ក្រុងប៉ារីស៖ ដោយមិនមានការរង្គោះរង្គើដោយសារការតវ៉ានៅក្នុងសង្គមជិត ៣ សប្តាហ៍នេះ រដ្ឋាភិបាលបារាំងនៅតែមានបំណងចង់ដាក់បញ្ចូលក្នុងប្រព័ន្ធប្រាក់សោធននិវត្តន៍៍ ៤៣ គម្រោងចូលទៅក្នុងអ្វីដែលខ្លួននិយាយថា ប្រព័ន្ធតែមួយបានផ្អែកលើភាពត្រឹមត្រូវ និងតម្លាភាពក្រោយពីមានការចរចាជាមួយក្រុមតំណាងសហជីព ដើម្បីបន្ថយកំហឹងរបស់ក្រុមអ្នកតវ៉ា។
លោកនាយករដ្ឋមន្ត្រី អ៊ីដូអារ៍ដ ហ្វីលីប បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងបញ្ចេញយោបល់យ៉ាងច្បាស់អំពីការព្រួយបារម្ភ និងអាទិភាពរបស់យើង។ យើងបានស្តាប់យោបល់គ្នាទៅវិញទៅមក។ វាគឺជាការពិតណាស់ ជានិច្ចកាលយើងបានឯកភាពគ្នា ប៉ុន្តែយើងអាចនៅតែពិភាក្សាជាមួយគ្នាបាន ដើម្បីស្វែងរកដំណោះស្រាយ»។
លោកបានបន្ថែមក្រោយពីលោកបានជួបជាមួយក្រុមសហជីពពាណិជ្ជកម្មកាលពីថ្ងៃចន្ទថា៖ «ដូច្នេះហើយវាមានសារៈសំខាន់ ដែលការចរចាសង្គម បានបន្តធ្វើឡើងនៅខែមករាខាងមុខនេះ»។
ដោយមានគោលបំណងចរចា លោក ហ្វីលីប បានប្តេជ្ញាចិត្តពិភាក្សាឡើងវិញ ជាមួយក្រុមសហជីពស្តីពីកំណែទម្រង់ប្រាក់សោធននិវត្តន៍នៅថ្ងៃទី ៧ ខែមករា ហើយកិច្ចពិភាក្សាដាច់ដោយឡែក នឹងត្រូវបានរៀបចំធ្វើឡើងជាមួយក្រុមគ្រូបង្រៀន និងក្រុមសហជីពរបស់បុគ្គលិកគ្រូពេទ្យ ចាប់ពីថ្ងៃទី ១៣ ខែមករា។
លោក ឡូរ៉ែន ភីត្រាស់ហ្សីវស្គី ជាមន្ត្រីទទួលបន្ទុកផ្នែកប្រាក់សោធននិវត្តន៍បានថ្លែងថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួលបញ្ហានេះជូនដល់ពួកគេ។
លោកបានថ្លែងប្រាប់ទូរទស្សន៍ BFMTV កាលពីថ្ងៃអង្គារថា៖ «រដ្ឋាភិបាលកំពុងធ្វើសំណើនៅពេលយើងធានាតម្រូវឲ្យពួកគេទទួលបានសិទ្ធិគ្រប់គ្រាន់ នៅពេលយើងបាននិយាយយ៉ាងច្បាស់ថា ប្រព័ន្ធប្រាក់សោធននិវត្តន៍អ្វីក៏ដោយ អ្នកដែលចូលនិវត្តន៍រយៈពេល ១៧ ឆ្នាំនោះ នឹងមិនត្រូវបានប៉ះពាល់ជាដាច់ខាត ហើយយើងអាចមានលទ្ធភាពបន្ធូរបន្ថយឲ្យបាន»។
ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក ហ្វីលីប ម៉ារទីន មេដឹកនាំសម្ព័ន្ធសហជីពកម្មករសកល CGT ថ្លែងថា៖ «សម្រាប់ពេលបច្ចុប្បន្ន គ្មានអ្វីផ្លាស់ប្តូរនោះទេ»៕ Xinhua/SK