យោងតាមអ្នកអង្កេតការណ៍តារាសាស្ត្រជាតិប្រទេសចិន (NAO) ចានតេឡេស្កូបវិទ្យុធំជាងគេបំផុតនៅលើពិភពលោកមានឈ្មោះថា Aperture Spherical Telescope (FAST) ដែលមានអង្កត់ផ្ចិត ៥០០ ម៉ែត្រ នឹងបើកឱ្យអ្នកវិទ្យាសាស្ត្រអន្តរជាតិដាក់សំណើរគម្រោងរបស់ខ្លួនជាផ្លូវការ ចាប់ពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២០ នេះតទៅ។ ចានតេឡេស្កូបយក្សនេះ អាចប្រើប្រាស់ក្នុងន័យស្រាវជា្រវលើគម្រោងធំៗ ដែលរួមមានទាំងការសិក្សាស្រាវជ្រាវពីមនុស្សភពផ្សេងផងដែរ។
ចានតេឡេស្កូប FAST មានទីតាំងស្ថិតនៅក្នុងទីក្រុង Pingtangខេត្ត Guizhou ភាគនិរតីប្រទេសចិន បញ្ចប់ការសាងសង់កាលពីឆ្នាំ ២០១៦ និងបានចាប់ផ្តើមប្រតិបត្តិការពេញលេញរបស់ខ្លួនក្នុងខែមករា ឆ្នាំ ២០២០។
គេរំពឹងថាតម្រូវការប្រើប្រាស់នឹងកើនឡើងខ្លាំង ក្រុមអ្នកជំនាញត្រួតពិនិត្យសំណើ នឹងជ្រើសរើសបេក្ខជនដែលមានសក្តានុពលបំផុត ដើម្បីដាក់ឱ្យប្រើប្រាស់បានមុន។ លោក Jiang Peng ប្រធានវិស្វករតេឡេស្កូបបាននិយាយថាអ្នកវិទ្យាសាស្ត្របរទេសមួយចំនួន អាចនឹងចាប់ផ្តើមប្រើប្រាស់ចានតេឡេស្កូបនេះ បាននៅត្រឹមខែសីហា ខាងមុខ។
គួរបញ្ចាក់ផងដែរថា បច្ចុប្បន្នប្រទេសចិនគឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលដាក់ដំណើរការចានតេឡេស្កូបយក្សបន្ទាប់ពីតេឡេស្កូបយក្សឈ្មោះ Arecibo នៅព័រតូរីកូ ដែលបានដួលរលំកាលពីចុងឆ្នាំមុនដោយសារខ្យល់ព្យុះនិងកង្វះថែរក្សាឱ្យបានត្រឹមត្រូវ៕