ការសិក្សាថ្មីមួយបានបង្ហាញថា ការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍មិនគ្រប់គ្រាន់នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ដែលផលប៉ះពាល់នេះមានទំហំស្ទើរតែស្មើនឹងពាក់កណ្ដាលសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមកាសែត New York Times កាលពីថ្ងៃទី ២៣ ខែមករា កន្លងទៅ។
នៅក្នុងការសិក្សាចេញដោយសភាពាណិជ្ជកម្មអន្តរជាតិដែលគ្រោងចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញឱ្យឃើញពីផលប៉ះពាល់ និងសេណារីយោធ្ងន់ធ្ងរបំផុត ដែលអាចកើតមានឡើងនៅពេលដែលប្រទេសអភិវឌ្ឍន៍អាចទទួលបានចាក់វ៉ាក់សាំងពេញលេញនៅពាក់កណ្តាលឆ្នាំនេះ ខណៈប្រទេសក្រីក្រភាគច្រើនមិនទាន់ទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយ។
ការសិក្សានេះបានសន្និដ្ឋានថា សេដ្ឋកិច្ចពិភពលោកនឹងទទួលរងការខាតបង់លើសពី ៩ ពាន់លានដុល្លារ ដែលលទ្ធផលនេះមានទំហំធំជាងផលបូកទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ជប៉ុន និងអាល្លឺម៉ង់ទៀតផង។ បន្ថែមពីនេះជិតពាក់កណ្តាលនៃទំហំនេះអាចនឹងជាទំហំខាតបង់ពីប្រទេសអ្នកមានដែលរួមមាន ដូចជាសហរដ្ឋអាមេរិកកាណាដា និងអង់គ្លេសជាដើម។
នៅក្នុងសេណារីយោមួយទៀតអ្នកស្រាវជ្រាវភាគច្រើនបានប្រមាណថា ប្រសិនបើប្រជាជនជាងពាក់កណ្តាលប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានចាក់វ៉ាក់សាំងនៅចុងឆ្នាំនេះសេដ្ឋកិច្ចពិភពលោកនៅតែទទួលរងផលប៉ះពាល់ប្រមាណពី ១,៨ ពាន់លានដុល្លារ ទៅ ៣,៨ ពាន់លានដុល្លារ។ ដូចគ្នានេះដែរ ពាក់កណ្ដាលនៃចំនួនដែលខាតបង់នេះ គឺជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍន៍ធំៗទាំង ៣ ខាងលើ។
ប្រភពដដែលបានឱ្យដឹងថា ការចែកចាយវ៉ាក់សាំងដោយស្មើភាពគ្នា គឺប្រៀបដូចជាការចែកផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗជាពិសេសប្រទេសដែលពឹងផ្អែក លើពាណិជ្ជកម្មជាធំ។ យ៉ាងណាមិញក៏មានការរិះគន់មួយចំនួនដែលថា ការចែកចាយចាក់វ៉ាក់សាំងដល់ប្រទេសក្រីក្រគ្រាន់តែជាទម្រង់នៃសប្បុរសធម៌ប៉ុណ្ណោះ។
អ្នកស្រី SelvaDemiralp សេដ្ឋវិទូនៅសាកលវិទ្យាល័យ Koc ក្នុងទីក្រុងអ៊ីស្តង់ប៊ុល បាននិយាយថា៖ «ច្បាស់ណាស់សេដ្ឋកិច្ចទាំងអស់ត្រូវតែមានទំនាក់ទំនងគ្នា។ គ្មានសេដ្ឋកិច្ចណាមួយអាចនឹងស្តារឡើងវិញពេញលេញទេដរាបណាសេដ្ឋកិច្ចផ្សេងទៀត មិនទាន់បានស្តារឡើងវិញស្រួលបួល»។
អ្នកស្រី Demiralp បានធ្វើកត់សម្គាល់ថា គំនិតផ្តួចផ្តើមសប្បុរសធម៌ពិភពលោក ឬត្រូវបានគេស្គាល់ថា ការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក (ACT Accelerator) បង្កើតឡើងក្នុងគោលបំណងផ្តល់ធនធានដល់ប្រទេសកំពុងអភិវឌ្ឍន៍ផងនោះ បានធានានូវការផ្គត់ផ្គង់តិចជាង ១១ ពាន់លានដុល្លារ ខណៈចំនួនគោលដៅដើម គឺ ៣៨ ពាន់លានដុល្លារ។
ការសិក្សាបានបង្ហាញទៀតថា ទឹកប្រាក់ ២៧ ពាន់លានដុល្លារ ដែលខ្វះខាតមើលទៅហាក់ដូចជាចំនួនច្រើនសម្បើម ប៉ុន្តែបើធៀបទៅនឹងផលប៉ះពាល់លើសេដ្ឋកិច្ចដែលបណ្ដោយឱ្យជំងឺនេះនៅបន្តនៅមានចំនួនតិចជាងឆ្ងាយណាស់។
ប្រសិនបើប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅតែមិនមានការងារធ្វើ ដោយសារតែការដាក់ប្រទេសគ្រាអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺពួកគេនឹងមានលុយតិចក្នុងការចំណាយបង្កឱ្យមានកាត់បន្ថយការលក់សម្រាប់ អ្នកនាំចេញនៅអាមេរិកខាងជើងអឺរ៉ុប និងអាស៊ីបូព៌ា។
ក្រុមហ៊ុនពហុជាតិនៅក្នុងប្រទេសជឿនលឿនក៏នឹងត្រូវទទួលរងការលំបាកវេទនាដោយសារមិនទទួលបានវត្ថុធាតុដើមរួមមាន គ្រឿងបន្លាស់សមាសធាតុ និងទំនិញដែលត្រូវការផ្សេងៗដែលទទួលយកមកពីប្រទេសកំពុងអភិវឌ្ឍន៍។
ការសិក្សាបានរកឃើញថា ការរីករាលដាលនៃជំងឺនេះ នៅតាមបណ្តាប្រទេសក្រីក្រទំនងជាផ្ដល់ផលអាក្រក់បំផុតសម្រាប់ ឧស្សាហកម្មជាពិសេសប្រទេសពឹងផ្អែកលើប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមនៅជុំវិញពិភពលោកក្នុងនោះរួមមានរថយន្តវាយនភណ្ឌសំណង់ និងលក់រាយដែលការលក់អាចធ្លាក់ចុះជាង ៥ ភាគរយ។
គួរបញ្ជាក់ផងដែរថា ពាណិជ្ជកម្មអន្តរជាតិភាគច្រើនដែលពាក់ព័ន្ធនឹងទំនិញដែលជាវត្ថុធាតុដើមទាំងអស់នោះ ក៏មិនបានបញ្ចប់ការផលិតរបស់ខ្លួនដូចគ្នាហើយក្នុងចំណោមទំនិញដែលមានតម្លៃ ១៨ ពាន់លានដុល្លារ ដែលត្រូវបានជួញដូរកាលពីឆ្នាំមុន ឬហៅថាទំនិញមធ្យមមានចំនួនដល់ទៅ ១១ ពាន់លានដុល្លារ៕