មេដឹកនាំកូរ៉េខាងត្បូងជប៉ុន និងសហរដ្ឋអាមេរិក គឺកំពុងគ្រោងធ្វើការជួបប្រជុំត្រីភាគីក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលក្រុមប្រទេស ៧ (G7) នៅខែមិថុនាខាងមុខនេះដោយគេរំពឹងថា ពួកគេនឹងពិភាក្សាកិច្ចសហប្រតិបត្តិការ ជុំវិញការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង និងការកើនឡើងឥទ្ធិពលរបស់ចិន។ នេះបើតាមសារព័ត៌មានជប៉ុន Kyodo News។
កាលពីថ្ងៃសៅរ៍ Kyodo News បានរាយការណ៍ថា ប្រភពរដ្ឋាភិបាលជប៉ុនម្នាក់ បាននិយាយថាសហរដ្ឋអាមេរិកមានភាពវិជ្ជមានចំពោះកិច្ចប្រជុំនេះព្រោះគ្មានហេតុផលដើម្បីបដិសេធទេហើយការសម្របសម្រួលគឺកំពុងដំណើរការ។មន្ត្រីកូរ៉េខាងត្បូងម្នាក់បាននិយាយថា ក្រុងសេអ៊ូលមានបំណងធ្វើកិច្ចប្រជុំនេះស្របពេលនឹងកិច្ចប្រជុំ G7។
នេះជាលើកទី១ ដែលប្រទេសទាំង ៣ បានធ្វើកិច្ចប្រជុំត្រីភាគីចាប់តាំងពីឆ្នាំ ២០១៧ ដែលកាលនោះប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានធ្វើកិច្ចប្រជុំជាមួយប្រធានាធិបតី Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ។ប្រភពខាងលើក៏ បាននិយាយថា ពួកគេ គឺកំពុងសិក្សារៀបចំកិច្ចប្រជុំមួយផ្សេងទៀតរវាងលោក Moon Jae-in និងនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga។
យ៉ាងណាមិញ កិច្ចប្រជុំកំពូល G7 ត្រូវបានគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១១ ដល់ទី ១៣ មិថុនានៅទីក្រុង Cornwall ចក្រភពអង់គ្លេស ហើយនឹងមានការចូលរួមពីសមាជិកជប៉ុន សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុប បូករួមនឹងភ្ញៀវរបស់ម្ចាស់ផ្ទះដូចជាកូរ៉េខាងត្បូងជាដើម៕