹង​តម្រូវ​ឲ្យ​ធ្វើ​សេចក្តីព្រាង​​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​កិច្ចសហប្រតិបត្តិការ​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី ដែល​ត្រួតពិនិត្យ​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​ចង់​ឲ្យ​ក្រុមហ៊ុន​ទាំង​ ២ ​សហការ​គ្នា​លើ​គម្រោង​នេះ​បើ​មិន​ដូច្នេះ​ទេវា​នឹង​​ប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​ប្រទេស​បារាំង ដែល​ទទួល​បាន​សម្បទាន​រយៈពេល​ ២៥ ​ឆ្នាំ​ក្នុងការ​អភិវឌ្ឍ​ព្រលានយន្តហោះ​នៅ​កម្ពុជា​»​។ លោក​ សិរីវុត្ថា ​ឲ្យ​ដឹងថា​៖ «​កិច្ចព្រមព្រៀង​នេះ​គ្រោង​នឹង​ធ្វើ​មុន​ថ្ងៃទី​ ១៣ ខែ​កុម្ភៈ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម ក្រុមហ៊ុន OCIC មាន​សមត្ថភាព​ធនធានមនុស្ស ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​គ្រប់គ្រាន់​សម្រាប់​គម្រោង​ព្រលានយន្តហោះ​ថ្មី​នេះ​»​។

លោក ខែក នរិន្ទដា នាយក​ទំនាក់ទំនង និង​ទំនាក់ទំនង​សាធារណៈ​នៅ​ក្រុមហ៊ុន Cambodia Airports បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​យើង​បានបង្ហាញ​ដល់​អាជ្ញាធរ​កម្ពុជា​នូវ​ការប្ដេជ្ញាចិត្ត​ដ៏រឹងមាំ​របស់​យើង​ក្នុង​ការបន្ត​បំពេញ​បេសកកម្ម​នេះ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​យើង​កាលពី​ឆ្នាំ​ ១៩៩៥​។ អមជាមួយ​រដ្ឋាភិបាល​ក្នុង​ការរចនា ការអភិវឌ្ឍ ការផ្ដល់​ហិរញ្ញប្បទាន និង​ការគ្រប់គ្រង​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ពិសេស​គម្រោង​ព្រលានយន្តហោះ​ភ្នំពេញ​ជា​ផ្នែក​ដ៏ពេញលេញ​នៃ​បេសកកម្ម​ទាំងនោះ​»​។

លោក​បន្តថា​៖ «​អាស្រ័យ​ហេតុនេះ​ក្រុមហ៊ុន Cambodia Airports នៅតែ​មាន និង​ប្ដេជ្ញាចិត្ត​ចំពោះ​ការសន្ទនា​ប្រកប​ដោយ​ផែ្លផ្កា​លើ​គម្រោង​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​ស្ថិតក្រោម​ការណែនាំ​របស់​រដ្ឋាភិបាល​កម្ពុជា និង SSCA»​។

ក្រុមហ៊ុន Cambodia Airports ឬ Société Concessionnaire de l’Aéroport (SCA) ជាការ​វិនិយោគ​រួមមួយ​រវាង​ក្រុមហ៊ុន Vinci Airports និង​ក្រុមហ៊ុន Muhibbah Masteron Cambodia​។ ក្រុមហ៊ុន SCA ទទួលបាន​សិទ្ធិ​គ្រប់គ្រង និង​អភិវឌ្ឍ​ព្រលានយន្តហោះ​អន្តរជាតិ​ ៣ ​របស់​ប្រទេស​ កម្ពុជា គឺ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA) ​បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​ថា ទាំង​ក្រុមហ៊ុន Vinci Airports និង​ក្រុមហ៊ុន OCIC មាន​ភាពរីករាយ​ក្នុង​ការធ្វើ​ការងារ​ជាមួយ​គ្នា​លើ​គម្រោង​នេះ​»​។ លោក​បានលើក​ឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​អាកាសចរណ៍​ស៊ីវិល​ថា​៖ «​ក្នុងករណី​ចាំបាច់​ផ្នែក​បច្ចេកទេស ភាគី​ទាំង​ ២ ​នឹង​ផ្ដល់​ជំនាញការ​ពិគ្រោះ​យោបល់​ស្ថិតក្រោម​ការសម្របសម្រួល​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​»​។

ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ជា​ព្រលានយន្តហោះ​ថ្នាក់​ 4F ស្ថិត​លើ​ផ្ទៃដី ២ ៦០០ ​ហិកតា ​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល​ដែល​នឹងត្រូវ​វិនិយោគ​ទឹកប្រាក់​ ១,៥ ​ពាន់​លាន​ដុល្លារ​។

ក្នុង​ចំណោម​នោះ​ទឹកប្រាក់ ១,១ ​ពាន់​លាន​ដុល្លារ​ នឹង​បាន​មកពី​កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ​ក្រៅ​ប្រទេស ខណៈ​ ២៨០ ​លាន​ដុល្លារ​នឹង​ត្រូវ​បាន​រួមចំណែក​ដោយ​ក្រុមហ៊ុន OCIC​។ ​ដោយឡែក​វា​នៅ​មិន​ច្បាស់​ថា តើ​ទឹកប្រាក់​នៅសល់​ ១២០ ​លាន​ដុល្លារ​នឹង​បាន​មកពី​ប្រភព​ណា​នោះទេ​ដែល​នឹងត្រូវ​ប្រើប្រាស់​ជា​ទុន​ចុះបញ្ជី​នេះ​។

ក្រុមហ៊ុន OCIC នឹង​គ្រប់គ្រង​ភាគហ៊ុន​ ៩០ ​ភាគរយ​ ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ផ្សេងទៀត​លើ​គម្រោង​នេះ ខណៈ​នៅ​សល់​ ១០ ​ភាគរយ​ជា​កម្មសិទ្ធិ​របស់ SSCA​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ​លោក តឹក រ៉េតសំរេច រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​កាលពី​ឆ្នាំ​ ២០១៧៕LA